** ប្រលោមលោកខ្មែរឡូត **

ពេលខ្លះជីវិតមនុស្សដូចជារឿងនិទាន អ្វីដែលមិនចង់ឱ្យកើតឡើងបែរជាកើតឡើង ហើយអ្វីដែលចង់ឱ្យកើតឡើង បែរជាកើតឡើងទៅវិញ ។ សេចក្តីសុខមិននៅស្ថិតស្ថេរជាអតមតៈនោះទេ។

ពេលនេះប្រពន្ធរបស់ខ្ញុំបានចាកចេញទៅបរទេស ដើម្បីបំពេញការងាររបស់នាង។ ខ្ញុំតែងតែឆ្លៀតផ្ញើបាច់ផ្កាជូនទៅនាងទោះបីនៅឆ្ងាយពីគ្នាសែនឆ្ងាយ និងទូរស័ព្ទទៅលេងជាញឹកញាប់ដើម្បីបញ្ជាក់ពីក្តីស្រលាញ់ និងការនឹករលឹកមួយនេះ។ អ្នកផ្សេងរួមទាំងមិត្តភក្តិបងប្អូនតែងតែដាស់តឿនខ្ញុំក្នុងបំណងល្អ ដើម្បីឱ្យមានការប្រុងប្រយ័ត្ន ព្រោះការបណ្តោយឱ្យប្រពន្ធធ្វើការឆ្ងាយពីមុខពីមាត់បែបនេះ វាមិនខុសអីពីបោះចំណីក្នុងមាត់ខ្លាទេ។ តែខ្ញុំស្រលាញ់ប្រពន្ធខ្ញុំ ខ្ញុំទុកចិត្តនាង និងជឿជាក់លើក្តីស្រលាញ់មួយនេះថាវាមិនប្រួលប្រែអស់មួយជីវិត។ ស្រាប់តែមួយរយៈ ក្រោយមកនេះ ប្រពន្ធរបស់ខ្ញុំរវល់ការងារកាន់តែខ្លាំង រហូតគ្មានពេលសូម្បីតែទទួលទូរស័ព្ទរបស់ខ្ញុំ។ ខ្ញុំអផ្សុក ខ្ញុំឯកា ខ្ញុំនឹកនាង។ ខ្ញុំមានរឿងជាច្រើនដែលចង់និយាយជាមួយនាង ប៉ុន្តែទូរស័ព្ទនៅក្រៅតំបន់សេវារហូត។ វាធ្វើឱ្យខ្ញុំចាប់ផ្តើមភ័យខ្លាច​ និងបារម្ភថាប្រពន្ធខ្ញុំអាចនឹងផ្លាស់ប្តូរដូចពាក្យគេឯងនិយាយ។ ពេលដែលប្រពន្ធខ្ញុំខលមកខ្ញុំវិញ ខ្ញុំមិនបានលើកទូរស័ព្ទនាងទេ ព្រោះខ្ញុំបានដឹងរឿងមួយដែលធ្វើឱ្យខ្ញុំរន្ធត់ចិត្ត និងមិនអាចទទួលយកបានទាល់តែសោះ។ ខ្ញុំអស់សង្ឃឹមខ្លាំងណាស់ ហេតុអ្វី?ហេតុអ្វីក៏វាក្លាយទៅជាបែបនេះ? តើឱ្យខ្ញុំដោះស្រាយបែបណាទៅ? ក្រោយពីសម្រួលស្មារតី និងតាំងចិត្តបានប៉ុន្មានថ្ងៃខ្ញុំក៏បានខលទៅរកនាង និងហៅនាងមកលែងលះគ្នា។ អ្វីផ្សេងខ្ញុំអាចទទួលយកបាន តែចំពោះរឿងមួយនោះ ខ្ញុំមិនអាចទទួលយកបានដាច់ខាត។ នាងក៏ត្រលប់ពីក្រៅប្រទេសវិញទាំងឆ្ងល់ដែលខ្ញុំហៅនាងមកលែងលះទាំងអន្ទះសារបែបនេះ

« បងឯងឆ្កួតទេ? សុខៗហេតុអ្វីមកហៅអូនលែងលះ? »

« កុំនិយាយច្រើនស៊ីញ៉េទៅ ខ្លួនឯងបានធ្វើអ្វីខ្លះដឹងខ្លួនឯងហើយ»

