** ប្រលោមលោកខ្មែរឡូត **

ជាក្មេងប្រុសដែលកើតមកក្នុងគ្រួសារដែលមិនសូវធូរធារធ្វើឱ្យជីវិតខ្ញុំខុសប្លែកពីមនុស្សដទៃ។ អ្វីៗត្រូវរ៉ាប់រង និងមានទំនួលខុសត្រូវដោយខ្លួនឯងតាំងពីតូច។ ព្រោះតែឃើញជីវភាពគ្រួសារមិនសូវល្អ ពុកម៉ែក៏លំបាក និងនឿយហត់ខ្លាំងក្នុងការចិញ្ចឹមបីបាច់កូនៗធ្វើឱ្យខ្ញុំសច្ចាចំពោះខ្លួនឯងថា នៅថ្ងៃមុខខ្ញុំនឹងកែប្រែជីវភាពរបស់ខ្លួនឯងឱ្យល្អជាងមុខ។ ម៉ែពុកធ្លាប់ប្រាប់ថា « កូនអើយ យើងជាអ្នកក្រ យើងគ្មានប្រាក់ច្រើនឯណាដូចកូនគេអ្នកមានទេ ពុកម៉ែមានតែចំណេះវិជ្ជាផ្តល់ឱ្យកូន ចូរកូនប្រឹងប្រែងដោយខ្លួនឯងដើម្បីទៅថ្ងៃអនាគតមានជីវភាពដ៏ល្អជាងពុកម៉ែនៅពលនេះ » ។ គ្រប់ការទូន្មាន គ្រប់ការប្រដៅល្អៗរបស់ពុកម៉ែ ជាអ្វីដែលខ្ញុំតែងតែចងចាំទុកក្នុងចិត្តជានិច្ច និងមិនដែលបំភ្លេចម្តងណាឡើយ។

អ្វីៗបានកន្លងហួសច្រើនឆ្នាំមកហើយ ហើយអ្វីដែលខ្ញុំបានសន្យាចំពោះខ្លួនឯងក៏កំពុងតែដំណើរការតាមការគ្រោងទុក។ បន្ទាប់ពីបានរៀនចប់បរិញ្ញាបត្រដោយមិនបានបង់ប្រាក់ព្រោះតែជាប់អាហារូបករណ៍សិស្សពូកែ ខ្ញុំបានការងារល្អនៅក្នុងក្រុមហ៊ុនធំមួយ។ ការចាប់ផ្តើមទោះជាមិនសូវល្អ តែនេះជាជំហានដំបូងដែលខ្ញុំត្រូវតែប្រឹងប្រែងបន្ថែម។ ភាពជោគជ័យតែងតែរត់ទៅរកអ្នកតស៊ូព្យាយាម គ្មានម្រឹគ្គឯណាបោលចូលមាត់ខ្លាដោយខ្លួនឯងទេ បើយើងមិនប្រឹង បើយើងមិនចាប់ឱកាសពីរឿងតូចតាចមកមុនទេ នោះការងារធំដុំពេលក្រោយក៏មិនអាចរត់មករកយើងបានដែរ។

ព្រោះតែចង់សាងគុណសម្បត្តិជាច្រើនក្នុងការងារខ្ញុំពិតជាប្រឹងប្រែងខ្លាំងមែនទែន ខ្ញុំមិនអាចនៅស្ងៀម ខ្ញុំមិនអាចខ្ជិលច្រអូស ខ្ញុំមិនអាចដើរដូចអ្នកឯទៀតទេ ខ្ញុំត្រូវតែប្រឹងរត់ ដើម្បីដេញចាប់ភាពជោគជ័យឱ្យទាល់តែបាន។ ការតស៊ូប៉ុន្មានឆ្នាំរបស់ខ្ញុំបានប្រែក្លាយទៅជាភាពជោគជ័យដ៏ធំធេងនៅថ្ងៃនេះ ពីបុគ្គលិកធម្មតា ឡើងតំណែងជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ ពុកម៉ែបងប្អូននៅស្រុកក៏មានជីវភាពល្អ លែងលំបាកដូចមុន ប្អូនៗក៏បានរៀនសូត្រខ្ពង់ខ្ពស់គ្រប់ៗគ្នា ការងារក៏កាន់តែរលូន និងកាន់តែបានទទួលការទុកចិត្តពីសំណាក់ចៅហ្វាយនាយ។

ប៉ុន្តែ...ខ្ញុំស្រាប់តែនឹកឃើញថា ខ្ញុំក្លាយទៅជាមនុស្សឯកាម្នាក់ទៅហើយ។ ភ្លេចៗខ្លួន ខ្ញុំក៏លែងចាំថាតើខ្ញុំលែងមានមិត្តភក្តិតាំងពីពេលណា? ខ្ញុំធ្លាប់មានមិត្តភក្តិប៉ុន្មាននាក់? ចុះមនុស្សជាទីស្រលាញ់របស់ខ្ញុំនៅឯណា? អាយុជិត ៤០ ឆ្នាំហើយតែជីវិតកាន់តែឯកាទៅៗ ក្រោកពីគេងធ្វើការ ធ្វើការរួចក៏មកផ្ទះវិញ។ ការរ៉ាប់រងក្នុងការងារក៏កាន់តែធ្ងន់ទៅ ពេលវេលាសម្រាប់ខ្លួនឯងនិងគ្រួសារក៏កាន់តែហោចទៅទៀត។ ពេលនេះអ្វីៗបានល្អប្រសើរហើយ នៅឡើយតែជីវិតបែរមានអារម្មណ៍ថាដូចជានៅខ្វះខាតអ្វីម្យ៉ាង។ ពុកម៉ែបានឃើញពីភាពនឿយហត់ និងជីវិតដែលរវល់គ្មានពេលសម្រាករបស់ខ្ញុំ ពួកគាត់បារម្ភចង់ឱ្យខ្ញុំឈប់ ប៉ុន្តែរត់ដល់ដំណាក់កាលនេះទៅហើយ ខ្ញុំមិនអាចថយក្រោយ ខ្ញុំមិនអាចឈប់ជាដាច់ខាត។ បើខ្ញុំបញ្ឃប់អ្វីៗដែលប្រឹងប្រែងពីមុនប្រាកដជាអសារបង់គ្រប់យ៉ាង។ ទោះជាឯកាបន្តិចយ៉ាងណាក៏ដោយ ប៉ុន្តែពេលនេះខ្ញុំក៏សប្បាយចិត្ត ហើយក៏មិនដែលស្តាយក្រោយនូវអ្វីដែលខ្លួន​ឯងបានធ្វើ និងកំពុងតែធ្វើនោះដែរ ព្រោះអ្វីៗដែលខ្ញុំប៉ងនៅពេលមុន និងបំណងដែលឱ្យពុកម៉ែស្រណុកក៏បានសម្រេច។ 

អនាគតរបស់ខ្ញុំលែងសំខាន់ហើយ វាជារឿងវែងឆ្ងាយទៅមុខទៀត អ្វីដែលសំខាន់ពេលនេះគឺគ្រួសារ ពុកម៉ែ បងប្អូនរបស់ខ្ញុំរស់នៅបានស្រួល។ ទោះជាលះបង់ ទោះជាលំបាកមួយជីវិតក៏ខ្ញុំសប្បាយចិត្តដែរ។​ ការងារជាជីវិតរបស់ខ្ញុំ ព្រោះតែការងារនេះហើយទើបធ្វើឱ្យគ្រួសាររបស់ខ្ញុំមានសេចក្តីសុខបានរហូតមកដល់ពេលនេះ។៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]