** ប្រលោមលោកខ្មែរឡូត **

ស្នេហាជាអ្វីខ្ញុំមិនដឹងទេ គ្រាន់តែខ្ញុំដឹងថាខ្ញុំស្រលាញ់គាត់ ចង់រស់នៅជាមួយគាត់ ហើយវាក៏បានប្រែឱ្យខ្ញុំក្លាយជាមនុស្សអាក្រក់ និងជាមិត្តដែលទុរយសបំផុត។ ខ្ញុំស្អប់ខ្លួនឯង តែខ្ញុំក៏តែងតែលាក់វាមិនដែល ប្រាប់អ្នកណា ហើយខ្ញុំសច្ចាថានឹងឱបអាថ៌កំបាំងមួយនេះរហូតដល់ថ្ងៃស្លាប់។

ចាំថាកាលពីជាង ១០ ឆ្នាំមុន ខ្ញុំមានមិត្តភក្តិល្អ និងជិតស្និទ្ធម្នាក់។ ទៅណាមកណាជាមួយគ្នា ទៅរៀនក៏ជាមួយគ្នា។ អ្នកណាទៅដឹងថាស្រីៗយើង ២នាក់បែរជាស្រលាញ់មនុស្សប្រុសតែម្នាក់។ គាត់គឺជាគ្រូពេទ្យ និងជាសាស្រ្តចារ្យខាងផ្នែករាងកាយមនុស្សក្នុងមហាវិទ្យាល័យដែលពួកយើងរៀន។ ក្តីស្រលាញ់នៅក្នុងក្រអៅបេះដូង ពួកយើងសុទ្ធតែលាក់បាំងរៀងៗខ្លួន រហូតដល់ថ្ងៃបញ្ចប់ការសិក្សា។ ខ្ញុំបានចូលទៅធ្វើការផ្នែកដែលខ្ញុំស្រលាញ់ ហើយចៃដន្យណាស់ដែលខ្ញុំបានរួមការងារជាមួយគាត់។ ខ្ញុំគិតថាក្លាយជាឱកាសល្អដែលអាចឱ្យយើងមានភាពស្និទ្ធស្នាលទៅមួយកម្រិតទៀត។ ប៉ុន្តែអ្វីគ្រប់យ៉ាងវាមិនដូចជាការស្មាន។ ថ្ងៃមួយនោះខ្ញុំបានឃើញគាត់ និងមិត្តរបស់ខ្ញុំកាន់ដៃគ្នាស្និទ្ធស្នាលពោរពេញដោយស្នាមញញឹម។ បេះដូងស្រាប់តែប្រេះបែកខ្ទេចខ្ទី ពេលដែលត្រូវមនុស្សជាទីស្រលាញ់ទាំង២ក្បត់។ ក្បត់? មិនមែនទេ ការពិតខ្ញុំជាមនុស្សទី៣មែនទេ? តើពួកគេស្គាល់គ្នាតាំងពីពេលណា? តើពួកគេស្រលាញ់គ្នាពីពេលណា? ហេតុអ្វីខ្ញុំក្លាយទៅជាមនុស្សស្រីដែលភ្លើ និងល្ងង់ខ្លៅបែបនេះ? ខ្ញុំក្តាប់ដៃជាប់ទាំងកំហឹង ស្រាប់តែពួកគេក្រឡេកឃើញខ្ញុំ ហើយញញឹមញញែមសប្បាយចិត្តដូចជាគ្មានរឿងអ្វីកើតឡើង។ នាងរត់មកឱបខ្ញុំទាំងសប្បាយចិត្ត ហើយពួកយើងទាំង៣ ក៏បាននិយាយគ្នាលេង និងដើរលេងជាមួយគ្នាផងដែរ។ ក្រោយមកទើបខ្ញុំដឹងថាការពិតគេលួចទាក់ទងនិងស្រលាញ់គ្នាយូរហើយ។ ខ្ញុំក៏បានក្លាយទៅជាមេអណ្តើក និងជាអ្នកផ្តល់យោបល់ ពេលដែលពួកគេឈ្លោះគ្នា ឬមានបញ្ហានឹងគ្នាម្តងៗ។ ចំពោះពួកគេខ្ញុំប្រហែលជាមិត្តដ៏ល្អបំផុត ប៉ុន្តែ មិនមែនទេ។ ខ្ញុំខឹង ខ្ញុំស្អប់ ខ្ញុំឈឺចាប់ស្ទើរតែស្លាប់ស្ទើររស់ម្តងៗទៅហើយ ប៉ុន្តែដែលធ្វើឱ្យខ្ញុំទ្រាំនោះ គឺការដែលបានស្និទ្ធស្នាលជាមួយគាត់មនុស្សដែលខ្ញុំស្រលាញ់។

