(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់លោកឧកញ៉ា គិត ម៉េង បាននិងកំពុងសាងសង់ផ្លូវរថភ្លើងមួយខ្សែ សម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្រុមអ្នកព័ត៌មាននាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះថា ផ្លូវរថភ្លើងសម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងនៅក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នេះ គ្រោងនឹងបញ្ចប់ការសាងសង់នាអំឡុងខែមេសា ឆ្នាំ២០១៨។

បើតាមលោក ស៊ុន ចាន់ថុល ការសាងសង់ផ្លូវរថភ្លើងមួយខ្សែនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិក្នុងការចេញចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលកំពុងជួបបញ្ហាកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន។

លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «គំនិតផ្តួចផ្តើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការគាំទ្រពីសំ ណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺឲ្យមានការតភ្ជាប់ផ្លូវរទេះភ្លើងពីស្ថានីយក្នុងរាជធានីភ្នំពេញ មកព្រលានយន្តហោះរបស់យើង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ អ្នកធ្វើដំណើរខ្លះមកព្រលានយន្តហោះមិនទាន់ ដោយសារកកស្ទះចរាចរណ៍តាមផ្លូវ ក៏ហួសជើងហោះហើរ។ ដូច្នេះក្រសួងក៏បានធ្វើការសិក្សាជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាមួយព្រលានយន្តហោះ ដើម្បីតភ្ជាប់ផ្លូវរទេះភ្លើងធន់ស្រាលចេញពីព្រលានយន្តហោះមកភ្នំពេញ និងពីភ្នំពេញ ទៅព្រលានយន្តហោះ»

បច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បាននិងកំពុងសាងសង់ផ្លូវដែកតភ្ជាប់ពីផ្លូវដែកដែលមានស្រាប់ស្ថិតនៅខាងក្រោយវត្តតាំងក្រសាំងខាងត្បូង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានប្រវែងប្រមាណ ១គីឡូម៉ែត្រ។

ការសាងសង់ផ្លូវដែកថ្មីនេះសម្រេចបានជាង ២៥០ម៉ែត្រហើយ។ ទន្ទឹមនឹងការសាងសង់ ក៏មានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយខ្សែរថភ្លើងថ្មីផ្ទុះការតវ៉ាមិនឲ្យមានការសាងសង់ផ្លូវនេះឡើយ ព្រោះពួកគាត់ព្រួយបារម្ភប៉ះពាល់ដល់លំនៅដ្ឋាន និងការរស់នៅប្រចាំថ្ងៃ ជាពិសេសកូនតូចៗរបស់ពួកគាត់តែម្តង។

ឆ្លើយតបកង្វល់របស់ប្រជាពលរដ្ឋ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការសាងសង់ផ្លូវដែកនេះ គឺធ្វើឡើងនៅតាមផ្លូវដែលមានស្រាប់ ហើយមិនប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះឡើយ។ លោក ស៊ុន ចាន់ថុល ថែមទាំងបានបន្ថែមថា រថភ្លើងដឹកអ្នកដំណើរធន់ស្រាលនេះ ក៏មិនបង្កសំលេងរំខានដល់ប្រជាពលរដ្ឋនោះឡើយ។

លោកទេសរដ្ឋមន្រ្តី ស្នើឲ្យប្រជាពលរដ្ឋចូលរួមសហការឲ្យគម្រោងមួយទទួលបានជោគជ័យ ដើម្បីផ្តល់ប្រយោជន៍សម្រាប់ជាតិ និងប្រជា ពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា ការដំណើរតាមរថភ្លើងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ឬ ពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវចំណាយពេលប្រមាណ២០ ទៅ ២៥នាទី។

នៅក្នុងរថភ្លើងមានដាក់ម៉ាស៊ីនត្រជាក់ថែមទៀតផង ហើយប្រជាពលរដ្ឋដែលរស់នៅក្បែរព្រលានយន្តហោះ ហើយចង់ឡើងមករាជធានីភ្នំ ពេញ ក៏អាចប្រើប្រាស់រថភ្លើងនេះបានដែរ។ បើតាមលោក ស៊ុន ចាន់ថុល ក្រោយពេលរថភ្លើងដាក់ឲ្យដំណើរការ គឺដាក់ឲ្យប្រជាជិះដោយមិនយកថ្លៃរយៈពេលមួយខែ។

បើទោះបីជាយ៉ាងណា លោក ស៊ុន ចាន់ថុល មិនបង្ហាញពីទំហំទឹកប្រាក់ដែលវិយោគលើគម្រោងខ្សែរថភ្លើងដឹកអ្នកដំណើរនេះឡើយ។ លោកអះអាងថា ការវិនិយោគលើទំហំតិចតួចប៉ុណ្ណោះ ហើយបច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបញ្ជាទិញរថយន្តចំនួន៤រួចហើយពីប្រទេសម៉ិចស៊ីកូ ក្នុងនោះមួយគ្រឿងតម្លៃប្រមាណ ២លានដុល្លារអាមេរិក៕

កម្ពុជានឹងមានរថភ្លើងសម្រាប់ដឹកអ្នកដំណើរពីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅឆ្នាំ២០១៨
ជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់លោកឧកញ៉ា គិត ម៉េង បាននិងកំពុងសាងសង់ផ្លូវរថភ្លើងមួយខ្សែ សម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]