សេណេហ្គាល់៖ យ៉ាងហោចណាស់មានមនុស្ស៨នាក់បានស្លាប់ ក្នុងការប្រកួត League Cup វគ្គផ្ដាច់ព្រ័តមួយក្នុងប្រទេសសេណេហ្គាល់ កាលពីថៃ្ងសោរ៍ម្សិលមិញនេះ ដែលមូលហេតុគឺបណ្ដាលមកពី ជញ្ជាំងនៅកីឡដ្ឋាននោះ បានបាក់ស្រុតមកលើអ្នកទស្សនាដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងមានការរត់ជាន់គ្នាតែម្ដង។

រដ្ឋមន្រ្ដីក្រសួងកីឡា ក្នុងប្រទេសសេណេហ្គាល់ លោក Matar Ba បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង៨នោះ គឺមានក្មេងស្រីម្នាក់ផងដែរ ខណៈដែលមនុស្ស៦០នាក់ផ្សេងទៀត រងរបួសក្នុងករណីខាងលើនេះ។ 

លោក Matar Bar បាននិយាយថា លោកប្ដេជ្ញាថា នឹងមានវិធានការរឹងមាំដើម្បីកុំឲ្យមានករណីបែបនេះ កើតឡើងក្នុងប្រទេសសេណេហ្គាល់ម្តងទៀត។

ជញ្ជាំងនៃកីឡដ្ឋានបានបាក់ស្រុត​

មូលហេតុនៃការរត់ជាន់គ្នានេះកើតឡើងដោយសារ មានអំពើហិង្សារវាងអ្នកគាំទ្រក្រុមទាំង២ ហើយប៉ូលិសក៏បានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបាញ់បំបែកក្រុមទាំងនោះ។ 

បន្ថែមពីនេះទៀតអំឡុងពេលដែលកំពុងជ្រួលច្របល់ កើតហិង្សាដាក់គ្នានេះ ជញ្ជាំងក្នុងកីឡដ្ឋានក៏បានរលំបាក់ស្រុតមកចំអ្នកគាំទ្រតែម្តង ដែលធើ្វឲ្យអ្នកគាំទ្រខ្លះមានការភ័យស្លន់ស្លោ រហូតដល់រត់ជាន់គ្នា។

ការរត់ជាន់គ្នារហូតបាត់បង់ជីវិតបែបនេះបានកើតឡើងជារឿយៗនៅតំបន់អាហ្វ្រិកខាងត្បូង ដោយសារប្រព័ន្ធរក្សាសុវត្ថិភាពនៅទីនោះនៅមានកម្រិត។ ដោយឡែកកាលពីខែកុម្ភៈកន្លងទៅ ក៏មានមនុស្សយ៉ាងតិច១៧នាក់ផងដែរ ដែលបានស្លាប់ដោយសារហេតុការណ៍ស្រដៀងគ្នានេះនៅប្រទេសអង់ហ្គោឡា៕

ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកបាញ់ដើម្បីបំបែកក្រុមអ្នកគាំទ្រ
កីឡដ្ឋានត្រូវបានខូចខាតដោយសារករណីរត់ជាន់គ្នា
មនុស្សរត់ជាន់គ្នាក្នុងកីឡដ្ឋាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]