ចិន៖ ទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយឲ្យដឹងថា កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមវេជ្ជបណ្ឌិតនៅប្រទេសចិន បានធ្វើការវះកាត់យកដុំក្រួសជាង ២០០ដុំ ចេញពីរាងកាយរបស់ស្រ្តីម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើអ៊ីនធើណែត។

បើយោងតាមប្រភព អះអាងពីសំណាក់ក្រុមគ្រូពេទ្យ បានឲ្យដឹង ដុំក្រួសទាំងអស់នោះ ត្រូវបានរកឃើញមាន នៅក្នុងថង់ទឹកប្រមាត់ និងថ្លើមរបស់ស្រ្តីរងគ្រោះដែលមានឈ្មោះថា Chen អាយុ៤៥ឆ្នាំ។ ការរកឃើញនេះ ត្រូវបានក្រុមអ្នកវេជ្ជបណ្ឌិត ជឿជាក់ថា អាចបណ្តាលមកពីស្រ្តីរងគ្រោះខាងលើ មិនទទួលទានអាហារពេលព្រឹក ឲ្យបានទៀងទាត់ជាទម្លាប់ អស់រយៈពេលជាង១ទសវត្សរ៍ (ជាង១០ឆ្នាំ) ទើបបង្កទៅបញ្ហាយ៉ាងដូច្នេះ។

ក្នុងចំណោមដុំក្រួសដែលត្រូវបានវះកាត់យកចេញ ក្នុងនោះដុំក្រួសមួយចំនួនខ្លះ មានទំហំធំប៉ុនស៊ុត ដែលប្រតិបត្តិការក្នុងវះកាត់នេះដែរ ត្រូវបានធ្វើឡើងកាលពីសៅរ៍ ទី១៥ ខែកក្កដា សប្តាហ៍កន្លងទៅនេះ ដោយចំណាយរយៈយូររហូតដល់ទៅ ៦ម៉ោងកន្លះបញ្ចប់ដោយជោគជ័យ។ នេះបើយោងតាមការឲ្យដឹង ពីខាងមន្ទីរពេទ្យ Guangji Hospital ក្នុងទីក្រុង Hezhou ប្រទេសចិន បានលើកឡើង។

ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Guangji ខាងលើ បានឲ្យដឹងបន្ថែម ទាក់ទងទៅនឹងអ្នកជំងឺខាងលើនេះទៀតថា អ្នកស្រី Chen តែងតែញ៉ាំអាហារមិនទៀងទាត់ពេលវេលា ហើយអ្វីដែលពិសេស និងគួរឲ្យព្រួយបារម្ភជាងនេះទៅទៀតនោះ គឺគាត់ចូលចិត្តទទួលទានអាហារសំណល់ ឬខូចគុណភាព ដែលជាកត្តាមួយធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។

ជាក់ស្តែង បើតាមការឲ្យដឹងពីសំណាក់ អ្នកស្រី Chen ផ្ទាល់ រូបគាត់ក៏បានលើកឡើងដែរថា គាត់បានចាប់ផ្តើមមានអាការឈឺចុកចាប់ក្នុងពោះនេះ អស់រយៈជាង១០ឆ្នាំមកហើយ ហើយគាត់ក៏ធ្លាប់ទៅធ្វើការពិនិត្យ នឹងរកឃើញពីជំងឺនេះផងដែរ ខណៈខាងក្រុមគ្រូពេទ្យ ក៏បានផ្តល់ជាដំបូន្មានឲ្យរូបគាត់ ធ្វើការវះកាត់ ប៉ុន្តែអ្នកស្រី Chen បានបដិសេធមិនយល់ព្រម ដោយសារតែអ្នកស្រីមានការភ័យខ្លាចខ្លាំង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ស្ថានភាពជំងឺមួយនេះ កាន់តែធ្ងន់ធ្ងរនិងគំរាមកំហែងដល់សុខភាពរបស់អ្នកស្រីកាន់តែខ្លាំងឡើង រហូតទីបំផុតរូបគាត់ក៏បានសម្រេចចិត្តធ្វើការវះកាត់នេះតែម្តង ៕  

ដុំក្រួសដែលត្រូវបានវះកាត់យកចេញពីក្នុងថង់ទឹកប្រមាត់ និងថ្លើមរបស់ស្រ្តីរងគ្រោះ
ដុំក្រួសដែលត្រូវបានវះកាត់យកចេញពីក្នុងថង់ទឹកប្រមាត់ និងថ្លើមរបស់ស្រ្តីរងគ្រោះ
ក្នុងចំណោមដុំក្រួសដែលត្រូវបានវះកាត់យកចេញ ក្នុងនោះដុំក្រួសមួយចំនួនខ្លះ មានទំហំធំប៉ុនស៊ុត
ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Guangji ខាងលើ បានឲ្យដឹងបន្ថែម ទាក់ទងទៅនឹងអ្នកជំងឺខាងលើនេះទៀតថា អ្នកស្រី Chen តែងតែញ៉ាំអាហារមិនទៀងទាត់ពេលវេលា
អ្វីដែលពិសេស និងគួរឲ្យព្រួយបារម្ភជាងនេះទៅទៀតនោះ គឺគាត់ចូលចិត្តទទួលទានអាហារសំណល់ ឬខូចគុណភាព ដែលជាកត្តាមួយធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]