** ប្រលោមលោកខ្មែរឡូត **

ហេតុអ្វីក្នុងសាច់រឿងនីមួយៗទាំងក្នុងសៀវភៅ ក្នុងកុន ក្នុងប្រលោមលោក គេនិយាយតែពីតួឯក? ហេតុអ្វីគេមិនដែលនិយាយអំពីតួរងផង? តួរងជាមនុស្សមិនសំខាន់ឬ? បែបនេះហើយបើសិនជាថ្ងៃណាមួយខ្ញុំបានក្លាយជាអ្នកនិពន្ធ ខ្ញុំនឹងសរសេររៀបរាប់ពីជីវិតរបស់តួរងហើយ។ ហេតុផលនោះព្រោះតែ..... ក្នុងជីវិតពិតរបស់ខ្ញុំពេលនេះក៏ជាតួរងម្នាក់ដែរ ។ កម្សត់ណាស់មែនទេ? ខ្ជិលនិយាយច្រើនណាស់ ដល់ម៉ោងគេចេញពីរៀនល្មម។

« នែ! ភ្លឹកអីហ្នឹង គ្នាហៅច្រើនដងហើយណា » និយាយមិនទាន់ផុតពីមាត់ផង សំឡេងមនុស្សស្រីស្រួយស្រេះដូចសារិកាបានបន្លឺមករាងខឹងបន្តិច លេងសើចបន្តិច។ នាងគឺពិសីហ្នឹងឯង។ ជាមិត្តរាប់អានគ្នាតាំងពីសម័យណាមិនដឹងទេ មិនចាំផង។ ពេលដឹងខ្លួនម្តងទៀត ពួកយើងក៏ស្និទ្ធនឹងគ្នាបែបនេះរហូតអ្នកផ្សេងគេយល់ច្រលំនិងបង្អាប់លេង។ ពិសីជាមនុស្សរួសរាយ ចូលចិត្តសប្បាយ ចូលចិត្តញញឹម និងសើចខ្លាំងៗ នាងជាមនុស្សស្រស់ស្រាយបែបនេះឯងបានជានាងមានមិត្តភក្តិច្រើន ហើយដោយសារតែភាពរួសរាយរបស់នាងបានជាពួកយើងរាប់អានគ្នាបានយូររហូតក្លាយជាមិត្តយ៉ិនស៊ិន។

« មិនបានភ្លឹកអីទេ មើលនេះមើលនោះលេងតើ ហើយចេញពីរៀនយូរហើយ?»

«យូរហើយ ហៅមួយថ្ងៃរវល់តែភ្លឹក បែបលួចស្រលាញ់ណាគេហ្មង ? ប្រាប់គ្នា បានណា មនុស្សស្រីមួយសាលានេះអ្នកណាក៏គ្នាស្គាល់ដែរណា ចាំគ្នាជួយល្អទេ ? »

« ឆ្កួត!!! គ្មានស្អីទេ...ចេះតែនិយាយហើយ »

« អេ... ឬឯងមិនស្រលាញ់ស្រីទេ? ហាហា....ចឹងបានឯងអត់ដែលមានសង្សានឹង គេសោះ»

« នែ!! និយាយមួយម៉ាត់ទៀតមើលឱ្យដើរទៅផ្ទះឥឡូវ»

« អូយ កាចម៉េះ និយាយលេងតើ តោះៗ ទៅផ្ទះវិញក៏បាន » ពួកយើងក៏នាំគ្នា ជិះចេញទៅ ហើយសំឡេងនិយាយប៉ប៉ាច់ប៉ប៉ោចរបស់ពិសីនៅតែលាន់ឮឥតដាច់សូរ។

