(ភ្នំពេញ)៖ បទថ្មី «ប្រាសាទខ្មែរ» ដែលជាការបកស្រាយរួមគ្នា រវាង តារាចម្រៀង ពេជ្រ សោភា និង Step គឺជាបទ Original Song បានបន្លឺឡើង យ៉ាងកក្រើក នៅលើឆាកដ៏អស្ចារ្យ ក្នុងកម្មវិធីអបអរសាទរ «តំបន់ប្រាសាទសំបូរព្រៃគុក» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែលប្រារព្ធឡើង នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ខណៈដែលមានមហាជនជាច្រើន បាននាំគ្នាហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ពេញកន្លែងប្រារព្ធពិធី។ បទនេះ ហាក់បីដូចជា បានធ្វើឲ្យកូនខ្មែរត្រូវតែចងចាំ ថែរក្សា និងភ្ញាក់ខ្លួនឡើង ដើម្បីចូលរួមទាំងអស់គ្នា យល់ពីតម្លៃនៃសម្បត្តិវប្បធម៌ជាតិ មិនអាច់កាត់ថ្លៃបានទាំងអស់នេះ។

បទចម្រៀងថ្មី «ប្រាសាទខ្មែរ» បានផ្ដោតអត្ថន័យសំខាន់ទៅលើប្រាង្គប្រាសាទខ្មែរថា ពិតជាល្អគន់ ស្រស់ស្អាត បង្ហាញពីស្នាដៃដ៏ល្អឯក របស់បុព្វបុរសខ្មែរ នាសម័យដើម មិនអាចកាត់ថ្លែបាន ហើយក្នុងនាមជាកូនខ្មែរទាំងអស់ មានមោទនភាពជាអនេក ដែលបានកើតមកជាកូនខ្មែរ លើទឹកដីអច្ឆរិយៈ នៃទឹកដីខ្មែរសុវណ្ណភូមិនេះ។

បទនេះផងដែរ ក៏មានបំណងចង់ឲ្យកូនខ្មែរទាំងឡាយ បានស្គាល់យល់ដឹងកាន់តែច្បាស់ អំពីសម្បតិ្តវប្បធម៌ដ៏មានតម្លៃ ជួយលើកស្ទួយ តម្កើង និងចេះថែរក្សាឲ្យបានគង់វង្ស ដើម្បីបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយៗទៀត បានដឹងកាន់តែច្បាស់ ពីតម្លៃ សោភ័ណភាពនៃកេរ្តិ៍មរតកវប្បធម៌ នៃប្រាង្គប្រាសាទទាំងនោះ។

គួររំឭកថា តារាចម្រៀង ពេជ្រ សោភា និង Step បច្ចុប្បន្ននេះ កំពុងតែមានសន្ទុះខ្លាំង ដោយទទួលបានការគាំទ្រ ពីប្រិយមិត្ត ពិសេសនៅតាមបណ្ដាញសង្គម Facebook បន្ទាប់ពីពួកគេទាំងពីរ បានចាប់ដៃគូជាមួយគ្នា ហើយរាល់បទចម្រៀង ដែលបានបញ្ចេញកាលពីពេលថ្មីៗនេះ ក៏មានការគាំទ្រមិនធម្មតាដែរ ពិសេស គឺកាលពីអំឡុង នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

បទថ្មី «ប្រាសាទខ្មែរ» ពីសំណាក់ ពេជ្រ សោភា និង Step ស្ដាប់​ហើយ​ធ្វើឲ្យ​កូនខ្មែរ​ចងចាំ និងភ្ញាក់ខ្លួន

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា