បច្ចេកវិទ្យា

Microsoft បង្កើតកម្មវិធីដែលជួយដល់ជនពិការភ្នែក ក្នុងការមើលពិភពលោកខាងក្រៅ

ដែត ២ ខែមុន

បរទេស៖ ក្រុមហ៊ុន Microsoft បានប្រើប្រាស់ AI​ ដើម្បីប្រើនៅក្នុងកម្មវិធីមួយ ដែលប្រាប់ពីអាយុរបស់អ្នក នៅពេលដែលអ្នកបញ្ចូលរូបភាពរបស់អ្នក ហើយក្នុងពេលនេះក្រុមហ៊ុនខាងលើនេះបានប្រើ AI ដដែល ដើម្បីសំរួលឲ្យមានភាពងាយស្រួលកាន់តែច្រើនជាងមុន នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ជនពិការភ្នែក។

មុខងារសំខាន់ៗរបស់Seeing AI

កម្មវិធីថ្មីរបស់ក្រុមហ៊ុន Microsoft នេះមានឈ្មោះថា Seeing AI ដែលកម្មវិធីនេះប្រើសំលេង ដែលបញ្ចេញពីកម្មវិធីក្នុងការប្រាប់ពី ព័ត៌មានទៅដល់ជនពិការភ្នែក។ កម្មវិធីនេះនឹងប្រើប្រាស់ Camera របស់ទូរស័ព្ទ ដើម្បីចាប់យករូបភាព និងបរិយាយពីមនុស្ស អក្សរ និងវត្ថុទាំងឡាយដែលនៅជុំវិញខ្លួន។

កម្មវិធី Seeing AI មិនត្រឹមតែអាចចំណាំមុខមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចមើលដឹងពីអារម្មណ៍របស់មនុស្ស ដែលត្រូវបាន Scan ទៀតផង ដោយតាមរយៈការ Scan មើលទឹកមុខ។ វាក៏អាចប្រាប់ពីអាយុបូករួម ជាមួយនឹងរូបរាងខាងក្រៅរបស់មនុស្សដែលអ្នក Scan ទៀតផង។ បើតាមវីដេអូផ្សព្វផ្សាយរបស់ Microsoft គឺយើងបានឃើញថា AI បាន Scan ស្រ្ដីម្នាក់ដែលកំពុងញញឹមថា “នារីម្នាក់ពាក់វ៉ែនតាដែលមានអាយុ ២៨ឆ្នាំ មើលទៅមានអារម្មណ៍សប្បាយរីករាយ”។ វាក៏អាចប្រាប់ពីសកម្មភាពរបស់មនុស្សផងដែរ។ 

ការបរិយាយពីមនុស្សដែលត្រូវបានScan
ការបរិយាយពីសកម្មភាពរបស់មនុស្ស

ក្រុមហ៊ុន Microsoft ក៏បានប្រាប់ដែលថា Seeing AI ក៏អាច Scan ទំនិញបានដែលដោយពឹងផ្អែកទៅលើបារកូដរបស់ទំនិញនោះ ដែលនឹងធ្វើឲ្យការទិញទំនិញរបស់មនុស្សពិការភ្នែក មានភាពងាយស្រួលជាងមុន។ នៅពេលដែលវា Scan វានឹងបញេ្ចញសំលេងជាច្រើនដង ដើម្បីបញ្ជាក់ថា វាកំពុងតែស្វែងរកព័ត៌មាននៃទំនិញនោះ។

ការ Scan បារកូដរបស់ទំនិញ

Seeing AI អាចអានទិន្នន័យ អត្ថបទឬក៏សៀវភៅបាន ហើយវាក៏នឹងប្រាប់អ្នកប្រើប្រាស់ដែរ បើសិនជាគេដាក់ក្រដាសមិនត្រូវជ្រុង។ វាក៏អាចស្គាល់ និងចំណាំំមូលដ្ឋាននៃឯកសារផងដែរ ដូចជាចំនងជើង កថាខណ្ឌ និងបញ្ជីដែលអាចឲ្យអ្នកប្រើប្រាស់បញ្ជាតាមសំលេងក្នុងការរំលងកន្លែងណាមួយ។

ការ Scan អក្សរ

លើសពីនេះទៅទៀតវាក៏អាចចំណាំនឹងប្រាប់ពីចំនួនទឹកប្រាក់ក្នុងក្រដាសប្រាក់នីមួយៗ និងចាប់រូបភាពហើយបរិយាយពីអ្វី ដែលនៅលើ App ដទៃទៀតផងដែរ។ នៅក្នុងពេលនេះកម្មវិធី Seeing AI ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុង ៦ប្រទេសរួមមាន សហរដ្ឋអាមេរិក កាណាដា ឥណ្ឌា ហុងកុង នូវែលសេឡង់ និងសិង្ហបុរី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload