** ប្រលោមលោកខ្មែរឡូត **

អ្នកណាថាកើតជាកូនអ្នកមានទ្រព្យជាភ័ព្វសំណាង? វាអាចជាព្រេងសំណាង ហើយវាក៏អាចជាបណ្តាសាមួយដ៏សែនអាក្រក់ផងដែរ។ ជីវិតក្មេងស្រីម្នាក់នេះអាចជាឧទាហរណ៍ដ៏ល្អ ហើយក៏អាចជារឿងដ៏ជូរចត់មួយសម្រាប់អ្នកផងដែរ។

ជាកូនស្រីម្នាក់ដែលស្ថិតក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិ និងមុខមាត់ក្នុងសង្គម ហើយព្រោះតែសង្គមមនុស្សសព្វថ្ងៃគិតលើសម្បកក្រៅជាជាងចិត្តគំនិត និងចំណេះវិជ្ជា សូម្បីតែពេលខ្លះនាងក៏ពិបាកនឹងធ្វើជាខ្លួនឯងដែរ ។ នាងត្រូវសម្របខ្លួនតាមសង្គមដ៏ខ្មៅកខ្វក់មួយនេះ ត្រូវធ្វើខ្លួនរៀបឫកពា តាំងពីការហូបចុក ស្លៀកពាក់ សម្តីសំដៅ។ ពេលខ្លះនាងធុញ និងតូចចិត្ត ចង់ក្លាយជាខ្លួនឯងពិតប្រាកដម្នាក់ ធ្វើអ្វីដែលខ្លួនចង់ធ្វើ។ ចង់ធ្វើជាមនុស្សសាមញ្ញម្នាក់ ដើរលេង មើលកុន និយាយ និងលេងជាមួយមនុស្ស និងមិត្តភក្តិដែលខ្លួនចូលចិត្ត ហើយ ស្លៀកពាក់សំលៀកបំពាក់សាមញ្ញ នូវអ្វីដែលនាងសប្បាយចិត្តនិងចង់ធ្វើ ។

ប៉ុន្តែសង្គមនេះបានបង្ខំឱ្យនាងធ្វើអ្វីដែលនាងមិនចង់ធ្វើ ។ នាងស្អប់កែវភ្នែករបស់មនុស្សនៅក្នុងសង្គមមួយនេះ ។ ស្អប់សម្តីខ្សឹបខ្សៀវដែលលាន់ឮពេញខួរក្បាលរបស់នាងគ្រប់ពេលវេលា។ ស្អប់ពាក្យនិន្ទា និងការច្រណែនឈ្នានីសពីមនុស្សនៅក្នុងសង្គមមួយនេះ។ ស្អប់ភាពល្អនៅហ្នឹងមុខ ស្អប់ការអែបអប និងបញ្ជោរដែលគ្មានខ្លឹមសារពីមនុស្សអស់ទាំងនោះ ហើយនាងក៏ដឹងថាការគោរព ការស្រលាញ់ ការយកចិត្តរបស់មនុស្សទាំងឡាយ គឺមិនមែនដោយសារតែនាង ឬគ្រួសារនាងទេ នោះគឺដោយសារតែទ្រព្យសម្បត្តិ និងឋានៈរបស់នាងតែប៉ុណ្ណោះ។ នាងស្អប់ដែលត្រូវតែសម្របតាម មិនហ៊ានតវ៉ា និងចាំតែស្តាប់មតិមនុស្សជុំវិញដែលមិនដឹងសខ្មៅ។ ស្អប់ដែលពួកគេបានសង្កត់នាងរហូតដកដង្ហើមមិនរួច។ ស្អប់អ្វីដែលល្អក្លាយជាអាក្រក់ អាក្រក់ក្លាយជាល្អ ហើយនាងត្រូវឈរបិទភ្នែកទាំងសតិមានគ្រប់ ១០។