« បងឯងនិយាយអី? អូនបានធ្វើអីខុសខ្លះ? »

« ខ្ញុំមិនចូលចិត្តអ្នកណាលួចស៊ីក្រោយខ្នងខ្ញុំទេ កុំស្មានតែខ្ញុំមិនដឹងថានាងមាន ប្រុសឱ្យសោះ នាងមិនទទួលស្គាល់ តែការពិតមេឃដឹងដីដឹង » ខ្ញុំបោះរូបថតដែលមានគេលួចថតបានពេលនាងបណ្តើរជាមួយបុរសម្នាក់ដែលស្លៀកពាក់ទំនងជាចៅហ្វាយរបស់នាងចូលសណ្ឋាគារ ឱ្យនាងមើល។ នាងកាន់រូបមើលទាំងញ័រដៃ កែវភ្នែកញ័រទទ្រើកដោយតំណក់ទឹកភ្នែក

« អូនគ្រាន់តែទៅធ្វើការ ហើយដែលអូនខំធ្វើការមួយថ្ងៃៗ ចេញទៅក្រៅគ្មានបានសម្រាក បាយទឹកមិនត្រង់មាត់ អ្វីៗដើម្បីតែអ្នកណា?  តែបងឯងបែរជាគិតអីឆ្កួតៗទៅវិញ»

« មិនបាច់ខំបកស្រាយទេ ស៊ីញ៉េហើយរៀបចំអីវ៉ាន់ចេញទៅ លុយកាក់ និងរឿងទ្រព្យសម្បត្តិដែលចែកគ្នាខ្ញុំនឹងបញ្ជូនទៅតាមក្រោយ មិនឱ្យនាងខាតបង់ទេ ចេញទៅ ឱ្យបាត់ពីមុខខ្ញុំ » 

ពេលឮសម្តីរបស់ខ្ញុំភ្លាម ប្រពន្ធខ្ញុំស្រែកយំទាំងទឹកភ្នែកសស្រាក់។

« បងឯងនឹងស្តាយក្រោយ​»

ខ្ញុំក៏អាណិតនាងដែរ តែទោះបីជាយ៉ាងណាខ្ញុំត្រូវតែធ្វើបែបនេះ។ ខ្ញុំឈរសម្លឹងមើលខ្នងប្រពន្ធរបស់ខ្ញុំជាលើកចុងក្រោយ ដែលកំពុងអូសវ៉ាលិសខោអាវចេញពីផ្ទះទាំងទឹកភ្នែកស្រក់ជោរជន់ឥតដាច់។

៦ខែកន្លងផុតទៅខ្ញុំឮដំណឹងថា នាងជិតរៀបការជាមួយប្តីថ្មីរបស់នាងហើយ។ ខ្ញុំញញឹមមើលធៀបការដែលបានផ្ញើមកពីព្រឹកមិញ។ ល្អហើយដែលនាងមិនរស់នៅរងទុក្ខ អាចរកមនុស្សប្រុសថ្មីដែលល្អជាងខ្ញុំ ហើយអាចមើលថែនាងអស់មួយជីវិតបាន។ ខ្ញុំគេងញញឹមលាយទឹកភ្នែកលើគ្រែក្នុងបន្ទប់សម្រាប់អ្នកជំងឺមហារីកដំណាក់កាលចុងក្រោយម្នាក់ឯង។ ល្អណាស់ដែលខ្ញុំរៀបគម្រោងការបានល្អចោទប្រកាន់នាង អាចឱ្យនាងស្អប់ខ្ញុំបាន ដោយនាងមិនបានដឹងពីស្ថានភាពជំងឺពិតប្រាកដរបស់ខ្ញុំ។ ល្អមែនទែនដែលនាងមានសេចក្តីសុខនឹងជីវិតថ្មី ។ ខ្ញុំសប្បាយចិត្ត ដែលអាចត្រៀមខ្លួនចាកចេញពីពិភពលោកនេះម្នាក់ឯង ដោយមិនបាច់ពិបាកអ្នកណា និងធ្វើឱ្យអ្នកណាម្នាក់មកឈឺចាប់ ឬខូចចិត្តចំពោះការចាកចេញរបស់ខ្ញុំនៅពេលខាងមុខ។

លាហើយប្រពន្ធសម្លាញ់ចិត្តបង៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]