** ប្រលោមលោកខ្មែរឡូត **

មានអ្នកជឿលើនិស្ស័យដែរឬក៏អត់? សម្រាប់ខ្ញុំជាមនុស្សដែលតែងតែជឿលើនិស្ស័យរបស់មនុស្ស មិនថាជាមិត្តភាព មិនថាជាសេចក្តីស្នេហានោះទេ។ បើគ្មាននិស្ស័យនឹងគ្នាហេតុអ្វីបានជាយើងបានស្គាល់គ្នា? ហេតុអ្វីបានជាយើងអាចរាប់អានគ្នា? ហើយហេតុអ្វីបានជាយើងអាចស្រលាញ់គ្នា? ចម្លើយដែលខ្ញុំប្រាប់ខ្លួនឯងនោះ គឺជានិស្ស័យដែលបានកំណត់នោះឯង។

រឿងដែលធ្វើឱ្យខ្ញុំជឿជាក់លើនិស្ស័យមនុស្សបំផុតគឺជារឿងសេចក្តីស្នេហារបស់ខ្លួនខ្ញុំផ្ទាល់។

ពីមនុស្សដែលមិនធ្លាប់ស្គាល់គ្នា ពីមនុស្សដែលស្ថិតនៅរាប់ពាន់ម៉ឺនយោជន៍ ឆ្លងភ្នំ ឆ្លងសមុទ្រ ក្លាយទៅជាមនុស្សម្នាក់ដែលដូចជាស្ថិតនៅជិតដៃ។ មនុស្សស្រីដែលចិត្តរឹងម្នាក់បែរជាអាចរាប់អានមនុស្សប្រុសដែលមិនធ្លាប់ស្គាល់គ្នា ហើយថែមទាំងជាមនុស្សដែលខិលខូចខ្លាំងទៀតផង។ ពួកយើងបានក្លាយទៅជាមនុស្សដែលស្រលាញ់គ្នារហូតបាត់មុខមិនបាន។ បើមិនហៅថាជានិស្ស័យដែលបានចារទុកគួរតែហៅអ្វីវិញឱ្យប្រាកដដើម្បីឱ្យសាកសមនឹងរឿងមួយនេះ?

កាលពីមុនខ្ញុំគ្រាន់តែជាមនុស្សស្រីសោះកក្រោះម្នាក់ ដែលមិនចូលចិត្តនិយាយស្តី មិនចូលចិត្តលេងច្រើន ឬទាក់ទងជាមួយមនុស្សនៅជុំវិញខ្លួននោះទេ។ ខ្ញុំជាមនុស្សស្រីដែលមិនចូលចិត្តមនុស្សប្រុស ឬនិយាយឱ្យងាយនោះគឺស្អប់មនុស្សប្រុសជាទីបំផុត ព្រោះតែរឿងអតីតកាលជាច្រើន បានញាំញីឱ្យខ្ញុំមិនអាចបំភ្លេចស្នាមដានដែលឈឺចាប់ ហើយបានបោះត្រាក្នុងបេះដូងដ៏ខ្ទេចខ្ទាំមួយនេះ។ ពេលដំបូងដែលស្គាល់គាត់ ខ្ញុំមិនចូលចិត្ត ខ្ញុំស្អប់ចរិតព្រានរបស់គាត់ម្នាក់នោះខ្លាំងណាស់។ ព្រោះខ្ញុំមិនមែនជាប្រភេទមនុស្សស្រី ដែលក្លាយជារបស់លេងសើចរបស់អ្នកណាម្នាក់នោះទេ។ តែមិនដឹងថាហេតុអ្វីកាន់តែស្អប់កាន់តែឃើញមុខ កាន់តែស្អប់​​ គាត់កាន់តែតាមស្អិត ហើយពុះពាររហូតដល់ខ្ញុំស្រាប់តែចិត្តទន់ជាមួយគាត់។ ហើយក៏បន្តការរាប់អានគ្នាជាមិត្តភក្តិ ជាមនុស្សដែលអាចនិយាយរឿងក្នុងចិត្ត និងរហូតដល់ឈានទៅរកសេចក្តីស្នេហាដែលមិនអាចកាត់ផ្តាច់បាន។ ខ្ញុំមានការភ័យខ្លាចខ្លាំងណាស់ ដែរថាអាចមានថ្ងៃណាមួយខ្ញុំនឹងទទួលរងភាពឈឺចាប់នូវសំណល់អតីតកាលរបស់គាត់។ ប៉ុន្តែការពិតទៅ ពេលដែលយើងស្រលាញ់គ្នា ស្រាប់តែខ្ញុំសង្កេតឃើញថាអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរ។ គាត់ឈប់លេងសើចជាមួយមនុស្សស្រីដទៃ គាត់លែងចាប់អារម្មណ៍ជាមួយអ្នកណា គាត់បានក្លាយជាមនុស្សប្រុសម្នាក់ដែលមានតែខ្ញុំក្នុងដួងចិត្តរបស់គាត់។ ចំណែកខ្ញុំ បានក្លាយទៅជាមនុស្សថ្មីចេះនិយាយស្តី ចេះញញឹម ចេះរួសរាយ។ ការពិតទៅស្នេហាពិត ក៏បានផ្លាស់ប្តូរមនុស្ស២នាក់ឱ្យប្រែក្លាយជាចំនុចមួយល្អផងដែរ។