ជីវិតមនុស្សក្នុងសង្គមមនុស្សសព្វថ្ងៃបែបនេះឯង ។ នាងដឹងអ្វីគ្រប់យ៉ាង តែក៏ធ្វើបានត្រឹមបិទភ្នែក បិទត្រចៀកធ្វើគថ្លង់ មិនអើពើអ្វីដែលនៅចំពោះមុខ។ វាពិបាកទ្រាំតែនាងក៏ត្រូវតែធ្វើវា។ ហើយសង្គមដែលនាងស្អប់ខ្ពើមមួយនេះ ក៏បានមកពីគ្រួសារនិងម៉ាក់ប៉ារបស់នាងដែរ។ បើសិនជាគ្រួសាររបស់នាងមិនមានទ្រព្យសម្បត្តិមហាសាល ហើយប្រសិនបើពេលនេះគ្រួសារនាងមានជីវភាពសាមញ្ញធម្មតា ពេលនេះនាងប្រាកដជាក្មេងស្រីដ៏រីករាយបំផុតនៅលើលោកហើយ។ តែមើលពេលនេះចុះ នាងជាអ្នកនាងដែលឯកាម្នាក់។ ឪពុកម្តាយតែងតែរវល់នឹងការងារ មិនដែលបានមើលថែ មិនបានផ្តល់ការស្រលាញ់ មិនបាននៅជិតស្និទ្ធនឹងកូន ឬសួរសុខទុក្ខក៏គ្មាន។ គ្រួសារដែលមានទ្រព្យសម្បត្តិភាគច្រើនចូលចិត្តយកលុយមកជះ និងគិតថាវាអាច ទិញសេចក្តីសុខឱ្យកូន តែការពិតអត់ទេ។ លុយវាសំខាន់ណាស់ ហើយការរស់នៅជុំគ្រួសារក៏រឹតតែសំខាន់ណាស់ទៅទៀត។

នេះក៏ជាហេតុផលមួយដែលបានធ្វើឱ្យកូនអ្នកមានទាំងឡាយភាគច្រើនសុទ្ធតែមានបញ្ហា។ បញ្ហាដែលកើតមានឡើងច្រើនបំផុតនោះ គឺធ្វើឱ្យកូនៗខូច ដើរផ្លូវមិនត្រឹមត្រូវ ចរិតក្មេងក្អាង មិនដឹងខុសត្រូវ ហើយបើធ្ងន់ធ្ងរខ្លាំងអាចឈានរហូតដល់ប្រព្រឹត្តិអំពើអបាយមុខជាដើម។ បើជាកូនដែលមិនបានដើរផ្លូវខុសទេ កូនៗភាគច្រើននឹងកើតជំងឺទាក់ទងនឹងសតិអារម្មណ៍ អាចនឹងគិតច្រើន ពិបាកចិត្តច្រើន តូចចិត្តច្រើន ហើយអាចឈានទៅរកបញ្ហាខួរក្បាលថែមទៀតផង។ សង្ឃឹមថារឿងមួយនេះអាចធ្វើឱ្យគ្រួសារអ្នកមានជាច្រើនគិតឡើងវិញ ពិចារណាអំពើរបស់ខ្លួនឯងថា តើអ្វីដែលបានធ្វើកន្លងមកចំពោះគ្រួសារនិងកូនៗត្រឹមត្រូវដែរឬទេ? ស្រលាញ់កូននិងគ្រួសារមិនមែនគ្រាន់តែយកលុយច្រើនមកអាចដោះស្រាយបានទេ ចូរយកការស្រលាញ់ និងមនោសញ្ចេតនាមកប្រើឱ្យបានច្រើនបំផុត។ លុយសំខាន់ អ្នកក៏មិនអាចចោលវាបានដែរ តែក៏មិនត្រូវយកលុយជាធំហួសហេតុរហូតដល់ភ្លេចមនុស្សជាទីស្រលាញ់នោះទេ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]