ការពិតទៅខ្ញុំមិនមែនថាគ្មានសង្សាទេ ហើយក៏មិនមែនថាមិនធ្លាប់មានសង្សាដែរ តែរាប់អានគ្នាយូរៗទៅ ខ្ញុំចាប់ផ្តើមធុញ ចាប់ផ្តើមមិនចង់រាប់អានអ្នកណាទាល់តែសោះ។ តែមិនមែនថាខ្ញុំស្រលាញ់មនុស្សប្រុសដូចយាយមាត់អាក្រក់និយាយទេណា។ ក៏ព្រោះតែ..ម្នាក់ស្អីឈ្មោះពិសីហ្នឹងហើយ។ រាល់ពេលកំពុងណាត់ជួបស្រីៗម្តងណា ពិសីនោះតែងតែខលមករំខាននេះ រំខាននោះ ខ្ញុំក៏ត្រូវទៅរកពិសី ហើយរត់ចោលគេពាក់កណ្តាលទី រហូតដល់ស្រីៗគេខឹង ហើយសុំខ្ញុំបែកគ្នាទៅ។ ហ៊ើយ! បែបនេះឯងបានជាខ្ញុំគ្មានសង្សាហ្នឹងគេ។ ដោយសារតែខ្លួនឯងជាដើមហេតុហើយ នៅមានមុខមកនិយាយថាឱ្យគេទៀត យ៉ាប់ណាស់យាយប៉ិស្អីគេនេះ។ ប៉ុន្តែចំណែកពិសីវិញបែរជាមានសង្សារ មានមនុស្សប្រុសតាមស្រលាញ់រាប់មិនអស់ ហើយរាល់ពេលគេឈ្លោះគ្នា និងខឹងគ្នាម្តងៗខ្ញុំក្លាយទៅជារបស់ដែលគេបញ្ចេញកំហឹង។ គិតទៅសាច់កម្មមែនទែន។ តែធ្វើម៉េចបើពិសីមានតែខ្ញុំម្នាក់ជាមិត្តជិតស្និទ្ធ ដែលអាចនិយាយរឿងរ៉ាវក្នុងចិត្តប្រាប់នោះ។ ឱ្យតែរាល់ពេលនាងខឹងម្តងៗតែងតែវ៉ៃខ្ញុំបញ្ចេញកំហឹង គ្មានស្គាល់សាច់មនុស្សសាច់ស្អីទេ ហើយរាល់ពេលនាងកើតទុក្ខ ឬចូលតួកម្សត់ ដែលគេចំណាំហៅថា Drama ខ្ញុំក៏ក្លាយទៅជាខ្នងឱ្យនាងផ្អែកបំបាត់ទុក្ខ រហូតអាវខ្ញុំជោគក្លាយជាសមុទ្រទឹកភ្នែកទឹកសំបោររបស់នាងទៅហើយ។ តែខ្ញុំនៅតែសប្បាយចិត្តនិងព្រមធ្វើគ្រប់យ៉ាង ឱ្យតែជាការស្នើសុំរបស់នាង។ ពេលខ្លះខ្ញុំក៏មិនយល់ពិចិត្តខ្លួនឯងថាអ្វីដែលខ្ញុំធ្វើគឺជាអ្វី? ហេតុអ្វីខ្ញុំត្រូវចំណាយពេលឥតប្រយោជន៍ធ្វើរឿងអស់ទាំងនេះ? ឬវាជា «សេចក្តីស្នេហា? »  ស្នេហាអ៊ីចឹងហ្ហេ? បើជាស្នេហាហេតុអ្វីខ្ញុំនៅតែទ្រាំធ្វើអ្វីគ្រប់យ៉ាងដើម្បីនាង ហេតុអ្វីក៏ខ្ញុំនៅតែអាចធ្វើចិត្តធម្មតាពេលដែលនាងមាន សង្សារអស់ពីមួយចូលមួយ? ហេតុអ្វីខ្ញុំបែរជាគ្មានអារម្មណ៍អ្វីទាំងអស់?មិនមែនថាគ្មានទេ គ្រាន់តែខ្ញុំមិននិយាយចេញមក។ មែនហើយខ្ញុំសារភាពថា ការពិតខ្ញុំតែងតែចូលចិត្តកុហកខ្លួនឯង។ ខ្ញុំចូលចិត្តពិសី ខ្ញុំស្រលាញ់ពិសី។ ប៉ុន្តែពិសីអាចទទួលយកបានទេ បើសិនជាខ្ញុំសារភាពថាស្រលាញ់នាង? នាងនឹងស្អប់ខ្ញុំឬអត់? ចុះបើនាងបដិសេធ ខ្ញុំនៅតែអាចនៅក្បែរនាងជាមិត្តដូចដើមឬក៏អត់? ការពិតជាខ្ញុំទេដែលត្រូវឆ្លើយសំណួរអស់ទាំងនេះ។ បើនាងបដិសេធ ខ្ញុំពិតជាហ៊ានមុខក្រាស់នៅក្បែរនាងបានទៀតដែរហ្ហេស? អូយឈឺក្បាលណាស់។ ស្នេហាពិតជាស្មុគស្មាញមែន ខ្ញុំមិនគួរបណ្តោយខ្លួនឯងឱ្យលិចលង់អន្លង់មួយនេះសោះ? ហេតុអ្វីសុខៗខ្ញុំទៅស្រលាញ់ពិសី? ហេតុអ្វីខ្ញុំមិនហាមចិត្តខ្លួនឯង? តែការពិតទៅសូម្បីតែខ្លួនខ្ញុំ មិនដឹងខ្លួនឯងថាស្រលាញ់ពិសីតាំងពីពេលណាមកផង។ ឬមកពីយើងជិតស្និទ្ធគ្នាខ្លាំងពេក បានជាបណ្តាលឱ្យខ្ញុំគិតមិត្តភាពមិនស្មោះត្រង់ឱ្យក្លាយជាស្នេហា? បើបែបនេះមែនហេតុអ្វីមិនបណ្តាលឱ្យចិត្តពិសីស្រលាញ់ខ្ញុំវិញផង?? ចិត្តមួយចង់ប្រាប់នាងឱ្យបានអស់ចិត្ត ចិត្តមួយទៀតមិនហ៊ានសារភាពព្រោះតែខ្លាចបាត់បង់នាង បាត់បង់មិត្តភាព មួយនេះ។ កំពុងតែគិតៗស្រាប់តែទូរស័ព្ទខ្ញុំរោទិ៍ គឹជាលេខពិសី។ តើខលមករកអីទាំងយប់ព្រលប់?

