អាមេរិក៖  គេថាសំណាងពិតជាមើលមិនឃើញមែន ថ្ងៃនេះស៊យតែមិនប្រាកដថាថ្ងៃស្អែកស៊យទៀតឯណា។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ យុវតីសញ្ជាតិអាមេរិកម្នាក់ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងត្រូវបានគេដឹងថា  ត្រូវឆ្នោតផ្ទួនៗគ្នា ឈ្នះលុយរាប់សែនដុល្លារ  សូម្បីខ្លួននាងផ្ទាល់ ក៏សឹងតែមិនជឿលើសំណាងរបស់ខ្លួនដែរ។ នេះបើយោងតាមប្រភពសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

នាង Rosa Dominguez អាយុ១៩ឆ្នាំ បានត្រូវឆ្នោតផ្ទួនៗគ្នាចំនួន២ដង ត្រឹមរយៈពេលមួយសប្តាហ៍។  សំណាងត្រូវឆ្នោតលើកទី១  គឺនៅពេល  Rosa កំពុងបើកឡានចេញពីរដ្ឋ Arizona  ត្រឡប់ទៅផ្ទះវិញ។  នាងមានអារម្មណ៍មួយនឹកគិតថា ខ្លួននាងអាចនឹងមានសំណាងក្នុងថ្ងៃនេះ  បើនាងហ៊ានប្រថុយលេងឆ្នោតមួយជើង។  គិតរួចនាងក៏បានបើកឡានចូលស្ថានីយប្រងឥន្ធនៈមួយកន្លែង ដើម្បីចុះទៅទិញឆ្នោតកោសផ្សងសំណាង Power 5 អស់២ទៅ៣សន្លឹក ដែលក្នុងមួយសន្លឹកមានតម្លៃ ៥ដុល្លារ។

អ្វីដែលនឹកស្មានមិនដល់នោះ គឺសំណាងរបស់នាងពិតជារត់មករកនាងមែន ព្រោះឆ្នោតកោសផ្សងសំណាង Power 5 នោះ ធ្វើឲ្យនាងឈ្នះរង្វាន់ធំ  ទឹកប្រាក់  ៥៥៥,៥៥៥ដុល្លារអាមេរិកឯណោះ។

Rosa និយាយថា នាងពិតជាភ្ញាក់ផ្អើល និងរំភើបភ័យញ័រខ្លួនអស់ហើយ រហូតដល់ថ្នាក់ចង់យំទៀតផង។

ក្រោយរំលងបានរយៈពេលពីរបីថ្ងៃ បន្ទាប់ពីឈ្នះឆ្នោត បានលុយកន្លះលានរួច Rosa ក៏បានបើកឡានចូលទៅកាន់ស្ថានីយប្រេងឥន្ធនៈមួយកន្លែងផ្សេងទៀត ស្ថិតក្នុងតំបន់ Monterey County រដ្ឋ California ដើម្បីសាកល្បងផ្សងសំណាងឆ្នោតកោសជាលើកទី២។

Rosa  បានទិញឆ្នោតកោស Lucky Fortune វិញម្តង ដែលមួយសន្លឹកមានតម្លៃ ៥ដុល្លារដូចគ្នា។ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាលើកទី២សម្រាប់នាង ព្រោះនាងបានកោតឈ្នះលុយ ១០០,០០០ដុល្លារអាមេរិក

Rosa បានថ្លែងប្រាប់ភ្នាក់ងារឆ្នោត California Lottery ឲ្យដឹងថា លុយដែលនាងឈ្នះបានទាំងអម្បាលម៉ានកន្លងមក  នាងមានគម្រោងថានឹងទិញរថយន្តថ្មីស្រឡាងមួយគ្រឿង និងឡើងផ្សារ (Shopping) ដើររកទិញរបស់របរ ទុកប្រើសប្រាស់សម្រាប់ខ្លួននាង៕  

នាង Rosa Dominguez អាយុ១៩ឆ្នាំ បានត្រូវឆ្នោតផ្ទួនៗគ្នាចំនួន២ដង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]