មិនថានៅក្នុងអាជីវកម្មរកស៊ី  រង្វង់ស្នេហា  ឬគ្រួសារឡើយ  គ្មាននរណាម្នាក់មិនធ្លាប់ឆ្លងកាត់ ការធ្វើការសម្រេចចិត្តខុសនោះទេ។  ព្រោះមនុស្សម្នាក់ៗពិតជាមិនអាចដឹង ឬទស្សន៍ទាយទុកមុនពីអ្វីដែលនឹងត្រូវកើតឡើង នៅថ្ងៃខាងមុខបានឡើយ។

អ្នកនឹងមានអារម្មណ៍មិនល្អ ចាប់ផ្តើមស្តីបន្ទោសខ្លួនឯង ចំពោះលទ្ធផលខុសពីការរំពឹងទុក ឬមានអារម្មណ៍ថាពិបាកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ចំពោះអ្វីដែលអ្នកបានជ្រើសរើស។ ការសោកស្តាយជាទូទៅ គឺអាចទាក់ទងនឹងកត្តា គ្រួសារ ពីការអប់រំ អាជីព និងហិរញ្ញវត្ថុជាដើម។

ការសោកស្តាយមានទម្រង់ច្រើនយ៉ាងដូចជា ៖

• អារម្មណ៍ឈឺចាប់ បាត់បង់ បន្ទាប់ពីការបែកបាក់គ្នា

• មិនសប្បាយចិត្ត បន្ទាប់ពីបរាជ័យក្នុងការទទួលឱកាសការងារ

• ភាពទុក្ខព្រួយហួសថ្លែង បន្ទាប់ពីអ្នកមកមិនទាន់ ដង្ហើមចុងក្រោយរបស់ឪពុកម្តាយជាដើម។

ការសោកស្តាយទាំងនោះ  អាចជាន់ពន្លិចធ្វើឱ្យអ្នកមិនហ៊ានងើបឈរ ធ្វើឱ្យអ្នកស្ទាក់ស្ទើរ និងមានការភ័យខ្លាចក្នុងការធ្វើការសំរេចចិត្តលើកៗក្រោយ។

ប៉ុន្តែសូមកុំបារម្ភ ព្រោះមានវិធីសាស្រ្តល្អៗមួយចំនួន អាចជួយលើកទឹកចិត្តអ្នក  ឲ្យបំភ្លេចការឈឺចាប់ និងភាពសោកស្តាយ ដែលអ្នកបានជ្រើសរើសខុស។

# ភាពសោកស្តាយអាចជះឥទ្ធិពលអាក្រក់ដល់អ្នកដែរទេ?

ចម្លើយគឺ៖ ប្រាកដណាស់ វាមានផលប៉ះពាល់ ហើយច្រើនថែមទៀតផង។ ការសម្រេចចិត្តខុសតែបន្តិច វានឹងអាចធ្វើឱ្យអ្នកមានការសោកស្តាយ និងអាចធ្វើឱ្យជីវិតជួបផលវិបាកយ៉ាងខ្លាំង។

ឧទាហរណ៍ថា៖ ក្តីស្រមៃពីតូចអ្នកចង់ក្លាយជាតារាសម្តែង ឬតន្ត្រីករ តែអ្នកបែរជាគ្មានឱកាសនឹងធ្វើវាបាន។ វាគឺជាវិបត្តិផ្លូវចិត្តមួយបាត់ទៅហើយ ដែលធ្វើឱ្យអ្នកបាក់ទឹកចិត្ត និងមិនមានឱកាសបញ្ចេញទេពកោសល្យពិតពីកំណើត។

