(កំពង់ឆ្នាំង)៖ ជុំវិញរឿងខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសម្នាក់ នៅស្រុករលាប្អៀ, ​លោកឧត្តមសេនីយ៍ត្រី ឡុច សុវណ្ណរ៉ា ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះថា សង្ស័យប្លន់សម្លាប់យករថយន្ដម៉ាក Highlander ដោយជនរងគ្រោះជាអ្នកបើករថយន្ដតាក់ស៊ី ពីខេត្តពោធិ៍សាត់ ទៅរាជធានីភ្នំពេញ។

បើតាមលោកស្នងការ ​បុរសជាជនរងគ្រោះ ដែលត្រូវ​ខ្មាន់កាំភ្លើងបាញ់សម្លាប់ធ្លាយក្បាលនោះ ឈ្មោះ ​អៀង ​ចិត្រា ហៅចិត្ត ​អាយុ៤៣ឆ្នាំ មានទីលំភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ដោយឡែករថយន្ដដែលជនសង្ស័យយកទៅនោះ ម៉ាក Highlander ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J-1125។

សូមរំលឹកថា មានករណីភ្ញាក់ផ្អើលមួយកើតឡើង ខណៈដោយបុរសម្នាក់ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ រួចអូសទម្លាក់ចោលនៅលើដងផ្លូវ​។ ហេតុការណ៍នេះបានកើតឡើងនៅ​យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រង់ចំណុចផ្លូវអាលុង​ចូលទៅគោកស្តៅ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ច បានចុះទៅពិនិត្យ នៅកន្លែងកើតកើតហេតុ ហើយមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតនៅឡើយទេ​។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ ដើម្បី​ចាប់ខ្លួនយកមក ផ្តន្ទាទោសតាមផ្លូវច្បាប់​៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]