« អាឡូ»

« ហ៊ឹៗៗៗ រតនៈ »

«ពិសី? កើតអីហ្នឹង? មានរឿងអី? អ្នកណាធ្វើអីពិសី? »

« មកយកខ្ញុំតិចបានអត់ ហ៊ឹៗៗៗ»

« បានៗ នៅកន្លែងណា ខ្ញុំនឹងទៅភ្លាម » មិនទាន់រួចពីមាត់ផងក៏បារម្ភគេដល់ថ្នាក់ហ្នឹងហើយ។ បែបនេះអាចលាក់អារម្មណ៍ខ្លួនឯងដល់ពេលណាទៅខ្ញុំ? ខ្ញុំមកឈប់នៅមុខសួនមួយកន្លែងជិតផ្សារទំនើបស្រាប់តែពិសីស្ទុះរត់ឱបខ្ញុំទាំងយំ

« រតនៈ ហ៊ឹៗៗៗ »

«មានរឿងអីប្រាប់ខ្ញុំមក » ពិសីគ្រវីក្បាលហើយនៅតែឱបខ្ញុំយំមិនឈប់។ នាង ប្រហែលមិនចង់និយាយ ឬនិយាយអ្វីមិនចេញហើយ។ ល្អឱ្យនាងយំឱ្យអស់ចិត្តចុះ។ ក្រោយមកពិសីក៏បានប្រាប់ថានាងឃើញសង្សាររបស់នាងឌុបមនុស្សស្រីម្នាក់ឱបចង្កេះគ្នាយ៉ាងស្និទ្ធស្នាល ពេលនាងខលទៅ គេក៏មិនលើកទៀត។

