ចិន៖  ជារឿងនឹកស្មានមិនដល់មួយ ចំពោះបុរសជនជាតិចិនម្នាក់ បានសម្រេចចិត្ត ស្លៀកពាក់តែងខ្លួនជាមនុស្សស្រី អស់រយៈពេលរាប់សិបឆ្នាំ ដើម្បីផ្គាប់ចិត្តអ្នកម្តាយជរាដែលមានវិបត្តិផ្លូវចិត្ត។

បើយោងតាមប្រភពសារព័ត៌មាន សៀងហៃអីុស បានឲ្យដឹងថា បុរសមិនត្រូវបានបង្ហាញអត្តសញ្ញាណខាងលើនេះ ជាអ្នករស់នៅក្នុងទីក្រុង Guilin តំបន់ស្វយ័ត Guangxi ប្រទេសចិន បានរៀបរាប់ប្រាប់ថា រូបលោកបានស្លៀកពាក់តែងខ្លួនជាមនុស្សស្រី អស់រយៈពេលជាង២០ឆ្នាំមកហើយ។ ពោលគឺ ចាប់តាំងពីបងប្អូនស្រីរបស់លោកបានស្លាប់មកម៉្លេះ។

ក្រោយពីបងប្អូនស្រីរបស់លោកបានស្លាប់ទៅ ម្តាយរបស់លោកក៏ចាប់ផ្តើម កើតមានអាការជំងឺវិបត្តិផ្លូវចិត្ត និងរវើរវាយច្រើន  ទើបលោកសម្រេចចិត្តធ្វើរឿងមួយនេះ ដើម្បីបន្លប់ទុក្ខម្តាយរបស់លោក ឲ្យគាត់មានអារម្មណ៍ធូរស្បើយឡើងវិញ និងគិតថាកូនស្រីដែលបានស្លាប់ទៅនោះ បានវិលត្រលប់មកជួបគាត់វិញហើយ។

បន្ទាប់ពីមើលឃើញថា ម្តាយរបស់លោកមានអារម្មណ៍សប្បាយរីករាយច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ទើបចាប់តាំងពីពេលនោះមក លោកក៏បានតាំងចិត្តថា នឹងបន្តតែងខ្លួនជាមនុស្សស្រីបែបនេះជារៀងរហូត ដើម្បីបំពេញចិត្តអ្នកម្តាយ។  បច្ចុប្បន្នសូម្បីតែខ្លួនលោកផ្ទាល់ ក៏គ្មាននៅសេសសល់សម្លៀកបំពាក់ជាបុរសដែរ។

បុរសជាកូនកតញ្ញូរូបនេះ ស្លៀករ៉ូបបែបប្រពៃណីចិន នាចុងទសវត្ស៩០ បើកម៉ូតូកង់បីដឹកម្តាយដើរលេងជុំវិញទីក្រុង បញ្ចុកអាហារ និងម៉ាស្សាជូនម្តាយរបស់គាត់ ប្រកបដោយក្តីរីករាយ។

គេអាចឮសូរសម្លេង ស្រ្តីជាម្តាយចំណាស់និយាយថា «នាងគឺជាកូនស្រីរបស់ខ្ញុំ។ ចាប់តាំងពីកូនស្រីរបស់ខ្ញុំម្នាក់ទៀតបានស្លាប់ទៅ នាងក៏បានក្លាយជាកូនស្រីរបស់ខ្ញុំ»

លោកក៏បានលើកឡើងចុងក្រោយទៀតដែរថា លោកពិតជាមិនខ្វល់ ហើយក៏មិនខ្មាសអៀនដែរ បើទោះជាមានអ្នកដទៃ សើចចំអក និងពេបជ្រាយមកលើលោកយ៉ាងណាក្តី ព្រោះអ្វីៗដែលលោកធ្វើឡើងមកនេះ គឺដើម្បីម្តាយរបស់លោកតែម្នាក់ប៉ុណ្ណោះ។ ម្តាយរបស់លោកសប្បាយរីករាយខ្លាំងណាស់ ដូច្នេះលោកនឹងនៅតែបន្តធ្វើបែបនេះដើម្បីម្តាយទៀត៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖ 

ស្រ្តីជាម្តាយចំណាស់និយាយថា «នាងគឺជាកូនស្រីរបស់ខ្ញុំ។ ចាប់តាំងពីកូនស្រីរបស់ខ្ញុំម្នាក់ទៀតបានស្លាប់ទៅ នាងក៏បានក្លាយជាកូនស្រីរបស់ខ្ញុំ»
បុរសជាកូននិយាយថា លោកពិតជាមិនខ្វល់ ហើយក៏មិនខ្មាសអៀនឡើយ បើទោះជាមានអ្នកដទៃ សើចចំអកពេបជ្រាយមកលើលោកយ៉ាងណាក្តី ព្រោះអ្វីៗលោកធ្វើឡើងមកនេះ គឺដើម្បីតែម្តាយរបស់លោកតែម្នាក់ប៉ុណ្ណោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]