(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

សម្រាប់ព្រឹត្តិការណ៍ជាតិដ៏ធំមួយនេះ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ បានប្រកាសអំពីការបញ្ចៀសចរាចរ បណ្តោះអាសន្ន សម្រាប់អ្នកធ្វើដំណើរ នៅតាមផ្លូវធំៗ ជុំវិញបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាទីរៀបចំពិធីអបអរសាទរដល់ការ ដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា «ការបញ្ចៀសចរាចរនេះ នឹងធ្វើឡើងចាប់ពីម៉ោង៤៖០០ រសៀលរហូតដល់ម៉ោង១០៖០០យប់»។

សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។

ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕

នៅល្ងាចនេះ រាជរដ្ឋាភិបាលនឹងរៀបចំពិធីអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក, សាលារាជធានីភ្នំពេញ ប្រកាសពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ដល់ពលរដ្ឋទាំងរស់នៅ និងធ្វើដំណើរជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]