** ប្រលោមលោកខ្មែរឡូត **

ខ្ញុំនិងគេជាមិត្តនឹងគ្នាយូរហើយ ។ ជាមិត្តនឹងគ្នារហូតគេនាំគ្នាបង្អាប់ថា ពេលណារៀបការនឹងគ្នាទៀតផង។ តែការពិតទៅមិត្តភាពពួកយើងនៅដដែល ហើយក៏មិនដែលលើសលស់ ពីពាក្យថាមិត្តភក្តិដែរ។ គេជាមនុស្សល្អ សុភាពរាបសារ ទោះជាមិនសូវចេះនិយាយស្តី មិនសូវលេងសើចច្រើន និងមិនចួលចិត្តញញឹមបន្តិច តែខ្ញុំក៏ចូលចិត្តគេ។ អ្នកណាទៅដឹងទៅថាខ្ញុំបែរជាលួចស្រលាញ់មិត្តភក្តិខ្លួនឯង មិត្តដែលរាប់អានគ្នាតាំងពីតូច ធ្លាប់ញ៉ាំបាយ ធ្លាប់ងូតទឹក ធ្លាប់ទៅលេងផ្ទះគ្នាទៅវិញទៅមកសោះ។ បើមើលតាមសម្បកខាងក្រៅប្រាកដជាគ្មានអ្នកណាដឹងទេ ព្រោះខ្ញុំតែងតែបង្ហាញថាជាមិត្តជិតស្និទ្ធហើយគ្មានទំនាក់ទំនងអ្វីលើសពីមិត្ត។ តែការពិតខ្ញុំស្រលាញ់គេជាយូរមកហើយ តែនេះក៏មិនមែនជាបញ្ហា ដែលបញ្ហាសំខាន់នោះ គឺ...ខ្ញុំមានសង្សារួចហើយ។ ប្រាកដជាមានអ្នកលួចជេរពេលដឹងរឿងមួយនេះ តែគ្មានអ្នកណាយល់ចិត្តខ្ញុំទេ ថាវាពិបាកយ៉ាងណា ក្នុងការជ្រើសរើសមនុស្សដែលយើងស្រលាញ់ជាយូរតែគេធ្វើធម្មតា ហីៗដាក់យើង ដែលគ្មានសញ្ញាថាវានឹងអាចវិវឌ្ឍន៍ជាមិត្តភាពលើសពីនេះ និងមនុស្សដែលយើងលួចចូលចិត្ត កោតសរសើរ ចំណេះដឹង ភាពចាស់ទុំ និងភាពជាអ្នកដឹកនាំរបស់គេនោះទេ។ ខ្ញុំនិងសិស្សច្បងក៏បានទាក់ទងគ្នាអស់រយៈពេល២ឆ្នាំមកហើយ។ វាក៏ល្អដែរ ព្រោះគាត់មិនដែលធ្វើឱ្យខ្ញុំខូចចិត្ត ឬពិបាកចិត្តប៉ុន្មានទេ ទោះពេលខ្លះមានមនុស្សស្រីចោមរោមគាត់ច្រើនយ៉ាងណាក៏ដោយ។ ប៉ុន្តែ មិត្តម្នាក់នោះនៅតែស្ថិតក្នុងបេះដូងខ្ញុំ។ រឿងស្នេហានេះពិតជាស្មុគស្មាញមែន ហើយចិត្តមនុស្សស្រី ដែលពូកែរេរាដូចខ្ញុំក៏រឹតតែពិបាកយល់។ គិតៗទៅអ្វីគ្រប់យ៉ាងមកពីខ្ញុំកំសាក។ សម័យនេះទៅហើយមនុស្សប្រុសស្រីមានសិទ្ធស្មើរគ្នាតើ បើខ្ញុំសារភាពប្រាប់មិត្តថាខ្ញុំស្រលាញ់គេក៏មិនទាស់ខុសអីដែរមែនទេ? តែខ្ញុំខ្លាចបាក់មុខ ខ្លាចត្រូវខូចចិត្ត និងខ្លាចពិបាកធ្វើចិត្តទទួលយកការបដិសេធមិនបាន។ បែបនេះហើយខ្ញុំក៏សុខចិត្តដើរតាមផ្លូវមួយនេះ ដែលលាក់មនុស្សម្នាក់នៅក្នុងបេះដូង ទាំងដែលមានសង្សាយល់ចិត្តខ្ញុំរួចទៅហើយ។