ដូច្នេះត្រង់ករណីនេះ អ្នកគួរកុំខ្វល់ខ្វាយលើរឿងតែមួយមុខនេះច្រើនពេក ត្រូវគិតថាជីវិតរបស់អ្នកមានជម្រើសជាច្រើនទៀត ដែលនឹងត្រូវធ្វើការជ្រើសរើស។ ព្រោះកាលដែលអ្នកនៅតែបន្តគិត ពីភាពសោកស្តាយទាំងអស់នោះ ខ្លួនឯងធ្វើមិនបានដើម្បីខ្លួនឯង  វានឹងរឹតតែបន្ថែមសម្ពាធធ្ងន់ធ្ងរ និងភាពស្មុគស្មាញដល់ក្នុងជីវិត ទ្វេដង។ ម្យ៉ាងវិញទៀត  មិនប្រាកដថា ការចង់បានដូចក្តីស្រមៃ  វាជាពិតរឿងត្រឹមត្រូវ ល្អសម្រាប់ជីវិតអ្នក ឬអត់ទេ។ ដូច្នេះអ្នកត្រូវរៀនទាញហេតុផលសមស្របណាមួយដើម្បីខ្លួនឯង។

ភាពសោកស្តាយអាចជះឥទ្ធិពលអាក្រក់ដល់អ្នកដែរទេ?

# បើធ្វើមិនបានទេកុំខ្វល់ពីវា

សហគ្រិនល្បីដែលទទួលបានភាពជោគជ័យខ្ពស់ដូចជា លោក Jeff Bezos លោក Richard Branson និងអ្នកស្រី Arianna Huffington បានឱ្យដឹងថា ភាពជោគជ័យបានមកពីការបរាជ័យច្រើនដង។

ការបរាជ័យ និងការបាត់បង់ទាំងនោះមានដូចជា៖ ការខាតបង់ក្នុងអាជីវកម្ម ការក្ស័យធន និងបូកទាំងបញ្ហា ឬរឿងអាស្រូវផ្ទាល់ខ្លួនជាដើម។ ចំពោះមូលហេតុដែលសហគ្រិនទាំងនោះ ទទួលបានជោគជ័យ គឺបានមកពីភាពបរាជ័យ សិក្សាពីអ្វីដែលបរាជ័យ និងរកវិធីឈ្នះភាពបរាជ័យទាំងនោះឯង។ ហើយបើពួកគេចំណាយ ពេលវេលា និងថាមពលទាំងប៉ុន្មាន គិតលើអ្វីដែលសោកស្តាយរាល់ការសម្រេចចិត្តទាំងអស់កន្លងមក នឹងនាំឱ្យពួកគេរឹតតែបរាជ័យ និងបាត់បង់ស្មារតីពង្រឹងជំហបន្ថែមទៀត។

បើធ្វើមិនបានទេកុំខ្វល់ពីវា

# កុំបន្ទោសខ្លួនឯងខ្លាំងពេក

ពាក្យចាស់ពោលថា អភ័យទោសឱ្យអ្នកដទៃងាយស្រួល តែការអភ័យទោសឱ្យខ្លួនឯងវាពិបាក។ បែបនេះបានន័យថាមនុស្សចូលចិត្ត ដាក់កំហុសលើខ្លួនឯង។ ឧទាហរណ៍ថា ពេលអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យមួយ ធ្វើឱ្យឡានអ្នកខូចខាត ព្រោះមានឧបទ្ទវហេតុ អ្នកមិនបន្ទោសលើកត្តាមូលហេតុ ស្ថានភាពផ្លួវ ឬមកពីអាកាសធាតុ ភ្លៀងធ្លាក់ខ្លាំង រអិលជាដើមទេ តែអ្នកបែរជាដាក់កំហុសលើខ្លួនឯងទៅវិញ។ ហេតុនេះហើយអ្នកមិនគួរចិត្តក្តៅបន្ទោសបញ្ហាកើតឡើងចំពោះខ្លួនឯងនោះទេ អ្នកអាចចាប់ផ្តើមពីនិត្យលើបញ្ហា ជាក់លាក់ណាមួយវិញប្រសើរជាង។

