ឥណ្ឌា៖  ស្រ្តីជនជាតិឥណ្ឌាម្នាក់ ត្រូវគ្រួសារខាងប្តីប្រើហិង្សា វាយធ្វើបាបមិនប្រណីដៃ បន្ទាប់ពីដឹងថា នាងឆ្លងទន្លេសម្រាលបានកូនស្រី និងជម្លោះរឿងមិនប្រគល់ចំណងដៃ ដែលមានតម្លៃជាង១ម៉ឺនដុល្លារ ក្នុងថ្ងៃរៀបការឲ្យទៅឲ្យពួកគេវិញ។ នេះបើយោងតាមប្រភពសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

តាមរយៈខ្សែវីដេអូឃ្លីប បានបង្ហាញយ៉ាងច្បាស់ពីសកម្មភាព របស់បុរសពីរនាក់ ដែលត្រូវបានគេស្គាល់ថា ម្នាក់គឺជាបងប្អូនសាច់ថ្លៃជាមួយនឹងនារីរងគ្រោះ និងម្នាក់ទៀតត្រូវជាមិត្តភក្តិបងប្អូនសាច់ថ្លៃរបស់នាង បានយកដងវាយកូនហ្គូល វាយទៅលើនារីរងគ្រោះយ៉ាងចាស់ដៃ ខណៈនារីរងគ្រោះគេឃើញថា អង្គុយននៀលនឹងដីទាំងភិតភ័យ ហើយព្យាយាមលើកដៃរង និងបានស្រែកយំយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ Meena Kashyap អាយុ៣៥ឆ្នាំ មកពីទីក្រុង Patiala រដ្ឋ Punjab ប្រទេសឥណ្ឌា ត្រូវបានគ្រួសារខាងប្តីរបស់នាង ធ្វើទារុណកម្មវាយធ្វើបាបយ៉ាងចាស់ដៃបែបនេះ កាលពីសប្តាហ៍មុន ខណៈពេលប្តីរបស់នាងមិននៅផ្ទះ។

ហេតុការណ៍ព្រៃផ្សៃនេះ បានកើតឡើង មិនយូរប៉ុន្មានក្រោយពេលនារីរងគ្រោះសម្រាលបានកូនស្រី។  គ្រួសារខាងប្តីមិនពេញចិត្ត និងបដិសេធមិនទទួលយក។ មួយវិញទៀត នាងនិងស្វាមីជាប់ពាក់ព័ន្ធនឹងជម្លោះដណ្ដើមលុយចំណងដៃគ្នាជាង ៧០០,០០០រូពី (ប្រហែលនឹង ១០,៨៨២ដុល្លារអាមេរិក) ផងដែរ។ នារីរងគ្រោះចង់រៀបចំកសាងអនាគតគ្រួសារថ្មីមួយ ដោយប្រើប្រាស់លុយចំណងដៃ  មិនឲ្យគ្រួសារខាងប្តីជាអ្នកគ្រប់គ្រងឡើយ  ជាហេតុកើតជាជម្លោះបែបនេះ។

ទោះបីជាយ៉ាងណា ក្រោយកើតហេតុជនដៃដល់ត្រូវជាសាច់ថ្លៃរបស់នារីរងគ្រោះ ឈ្មោះថា Kamalifeet និងម្នាក់ទៀតឈ្មោះ Gaurav  ពេលនេះកំពុងត្រូវបានចោទប្រកាន់ពីបទ បង្ករបួសស្នាម និងហិង្សាដោយចេតនា។

គួរឲ្យដឹងថា លុយចំណងដៃ គឺជាទំនៀមទំលាប់ប្រពៃណីមួយ ក្នុងប្រទេសឥណ្ឌា ដែលតម្រូវឲ្យគ្រួសារខាងស្រី ប្រគល់មកឲ្យកូនក្រមុំ ដើម្បីឲ្យនាងយកមកប្រើប្រាស់ សាងគ្រួសារជាមួយប្តី។ ពោលគឺមានន័យថា យកប្រាក់ទាំងនោះដើម្បីជួយទំនុកបំរុងក្នុងគ្រួសារថ្មីរបស់នាង ជំនួសដោយការទទួលមរតកផ្សេងៗពីគ្រួសារ។

ជាទូទៅ ស្រ្តីនៅក្នុងប្រទេសឥណ្ឌាភាគច្រើន តែងត្រូវបានគ្រួសារខាងប្តីវាយធ្វើបាប និងអាចមានករណីឈានដល់ការសម្លាប់ចោលក៏មាន ប្រសិនណាបើគ្រួសារខាងស្រីគ្មាន ឬបដិសេធមិនប្រគល់ចំណងដៃ តាមការទាមទារណាមួយរបស់គ្រួសារខាងប្រុស បន្ទាប់ពីរៀបការរួច ៕

ទស្សនាវីដេអូខាងក្រោម៖

នារីរងគ្រោះមានឈ្មោះ Meena Kashyap អាយុ៣៥ឆ្នាំ មកពីទីក្រុង Patiala រដ្ឋ Punjab ប្រទេសឥណ្ឌា
ជនដៃដល់ត្រូវជាសាច់ថ្លៃរបស់នារីរងគ្រោះ ឈ្មោះថា Kamalifeet និងម្នាក់ទៀតឈ្មោះ Gaurav បច្ចុប្បន្ន កំពុងតែត្រូវបានចោទប្រកាន់ពីបទ រំលោភបំពាន និងប្រើហិង្សាដោយចេតនា បង្ករបួសស្នាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]