ពោធិ៍សាត់ៈ ស្ត្រីវ័យ៤៨ឆ្នាំម្នាក់ ទៅតាមហៅប្តីអង្គុយ ផឹកទឹកត្នោតជូរ តែបែរជាប៉ះពារសម្តីគ្នាជាមួយ យុវជនវ័យ២៦ឆ្នាំ ដែលផឹកស៊ីក្នុងវង់ជាមួយប្តី ផ្ទុះជាអំពើហិង្សាវាយតប់គ្នារបួសទាំងសងខាង ហើយ ត្រូវសមត្ថកិច្ចឃាត់បញ្ជូនការិយាល័យនគរបាលកណ្តាលយុត្តិធម៌នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២នេះ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយត្រី ម៉ូ លីដា បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី៣ ខែមីនា មានជម្លោះក្នុងវង់ទឹកត្នោតជូរ នៅភូមិឈើទាល ឃុំស្វាយលង ស្រុកកណ្តៀង បណ្តាលយុវជន ឃឹម សៅឌី អាយុ ២៦ឆ្នាំ ត្រូវ៣កាំបិតរងរបួសធ្ងន់ រីឯលោកស្រី ទេស ឃឿន អាយុ ៤៨ឆ្នាំ រងរបួសបែកក្បាល។

លោកនាយការិយាលូយរូបនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីភាគីជម្លោះ ទេស ឃឿន បាន ដើរទៅហៅប្តីរបស់ខ្លួន ដែលកំពុងអង្គុយផឹកទឹកត្នោតជូរ លុះពេលទៅដល់ក៏មានការជេរ និងប្រើសម្តី ធ្ងន់ៗនៅកន្លែងផឹកស៊ី ធ្វើឲ្យយុវជន ឃឹម សៅឌី ខឹងទាញឆ្នាំងគប់ត្រូវបែកក្បាល។ ដោយសារ ខឹងខ្លាំងពេក លោកស្រី ទេស ឃឿន បានទាញកូនកាំបិតចាក់លើ សៅឌី ៣កាំបិត រងរបួសជាទម្ងន់។

ក្រោយពេលកើតហេតុគូទំនាស់ទាំងពីរត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោយពេលរុំមុខរបួសហើយ នៅថ្ងៃទី៥ ខែមីនា ត្រូវ កម្លាំងចុះទៅឃាត់ខ្លួនទាំងពីរនាក់ និងបញ្ជូនមកការិយាល័យកណ្តាលយុត្តិធម៌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

ដោយៈ ជា ប៊ុនធឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]