កុំបន្ទោសខ្លួនឯងខ្លាំងពេក

# សិក្សាពីកំហុសឆ្គង

ការខូចចិត្តព្រោះអារម្មណ៍សោកស្តាយអ្វីមួយនោះ ងាយនឹងប៉ះពាល់អារម្មណ៍ នៃការសប្បាយរីករាយ និងបំផ្លាញសុភមង្គលផ្លូវចិត្តរបស់អ្នកណាស់។ ដូច្នេះជំនួសឱ្យការ ខឹងខ្លួនឯង អ្នកគួរយកពេលវេលាសិក្សាពីកំហុសទាំងនោះ ដូចជារកមូលហេតុនៃកំហុស និងរៀនរកបញ្ហារបស់វា ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយដ៏ល្អ។

ឧទាហរណ៍ថា៖ បើថ្ងៃមួយអ្នកបានបង្ហោះសារអ្វីមួយដែលមិនល្អ ឬឆោតល្ងង់ដែលត្រូវគេសើចចំអក និងស្អប់ខ្ពើម សុំកុំខូចចិត្ត ឬបង្ហាញការសោកស្តាយជ្រុលហួសហេតុពេក។ អ្វីដែលអ្នកបានធ្វើវាកន្លងហួសទៅហើយ អ្នកមិនអាចលុប ឬធ្វើការកែប្រែអ្វីមួយបានទៀតនោះទេ។ តែអ្នកអាចសិក្សាពីកំហុសទាំងនោះ ទទួលស្គាល់ការពិតថាអ្នកពិតជាមនុស្ស ដែលសមនឹងគេសើចចំអកពិតប្រាកដមែន។ អ្នកអាចយកកំហុសទាំងនោះជាមេរៀន ចៀសវាងនិងកុំបណ្តោយឱ្យ រឿងបែបនេះកើតឡើងជាថ្មីម្តងទៀត ។ ចូរចងចាំថា គ្មាននរណាម្នាក់ដែលមិនធ្លាប់ខុស គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។

សិក្សាពីកំហុសឆ្គង

# ជ្រើសអ្វីដែលត្រឹមត្រូវចេញពីកំហុសរបស់អ្នក

នៅពេលដែលអ្នកធំដឹងក្តី និងមានអាយុកាន់តែច្រើន បទពិសោធន៍ និងភាពសោកស្តាយនៃកំហុសឆ្គងរបស់អ្នកកន្លងមក នឹងកាន់តែធ្វើឲ្យអ្នកចេះគិតបានច្រើនជាងមុន។ វាគឺមានន័យថា វ័យកាន់តែចាស់ការមានទំនួលខុសត្រូវលើអ្វីមួយ ក៏កាន់តែជ្រៅ។

ឧទាហរណ៍ថា៖ ប្រសិនបើកាលពីក្មេង ឬវ័យជំទង់អ្នកធ្លាប់បានខ្ចីសៀវភៅពីបណ្ណាល័យ តែបែរជាមិនបានសងរហូតដល់ពេលវេលាកន្លងហួសយូរហើយ។ ស្រាប់តែអ្នកមានអារម្មណ៍ ថាសោកស្តាយយ៉ាងខ្លាំង។ ដូច្នេះវាមិនហួសពេលទេ បើអ្នកនៅមានកូនចិត្តនឹកឃើញ អ្នកអាចទៅរកសៀវភៅនោះហើយយកទៅសងបណ្ណាល័យវិញបាន។ តែប្រសិនបើអ្នករកសៀវភៅនោះមិនឃើញ អ្នកអាចរកសៀវភៅអ្វីផ្សេងទៀតទៅបរិច្ចាគនៅបណ្ណាល័យនោះបាន ដើម្បីជាការប៉ះប៉ូវនូវកំហុសកន្លងមករបស់អ្នក វានឹងរួចស្រេចទៅហើយ។ ដូច្នេះហើយ ហេតុអ្វីចាំបាច់អីនៅតែបញ្ចេញអារម្មណ៍ថាសោកស្តាយតទៅទៀតនោះ។