កន្លងផុតទៅប៉ុន្មានឆ្នាំមិត្តភាព និងស្នេហាបានដើរទន្ទឹមគ្នា។ មិត្តនៅតែជាមិត្ត ស្នេហាក៏នៅតែជាស្នេហា គ្រាន់តែខ្ញុំនៅតែរារែកចំពោះការកាត់ចិត្តឱ្យដាច់ពីសេចក្តីស្នេហាដែលលាក់ទុកក្នុងចិត្ត ចំពោះមិត្តម្នាក់នោះ។ រយៈពេលក្រោយៗមកសង្សាររបស់ខ្ញុំបានចាប់ផ្តើមធ្វើឱ្យខ្ញុំឈឺចាប់ ហើយមនុស្សដែលខ្ញុំតែងតែនឹកដល់មុនគេ គឺមិត្តម្នាក់នោះ។ គេគឺជាមនុស្សម្នាក់ដែលតែងតែនៅក្បែរខ្ញុំទាំងពេលសប្បាយចិត្ត និងកើតទុក្ខ ទោះគេមិនចេះនិយាយច្រើន ពូកែលួងលោម តែគេក៏បានធ្វើឱ្យខ្ញុំកក់ក្តៅចិត្តរាល់ពេលមានគេនៅក្បែរ។ គួរឱ្យអស់សំណើចណាស់ រយៈពេលដែលនៅជាមួយសង្សារកាន់តែតិចទៅៗ ភាពឈឺចាប់ព្រោះតែសង្សារក៏កាន់តែធ្ងន់ធ្ងរទៅ ហើយអារម្មណ៍ដែលមានចិត្តលើមិត្តម្នាក់នោះបែរជាកាន់តែរីកធំ។ នៅថ្ងៃដែលខ្ញុំយំខ្លាំង ហើយមិត្ត ម្នាក់នោះឱបខ្ញុំលួងលោម ខ្ញុំពិតជាសប្បាយចិត្ត និងរំភើបចិត្តមែនទែន បើសិនជាពេលនោះគេសារភាពថាស្រលាញ់ខ្ញុំតែមួយម៉ាត់ខ្ញុំប្រាកដជាយល់ព្រមភ្លាមដោយមិនស្ទាក់ស្ទើរទោះមានឈ្មោះថាក្បត់ស្នេហា ជាស្រីសាវ៉ាក៏ដោយ តែវាគ្រាន់តែជាការស្រមៃដែលមិនអាចទៅរួច។ ថ្ងៃនោះគេជូនខ្ញុំទៅផ្ទះដោយមិននិយាយស្តីអ្វីទាំងអស់។ ខ្ញុំគេងយំរាប់ម៉ោងដែលខ្ញុំមិនអាចនៅក្បែរគេលើសពីពាក្យថាមិត្ត។

ព្រឹកស្អែកឡើងខ្ញុំបានរៀបចំខ្លួនចេញពីផ្ទះដើម្បីចង់ប្រាប់មិត្តម្នាក់នោះពីរឿងក្នុងចិត្ត បើទោះបីជាត្រូវបដិសេធក៏ដោយ។ វាប្រសើរជាងលាក់ទុកក្នុងចិត្តដែលប្រៀបបីដូចជាដុំថ្មសង្កត់ក្នុងបេះដូង។ ស្រាប់តែខ្ញុំបានឃើញសង្សាររបស់ខ្ញុំកំពុងចាំខ្ញុំនៅមុខផ្ទះទាំងមុខស្រពោន។ គាត់បានពោលពាក្យសុំទោស និងអង្វរខ្ញុំជាច្រើនដើម្បីឱ្យខ្ញុំវិលត្រលប់មករកគាត់វិញ ព្រោះតែយប់មិញខ្ញុំបានខលទៅសុំគាត់បែកគ្នា។ អ្នកណាទៅដឹងចិត្តដែលមុះមុតមុននេះ ស្រាប់តែទន់ជ្រាយដូចក្រមួនត្រូវថ្ងៃ នៅពេលដែលឮសម្តីលួងលោមពីមនុស្សម្នាក់នេះ។ គាត់បានយកចិញ្ចៀនមួយវង់មកពាក់ឱ្យខ្ញុំ ហើយសន្យាថានឹងរៀបការជាមួយគ្នានៅប៉ុន្មានឆ្នាំខាងមុខទៀត។

ខ្ញុំក៏ស្រវាឱបគាត់ទាំងទឹកភ្នែក។ គិតទៅចិត្តមនុស្សស្រីពិតជាពិបាកយល់មែនទែន ជាពិសេសចិត្តបែរជាទន់ជ្រាយ និងពូកែរំភើបបំផុតពេលដែលឮមនុស្សប្រុសសុំរៀបការ។ ខ្ញុំលែងរារែក ហើយក៏ងក់ក្បាលយល់ព្រម នឹងការស្នើសុំរបស់សង្សាររបស់ខ្ញុំ។ ការដែលយើងរង់ចាំ និងរំពឹងរបស់ដែលស្ទើរតែមិនអាចក្លាយជារបស់យើង វានឹងធ្វើឱ្យយើងឈឺចាប់ខ្លាំងជាមិនខាន។ ខ្ញុំមិនគួរខ្ជះខ្ជាយពេលវេលានឹងអនាគតដែលគ្មានពន្លឺនោះទេ។ ទាន់មានបុរសល្អដែលស្រលាញ់ ខ្វល់ពីយើង និងគិតគូពីអនាគតជាមួយយើងបែបនេះ យើងមិនគួរបណ្តោយឱ្យមនុស្សល្អៗចាកចេញនោះទេ។ ខ្ញុំនឹងរក្សាបុរសល្អម្នាក់នេះ និងស្មោះស្ម័គ្រចំពោះគាត់តែម្នាក់គត់។ ទោះជាពិបាកធ្វើចិត្តតែខ្ញុំសន្យានឹងធ្វើឱ្យបាន។ លាហើយមិត្តជិតស្និទ្ធជាទីស្រលាញ់ ៕ 

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]