ក្តីស្រលាញ់ភាពផ្អែមល្ហែម វាក៏មិនមែនមានតែគ្រប់ពេលដែរ។ ខ្ញុំដឹងថារឿងអតីតកាលអាចនឹងរំខានបច្ចុប្បន្នកាលរបស់យើងបាន ហើយខ្ញុំក៏ធ្លាប់បានត្រៀមចិត្តទទួលយកវាដែរ។ មនុស្សស្រីដែលធ្លាប់ទាក់ទងគាត់ មនុស្សស្រីដែលគាត់ធ្លាប់ធ្វើឱ្យឈឺចាប់ បានព្យាយាមមករំខាន និងបំបែកបំបាក់ពួកយើង។ មានរឿងខ្លះខ្ញុំអាចទទួលយកបាននឹងស៊ូជាមួយគាត់ ប៉ុន្តែរឿងពិតខ្លះបែរជាធ្វើឱ្យខ្ញុំស្ទើរស្លាប់ទាំងរស់។ ខ្ញុំបានសុំគាត់បែកជាច្រើនដង និងខឹងគាត់យ៉ាងខ្លាំង ប៉ុន្តែទោះបែកគ្នាប៉ុន្មានដង ពួកយើងនៅតែវិលត្រឡប់រកគ្នាបាន។  វាជានិស្ស័យដែលមិនអាចកាត់ផ្តាច់បាន។ ម្យ៉ាងពេលនេះ ជារឿងក្នុងពេលនេះ ហេតុអ្វីត្រូវយករឿងពីមុនគិតនាំតែឈឺក្បាល? ខុសប៉ុន្មានដងខុសធ្ងន់យ៉ាងណា  នេះគ្រាន់តែជាអតីតកាលដែលកន្លងហួស។ រឿងខ្លះក៏គ្មានអ្នកណាចង់ឱ្យកើតឡើងដែរ អ្វីដែលយើងត្រូវគិតគូនោះគឺកែប្រែអតីតកាលឱ្យមានភាពល្អប្រសើរសម្រាប់បច្ចុប្បន្ន  និងធ្វើឱ្យអនាគតនៅថ្ងៃមុខកាន់តែមានន័យ។ និស្ស័យធ្វើឱ្យពួកយើងជួបគ្នា ឆ្លងការលំបាក និងពុះពារជាមួយគ្នា។ ហើយថ្ងៃនេះក៏បានមកពីលទ្ធផលស្នេហាស្មោះរបស់ពួកយើងដែរ។

ទីបញ្ចប់ក្តីស្រលាញ់ស្មោះតែងតែឈ្នះរាល់ឧបសគ្គទាំងឡាយបែបនេះឯង បានជាពួកយើងដើរមកដល់ផ្លូវអាពាហ៍ពិពាហ៍ដ៏ស្រស់បំព្រងមួយនេះ។ ទាំងផ្លូវជីវិត ទាំងផ្លូវស្នេហាគ្មានផ្លូវមួយណាដែលក្រាលដោយព្រំក្រហមទទួលយើងទេ។ គ្រប់ផ្លូវទាំងអស់សុទ្ធតែក្រាលដោយគ្រួស បន្លា និងឧបសគ្គរាប់មិនអស់ ទោះជាជឿលើនិស្ស័យ តែបើពួកយើងមិនចាប់ដៃស៊ូជាមួយគ្នាជំនះផ្លូវលំបាកទាំងអស់នោះទេ ក៏ថ្ងៃនេះពេលនេះផ្លូវជីវិតរបស់ពួកយើងក៏មិនអាចគ្របដណ្តប់ដោយផ្កាស្លាដែរ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]