ជ្រើសអ្វីដែលត្រឹមត្រូវចេញពីកំហុសរបស់អ្នក

# បង្កើនជំនាញការសម្រេចចិត្តរបស់អ្នក

ក្នុងជីវិតមនុស្សម្នាក់ៗ តែងមានការសម្រេចចិត្តជាច្រើន មិនថាតែការសម្រេចចិត្តពីរឿងតូចតាចទៅនោះទេ។ ជាក់ស្តែង ដូចជាការសម្រេចចិត្តរឿង ក្នុងថ្ងៃនេះត្រូវស្លៀកពាក់អ្វី? ថ្ងៃនេះត្រូវញ៉ាំអ្វីល្អ? ហើយវាបូកទាំង ការសម្រេចចិត្តរឿងជីវិតដូចជា ជ្រើសរើសការងារប្រភេទណា? តើទាក់ទងមិត្តភក្តិ មានចរិតលក្ខណៈយ៉ាងម៉េច? សេពគប់សង្សាប្រភេទណា? ជ្រើសរើសដៃគូជីវិតនៅពេលអនាគតបែបម៉េច? និយាយជារួមទៅ គឺការរៀនសម្រេចចិត្តឱ្យបាន ច្បាស់លាស់តាំងពីរឿងតូចតាច រហូតដល់រឿងធំដុំ នឹងធ្វើឱ្យអ្នកកាន់តែមានជំនាញក្នុងការសម្រេចចិត្តដ៏ល្អ មិនងាយមានការខុសឆ្គង ថែមទាំងមានភាពជោគជ័យក្នុងជីវិតផងដែរ។

បង្កើនជំនាញការសម្រេចចិត្តរបស់អ្នក

# កត់ត្រាពីចំណុចអវិជ្ជមានរបស់ខ្លួនឯង

អ្នកប្រហែលជាមានរឿងច្រើនដែលអ្នកមិនសប្បាយចិត្ត ហើយមានការសោកស្តាយ យ៉ាងខ្លាំង តែអ្នកមិនហ៊ាននិយយចេញមក ឬមានការខ្មាសអៀនចំពោះខ្លួនឯង។ បែបនេះអាចធ្វើការដោះស្រាយដោយការសាកល្បងធ្វើការកត់ត្រាចំនុចដែលមិនល្អរបស់អ្នក និងសរសេរបញ្ជាក់ពីមូលហេតុនៃកំហុសឆ្គងនោះ ចូលទៅក្នុងសៀវភៅកំណត់ហេតុ ឬអាចជា ក្រដាសណូតតូចៗសាកល្បងមើល។

ឧទាហរណ៍ថា៖ អ្នកសោកស្តាយណាស់ដែលបានស្តី បន្ទោសបុគ្គលិកក្រោមការបង្គាប់របស់អ្នក ប៉ុន្តែអ្នកទើបតែនឹកឃើញថា ការពិតកំហុស ទាំងឡាយមកពីអ្នកជាអ្នកគ្រប់គ្រង មិនទាន់ចេះធ្វើការគ្រប់គ្រង និងណែនាំកូនចៅបានល្អ ។

ការធ្វើបែបនេះ ប្រហែលអាចជួយអ្នកបានច្រើនក្នុងការកែខៃកំហុសឆ្គង និងពិចារណាអ្វី ដែលអ្នកសោកស្តាយ គឺសម្រាប់ឲ្យពេលលើកក្រោយ អ្នកនឹងអាចធ្វើអ្វីបានល្អជាងពេលនេះ។