ការដែលពួកយើងធ្វើការជាមួយគ្នា និងស្និទ្ធស្នាលជាមួយគ្នាបានបង្កើតពាក្យចចាមអារ៉ាម លេចឮដល់មិត្តរបស់ខ្ញុំ។ ប៉ុន្តែនាងតបទាំងញញឹម ហើយនិយាយថានាងមិនខ្វល់ទេ នាងដឹងចិត្តមិត្តភក្តិ និងមនុស្សដែលនាងស្រលាញ់។ វាបានធ្វើឱ្យខ្ញុំមានកំហឹងក្នុងខ្លួនកាន់តែខ្លាំងឡើងៗរហូតគិតវិធីចង់បំបែកបំបាក់ពួកគេ។ ណាត់មិត្តភក្តិមកគេងកំដរនៅពេលយប់ ធ្វើជាស្រវឹងស្រាឱ្យគាត់ជូនខ្ញុំមកផ្ទះ គិតមើលទៅថាមានរឿងអ្វីកើតឡើង? រឿងវាបានរីកធំរហូតដល់មិត្តរបស់ខ្ញុំផ្ទុះកំហឹងឡើង។ តែអ្វីដែលខ្ញុំធ្វើមិនបានជោគជ័យនោះ គឺគាត់ស្រលាញ់មិត្តរបស់ខ្ញុំខ្លាំងណាស់។ គាត់បានព្យាយាមអង្វរ បកស្រាយគ្រប់បែបយ៉ាងដើម្បីនាង ហើយវារឹតតែធ្វើឱ្យខ្ញុំឈឺចាប់។

ជំលោះរវាងគាត់និងមិត្តរបស់ខ្ញុំបានអូសបន្លាយរហូតដល់នាងប្រលងជាប់ការងារនៅបរទេស។ ខ្ញុំដឹងថាពួកគេស្រលាញ់គ្នា ហើយធ្លាប់មានគម្រោងទៅធ្វើការនិងរស់នៅបរទេសទៀតផង។ ខ្ញុំម៉េចហ្នឹងបណ្តោយឱ្យមានរឿងនេះកើតឡើងទៅ។ ថ្ងៃមួយនោះខ្ញុំឃើញមិត្តរបស់ខ្ញុំ យកសំបុត្រមួយច្បាប់ ដាក់នៅមុខផ្ទះរបស់គាត់រួចចាកចេញទៅ។ ខ្ញុំបានលួចយកសំបុត្រនោះទុករួចបើកអាននៅផ្ទះម្នាក់ឯង « ការសម្រេចចិត្តលើកចុងក្រោយរបស់អូន គឺអូននឹងទៅធ្វើការនៅបរទេស។ អូនមិនរំលឹក អូនមិនខឹងអូននឹងបំភ្លេចរឿងគ្រប់យ៉ាងចោលទាំងអស់ បើសិនជាបងទៅជាមួយអូន។ បើបងពិតជា ស្រលាញ់អូនមែន ថ្ងៃអាទិត្យម៉ោង ១០ ព្រឹកនៅព្រលានយន្តហោះ អូននឹងចាំបងទាំងមុខញញឹម »

ខ្ញុំក្តោបសំបុត្រនោះទាំងទឹកភ្នែកពោរពេញដោយកំហឹង។ បើជ្រុលជាធ្វើអាក្រក់ ខ្ញុំនឹងធ្វើជាមនុស្សអាក្រក់ឱ្យដល់ទីបំផុត។ ខ្ញុំមិនអាចឱ្យគាត់ឃើញសំបុត្រមួយនេះអស់មួយជីវិត ព្រោះខ្ញុំដឹងថាក្តីស្រលាញ់របស់គាត់ចំពោះមិត្តរបស់ខ្ញុំ បើនាងហាមាត់និយាយតែប៉ុន្មានម៉ាត់នេះ គាត់ប្រាកដជាយល់ព្រមដោយមិនស្ទាក់ស្ទើរ។

