រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឃាត់ខ្លួនយុវជនម្នាក់បញ្ជូនទៅសាលាដំបូង កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ដោយជាប់ចោទពីបទគំរាមទារប្រាក់ចំនួន៥០០ដុល្លារអាមេរិកពីនារីរងគ្រោះ ជាថ្នូរមិនបង្ហោះរូបភាពអាក្រាត ។

យុវជនរូបនេះឈ្មោះ ម៉ម ភក្ត្រា ហៅភ័ក្ត្រ អាយុ២១ឆ្នាំ មានទីលំនៅភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។

ទាក់ទិននឹងការឃាត់ខ្លួនយុវជនម្នាក់នេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា សមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងដោយបានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ពាក្យបណ្តឹងនោះបានឱ្យដឹងថា កាលពីខែមីនា ឆ្នាំ២០១៧ នារីរងគ្រោះបានស្គាល់ឈ្មោះ ម៉មភក្ត្រា តាមរយៈការលេងហ្វេសប៊ុក ហើយក៏បានស្រឡាញ់គ្នាធ្វើជាសង្សារ និងមានការណាត់គ្នាទៅរួមរ័កយ៉ាងល្អូកល្អឺននៅផ្ទះសំណាក់ក្នុងស្រុកកំពង់ត្រាចជាច្រើនលើក ។

ភ្លើងស្នេហ៍ដែលពួកគេបង្កាត់ឡើងតាមចំណង់ត្រេកត្រអាលរបស់ខ្លួននោះ ចុងក្រោយបែរជាតែងតែត្រូវឈ្មោះ ម៉ម ភក្ត្រា គំរាមះឲ្យធ្វើអ្វីដែលគេចង់បាន បើមិនព្រមទេគេនឹងបង្ហោះរូបភាពអាក្រាតកាយ២នាក់ ដែលគេលួចថតនៅពេលរួមរ័កក្នុងផ្ទះសំណាក់ជាមួយគ្នា ។ នៅខែមីនា ឆ្នាំ២០១៧នោះដែរ ឈ្មោះ ម៉ម ភក្ត្រាបានទូស័ព្ទទៅជនរងគ្រោះទារប្រាក់ចំនួន៣០ម៉ឺនរៀល បើមិនឲ្យទេគេនឹងបង្ហោះរូបភាពអាក្រាតនោះ ។

ដោយមិនចង់ឲ្យមានរឿងវែងឆ្ងាយនិងបែកធ្លាយរឿងអាស្រូវនោះ នារីរងគ្រោះសុខចិត្តវេរលុយតាមវីងឲ្យទៅឈ្មោះ ម៉ម ភក្ត្រា ចំនួន២០ម៉ឺនរៀល និងក្រោយមកវេរ១០ម៉ឺនរៀលទៀត។ លុះនៅថ្ងៃមួយឈ្មោះ ម៉ម ភក្ត្រា បានទូរស័ព្ទឲ្យនាងទៅជូបនៅរោងចក្រស៊ីម៉ង់ត៍ខេស៊ីមេន ខេត្តកំពត ដើម្បីសុំបែកផ្លូវគ្នាព្រមទាំងគំរាមនាងថែមទៀតបើសិនជានាងមិនព្រម ។

ចំណែកនារីរងគ្រោះ ក៏វិលត្រឡប់មកភ្នំពេញវិញទាំងក្តីឈឺចាប់បំផុតចំពោះទង្វើរបស់មនុស្សប្រុសម្នាក់មកលើនាង មិនខុសពីពាក្យថា«ប្រាក់ក៏បង់ ថង់ក៏ដាច» ឈឺចាប់ដែលខ្លួនជាមនុស្សស្រីម្នាក់ ខំស្រឡាញ់មនុស្សប្រុសប្តូរផ្តាច់ រហូតប្រគល់ខ្លួនប្រាណលាក់បាំងពីឪពុកម្តាយ និងញាតិមិត្តជិតខាង ដោយគិតថាគេជាមនុស្សប្រុសស្មោះត្រង់ តែទីបំផុតជាផ្លាល្វា ជាប្រុសព្រាន បានប្រាណហើយដោះដៃ មិនតែប៉ុណ្ណោះថែទាំងគំរាមគ្រប់បែបយ៉ាង ។

ជាចុងក្រោយ ឈ្មោះ ម៉ម ភក្ត្រា បានគំរាមទារប្រាក់ពីនាងចំនួន៥០០ដុល្លារអាមេរិកនិងបានកំណត់ត្រឹម៥ថ្ងៃ បើមិនបានប្រាក់ទេ គេមិនលើកលែងទៀតទេ ដាច់ខាតត្រូវតែបង្ហោះរូបភាពវីដេអូអាក្រាតនោះ ។ ពេលត្រូវឈ្មោះ ម៉ម ភក្ត្រា គំរាមច្រើនលើកដូច្នេះ នារីរងគ្រោះក៏ដាច់ចិត្តទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ដើម្បីឲ្យជួយចាត់ការលើប្រុសផ្លែល្វាម្នាក់នេះ ហើយនៅថ្ងៃទី១៥ ខែកក្កដា សមត្ថកិច្ចបានរៀបចំអន្ទាក់ចាំចាប់ជនរូបនេះនៅពេលទៅទទួលយកប្រាក់ ។

តាមចម្លើយរបស់ឈ្មោះ ម៉ម ភក្ត្រា គឺបានសារភាពនៅមុខសមត្ថកិច្ចប្រហាក់ប្រហែលនឹងពាក្យបណ្តឹងរបស់ជនរងគ្រោះដែរ ព្រមទាំងទទួលស្គាល់ការពិតដូចអ្វីដែលខ្លួនបានធ្វើ ។ ប្រភពព័ត៌មានបន្តថា ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យនិងជនរងគ្រោះបានសម្រុះសម្រួលគ្នាព្រមព្រៀងបញ្ចប់វិវាទរឿងអាក្រក់កន្លងមករួចហើយ និងមានសំណងជំងឺចិត្តផងដែរ ។ ប៉ុន្តែជនត្រូវចោទនៅមានជាប់បណ្តឹងអាជ្ញាមួយទៀត ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនឈ្មោះ ម៉ម ភក្ត្រា ទៅតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ដែលសំណុំរឿងនេះស្ថិតនៅក្នុងដៃលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងធ្វើការសាកសួរ។

នៅព្រឹកថ្ងៃទី១៩ កក្កដា លោកចៅក្រមក៏បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយទៅតាមការចោទរបស់តំណាងអយ្យការ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]