កត់ត្រាពីចំណុចអវិជ្ជមានរបស់ខ្លួនឯង

# និយាយវាចេញមក

ការដែលមានគ្នា ឬមានអ្នកគាំទ្រណាម្នាក់នៅពីក្រោយអ្នក វាពិតជាមានតម្លៃណាស់ នៅពេលដែលអ្នកមានអារម្មណថាពិបាកចិត្ត ខូចចិត្ត សោកស្តាយ បន្ទាប់ពីបានសម្រេចចិត្តខុសលើរឿងអ្វី។ ការនិយាយអារម្មណ៍របស់អ្នកចេញមក អាចជួយឱ្យអ្នកធូរស្បើយក្នុងអារម្មណ៍ និងអាចគិតចេញនូវអ្វីដែលល្អជាងមុន។ អ្នកអាចរក មនុស្សពិភាក្សាជាមួយដូចជា មិត្តភក្តិ និងក្រុមគ្រួសារជាដើម។

ការទុកឱ្យរឿងរ៉ាវពិបាកចិត្ត កប់ក្នុងចិត្តមិនមែនជាជម្រើសល្អនោះទេ វានឹងធ្វើឱ្យស្ថានការ កាន់តែអាក្រក់ឡើង។ អ្នកអាចជ្រើសរើសមនុស្សដែលអ្នក ទុកចិត្ត មានបទពិសោធន៍ស្រដៀងគ្នា ដែលអាចផ្តល់ការយល់ដឹង និងជួយសម្រួលការពិបាក របស់អ្នកបាន។ ការព្យាបាលអារម្មណ៍ផ្លូវចិត្ត នៃការសោកស្តាយ ដោយមានមនុស្សដទៃដឹងលឺ អាចជួយកែប្រែស្ថានភាពរបស់អ្នក ហើយអាចផ្តល់ដំបូន្មានល្អៗ និងជួយអ្នករកវិធីសាស្រ្តក្នុងការដោះស្រាយ បញ្ហាអវិជ្ជមានបានថែមទៀតផង។

និយាយវាចេញមក
និយាយវាចេញមក ជាមួយនឹងមិត្តភក្តិ ឬក្រុមគ្រួសា ដើម្បីស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវមួយ

# រៀនទទួលយកការស្តីបន្ទោសលើខ្លួនឯង

ជាញឹកញាប់មនុស្សយើងតែងតែស្តីបន្ទោស ទៅលើស្ថានភាពខាងក្រៅ តែបែរជាមិនស្តីបន្ទោស ចំពោះសកម្មភាពរបស់ខ្លួនឯងដែលបានប្រព្រឹត្តទៅវិញ ដូចនេះវានឹងនាំឲ្យអ្នក មានការសម្រេចចិត្តមិនល្អ ហើយជាលទ្ធផលមានការសោកស្តាយកាន់តែច្រើនឡើង។

ឧទាហរណ៍ថា៖ អ្នកធ្វើការយឺតយ៉ាវ ដោយសារញ៉ាំស្រាច្រើនកាលពីយប់។ តែអ្នកបែរជាស្តីបន្ទោសថាមកពីសម្ពាធការងារ សម្ពាធពីមិត្តភក្ដិមកលើខ្លួនអ្នកទៅវិញ។ ប៉ុន្តែប្រសិនបើអ្នកគិតថា ការធ្វើការយឺតយ៉ាវគឺមកពីកំហុសរបស់អ្នក ព្រោះតែអ្នកបានញ៉ាំស្រាស្រវឹងខ្លាំងពេកនោះ នោះអ្នកនឹងដឹងថា ការពិតកំហុសមកពីអ្នកខ្លួនឯង ទើបការងារមិនបានល្អដូចចិត្ត។ ដូច្នេះនៅពេលក្រោយៗ អ្នកគួររៀនទទួលយកការស្តីបន្ទោសលើខ្លួនឯង ស្វែងយល់ពីកំហុសឆ្គង នោះអ្នកនឹងអាចចៀសវាង ពីសកម្មភាពបែបនេះមិនឲ្យខុសតទៅទៀតបានឡើយ៕

រៀនទទួលយកការស្តីបន្ទោសលើខ្លួនឯង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]