ចុងក្រោយពួកគេបានបែកគ្នា ដោយសារតែបាត់ដំណឹងរៀងខ្លួន។ មិត្តរបស់ ខ្ញុំរង់ចាំគាត់ទាំងអស់សង្ឃឹមហើយឡើងយន្តហោះទាំងទឹកភ្នែក។ ចំណែកគាត់វិញបានដឹង ថានាងទៅបរទេសចោលគាត់ដោយមិនអើពើ និងស្រណោះអាល័យ។

ជាអ្នកព្យាបាលមុខរបួស ប្រែក្លាយជាមនុស្សដែលយល់ចិត្តគ្នា។ ទោះគាត់មិនអាចបំភ្លេចមិត្តរបស់ខ្ញុំបាន ១០០ ភាគរយ ប៉ុន្តែខ្ញុំដឹងថាខ្ញុំបានក្លាយជាមនុស្សស្រីសំខាន់សម្រាប់គាត់ដូចគ្នា។ ដំណឹងរៀបការនៅបរទេសរបស់មិត្តខ្ញុំបានក្លាយជារឿងរ៉ាវដែលធ្វើឱ្យគាត់ផ្ទុះកំហឹង និងមានភាពឈឺចាប់កាន់តែខ្លាំង។ វាក៏ល្អ បើគ្មានរឿងមួយនេះទេ ខ្ញុំនិងគាត់ម៉េចនឹងអាចរៀបការជាមួយគ្នាបានទៅ? មិនថាគាត់ស្រលាញ់ ឬមិនស្រលាញ់ មិនថាគាត់រៀបការជាមួយខ្ញុំព្រោះតែបញ្ឃឺនរណាម្នាក់ មិនថាជាហេតុផលអ្វី តែខ្ញុំពេញចិត្តចំពោះរឿងមួយនេះ។ ជីវភាពរស់នៅរបស់ពួកយើងល្អណាស់ ហើយតាំងពីរៀបការមកគាត់ក៏កាន់តែស្រលាញ់ខ្ញុំកាន់តែខ្លាំងឡើង។ ប៉ុន្តែបាបកម្មរបស់ខ្ញុំប្រហែលជាត្រូវលុបលាងនៅពេលនេះហើយ យ៉ាងណាក៏អរគុណដែលធ្វើឱ្យខ្ញុំមានសេចក្តីសុខជាង១០ ឆ្នាំដែរ ទោះត្រូវមានបាបកម្ម ទោះជាពេលដែលស្លាប់ទៅខ្ញុំត្រូវទទួលទោសយ៉ាងណាក៏ដោយ ខ្ញុំក៏ព្រមទទួលទាំងអស់។

មហារីកដំណាក់កាលចុងក្រោយបានទន្ទ្រានជីវិតរបស់ខ្ញុំ និងពង្រាត់ខ្ញុំចេញពីមនុស្សជាទីស្រលាញ់ក្នុងពេលឆាប់ៗនេះ។

« អូនសុំទោស »

« រឿងអី? » ខ្ញុំបានហុចសំបុត្រដែលកន្លងហួសជាច្រើនឆ្នាំមកហើយឱ្យគាត់។ គាត់ យកមកបើកមើលទាំងឆ្ងល់ រួចស្រក់ទឹកភ្នែកមួយតក់ រួចញញឹម

« រឿងដែលអូនមិនចង់ឱ្យដឹង អូនត្រូវតែលាក់វាទុកជារៀងរហូត »

គាត់យកសំបុត្រមកដាក់លើដៃរបស់ខ្ញុំវិញទាំងញញឹម

« បង....? »

ជីវិតលើកចុងក្រោយរបស់ខ្ញុំគ្រាន់តែចង់សារភាពទោសកំហុស និងទទួលការស្តីបន្ទោសពីមនុស្សជាទីស្រលាញ់ ។ ប៉ុន្តែការពិតទៅគាត់បានដឹងជាយូរមកហើយ។ ខ្ញុំសប្បាយចិត្តណាស់ដែលគាត់នៅតែស្រលាញ់និងអភ័យទោសឱ្យខ្ញុំគ្រប់យ៉ាង ខ្ញុំប្រាកដជាស្លាប់ដោយអស់ចិត្ត។ អរគុណមនុស្សជាទីស្រលាញ់ អរគុណមិត្តភក្តិសម្លាញ់ ដែលមិនខឹងមិនស្អប់មនុស្សអាក្រក់ម្នាក់នេះ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]