អាមេរិក៖ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinho បាននិយាយថា ការដែលអាចនាំ Cristiano Ronaldo ត្រលប់មកកាន់ Manchester United វិញនោះ គឺជារឿងដែលមិនអាចធើ្វទៅបានឡើយ។

អនាគតរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នៅក្លិបអធិរាជស Real Madrid រូបនេះ ធ្លាប់ស្ថិតក្នុងភាពស្រពិចស្រពិលក្រោយពីករណីដែលតុលាការប្រទេសអេស្ប៉ាញចោទប្រកាន់រូបគេថា បានគេចវេសមិនបង់ពន្ធក្នុងចំនួនទឹកប្រាក់ ១២.៩លានផោន (១៦លានដុល្លារ) កាលពីពេលថ្មីៗនេះ។

Ronaldo អំឡុងពេលលេងឲ្យ Real Madrid រដូវកាលមុន

Ronaldo នឹងត្រូវបង្ហាញខ្លួននៅតុលាការនៅចុងខែនេះ ដើម្បីដោះស្រាយបញ្ហាខាងលើ ហើយរូបគេក៏មានការខឹងសម្បារផងដែរ នេះបើយោងតាមប្រធានក្លិប Real Madrid លោក Florentino Perez បានឲ្យដឹង។

គួររម្លឹកផងដែរ ធ្លាប់មានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា Ronaldo ធ្លាប់ពិភាក្សាសម្ងាត់ជាមួយប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi មុនការប្រកួតដែល Real Madrid យកឈ្នះក្រុម Juventus ក្នុងវគ្គផ្ដាច់ព្រ័ត Champions League កាលពីពេលកន្លងទៅ។

គ្រូបង្វឹកដែលដឹកនាំ Man Utd លើកពាន៣ ក្នុងរដូវកាលមុន លោក Mourinho បាននិយាយថា៖''ខ្ញុំនឹងមិនចំណាយពេលអត់ប្រយោជន៍ ទៅគិតលើរឿងកីឡាករដែលយើងមិនអាចនាំមកបានទេ»។  រូបលោកបន្ដថា៖ «យើងមិនដែលគិតលើរឿងចង់នាំ Ronaldo មក Man Utd ទេ ព្រោះគេគឺជាកីឡាករដែលសំខាន់សម្រាប់ក្លិប និងមានសក្ដានុពលនៅទីនោះ។ ពួកយើងមិនអាចរកហេតុផលអ្វីដែលគិតថា យើងអាចនាំ Ronaldo ត្រលប់មកវិញនោះទេ''។

លោក Jose Mourinho ថា ការដែលនាំ Ronaldo មក Man Utd គឺជារឿងដែលមិនអាចធើ្វទៅបានឡើយ
តារាឆ្នើម Cristiano Ronaldo

គួរឲ្យដឹងថា កីឡាករ Cristiano Ronaldo បានចូលរួមជាមួយក្រុមបិសាចក្រហម Manchester United កាលពីឆ្នាំ២០០៣ ហើយរូបគេបានឈ្នះពានរង្វាន់ជាច្រើនជាមួយក្លិបនៅអង់គ្លេសនេះ  មុននឹងចាកចេញទៅកាន់ក្លិបអធិរាជស Real Madrid ក្នុងតម្លៃ៨០លានផោន (ជាង១០០លានដុល្លារ) កាលពីឆ្នាំ២០០៩៕

Ronaldo អំឡុងពេលលេងឲ្យ Man Utd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]