(ភ្នំពេញ)៖ មុនចាប់ផ្ដើមការប្រកួតរវាងក្រុមម្ចាស់ផ្ទះ U-23 កម្ពុជា និងក្រុមខ្លាំងចិនកាលពីយប់មិញ អ្នកគាំទ្រចិន ដែលចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិ បានសម្ដែងការភ្ញាក់ផ្អើល និងស្រែកហ៊ោជាខ្លាំង បន្ទាប់ពីមានបុរសខ្លាំងម្នាក់ បានបង្ហាញវត្តមានក្នុងឱកាសនោះ ដែលពួកគេស្គាល់ថា គឺជាលោក Marcello Romeo Lippi គ្រូបង្វឹកក្រុមជម្រើសជាតិចិនបច្ចុប្បន្ន ហើយក៏ជាអតីតគ្រូបង្វឹកជម្រើសជាតិអ៊ីតាលី ដោយធ្លាប់ដឹកនាំក្រុមនេះលើកពាន World Cup កាលពីឆ្នាំ២០០៦ នៅអាល្លឺម៉ង់។

ប្រភពព័ត៌មានពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហើបថា លោក Marcello Romeo Lippi បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីតាមដានការប្រកួតរវាងក្រុម U-23 ចិន ក្នុងយុទ្ធនាការប្រកួតជម្រុះពូល J នៃពានរង្វាន់ 2018 AFC U-23 Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលក្ខណៈសំងាត់។

ប៉ុន្ដែក្រោយបង្ហាញខ្លួនលើកៅអីកិត្តិយសនៅពហុកីឡដ្ឋានជាតិភ្លាម អ្នកគាំទ្រចិន ក៏នាំគ្នាស្រែកហ៊ោ និងអបអរសាទរវត្តមានរបស់បុរសខ្លាំងរូបនេះ ហើយថែមទាំងនាំគ្នាថតរូប Selfie រហូតបង្កការចាប់អារម្មណ៍ដល់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ ដើម្បីផ្ដិតយករូបភាពរបស់លោក Lippi ទៀតផង។

យ៉ាងណាគេពុំទាន់ដឹងថា លោក Lippi នឹងបន្ដស្នាក់នៅកម្ពុជា រហូតដល់ពេលណានោះទេ ខណៈការប្រកួតបើកឆាកពូល J របស់ក្រុម U-23 ចិនកាលពីយប់មិញ បានត្រឹមស្មើក្រុមម្ចាស់ផ្ទះ U-23 កម្ពុជា ដោយលទ្ធផល ០-០ ខណៈការប្រកួតបន្ទាប់ក្រុម U-23 ចិន ត្រូវជួបក្រុមយុវជន U-23 ហ្វីលីពីន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ។

គួរបញ្ជាក់ថា មុនដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រខាងលើ ហើយផ្លាស់មកដឹកនាំក្រុមជម្រើសជាតិចិនបច្ចុប្បន្ន លោក Marcello Romeo Lippi ក៏ធ្លាប់ដឹកនាំក្លឹបធំៗជាច្រើន នៅតំបន់អឺរ៉ុប និងអាស៊ីផងដែរ ដូចជាក្លឹប Guangzhou Evergrande របស់ចិន, ក្លឹប Napoli, Juventus និងក្លឹប Inter Milan របស់អ៊ីតាលីជាដើម៕

លោក Marcello Romeo Lippi គ្រូបង្វឹកក្រុមជម្រើសជាតិចិនបច្ចុប្បន្ន ហើយក៏ជាអតីតគ្រូបង្វឹកជម្រើសជាតិអ៊ីតាលី ដោយធ្លាប់ដឹកនាំក្រុមនេះលើកពាន World Cup កាលពីឆ្នាំ២០០៦
លោក Marcello Romeo Lippi បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីតាមដានការប្រកួតរវាងក្រុម U-23 ចិន ក្នុងយុទ្ធនាការប្រកួតជម្រុះពូល J នៃពានរង្វាន់ 2018 AFC U-23 Championship

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]