« បើគេមានស្រីថ្មីហេតុអីគេមិនប្រាប់ខ្ញុំ? បើគេចង់ដោះដៃហេតុអ្វីបានជាគេ មិនសុំខ្ញុំបែកគ្នាតាមត្រង់? ហេតុអ្វីគេកុហកខ្ញុំ? ហេតុអីៗៗៗ? » ពិសីស្រាប់តែ គក់ខ្ញុំយកៗទាំងកំហឹងលាយទឹកភ្នែក។ នាងកំពុងឈឺចាប់ ហើយខ្ញុំក៏រឹតតែឈឺចាប់ជាងនាងទៅទៀត។ បើពួកយើងស្រលាញ់គ្នា ម្ល៉េះសមពេលនេះពិសីមិនឈឺចាប់បែបនេះទេ។ ចិត្តមួយជំរុញឱ្យខ្ញុំប្រាប់ពិសីពេលឥឡូវនេះ

« ពិសី....!!!» ខ្ញុំចាប់ដៃពិសីនិងសម្លឹងមុខនាងជាប់។ ពិសីធ្វើមុខឆ្ងល់បន្តិចទាំង មុខនៅមានទឹកភ្នែក

«ខ្ញុំ....ខ្ញុំ....ពិសី....ការពិត...ខ្ញុំ....ខ្ញុំ......យើងទៅផ្ទះវិញទៅយប់ហើយ » ស្លាប់ហើយចង្រៃណាស់អារតនៈគ្រាន់តែប្រាប់គេថាស្រលាញ់មួយម៉ាត់ចប់ទៅហើយ តែឯងនេះពិតជាកំសាកមែន។ ពិសីក៏ខ្ទប់មុខយំបន្ត

« គ្មានអ្នកណាស្រលាញ់ខ្ញុំស្មោះទេ គ្មានអ្នកណាគេស្រលាញ់ខ្ញុំ ហេតុអ្វីបានជា មនុស្សប្រុសទាំងអស់សុទ្ធតែបែបនេះ» ខ្ញុំក៏ស្ទុះឱបពិសីក្នុងរង្វង់ដៃ។ ពិសីប្រឹងរើតិចៗ តែក្រោយមកក៏សំងំយំក្នុងដើមទ្រូងរបស់ខ្ញុំយ៉ាងស្ងប់ស្ងាត់។ ខ្ញុំមិនចង់ឃើញទឹកភ្នែកនាង ខ្ញុំមិនចង់ឃើញនាងឈឺចាប់ ខ្ញុំមិនចង់ឃើញសភាពបែបនេះទៀតទេ។ ចាប់ពីស្អែកនេះទៅ បើសិនជានាងគ្មានអ្នកណា ខ្ញុំនឹងចូលខ្លួនមកជំនួសគេម្នាក់នោះ ហើយសន្យាថាមើលថែមិនឱ្យនាងពិបាកចិត្តឬស្រក់ទឹកភ្នែកម្តងទៀតទេ បើទោះបីជានាងមិនទាន់អាចបំភ្លេចគេបានយ៉ាងណាក៏ដោយ។

...............................................................................

៥ឆ្នាំកន្លងផុតទៅ ពេលនេះខ្ញុំនៅកន្លែងថតរូបអាពាហ៍ពិពាហ៍សម្លឹងមើលពិសី ដែលកំពុងតែតុបតែងឈុតកូនក្រមុំទាំងបេះដូងលោតញាប់ញ័រ។ ពេលវេលាកន្លងផុតទៅតែពិសីនៅតែស្អាត នៅតែរួសរាយដូចដើម។ ស្នាមញញឹមរបស់នាងបានក្លាយជាសេចក្តីសុខរបស់ខ្ញុំ។ ខ្ញុំក៏មិននឹកស្មានថាបានឃើញនាងក្នុងឈុតដែលស្អាតបំផុតសម្រាប់មនុស្សស្រីសោះ ប៉ុន្តែ.....

« ធ្វើមុខអីអ៊ីចឹង? ធ្វើកុំភ័យមើល រូបរាងរតនៈឯងស្រដៀងបងសត្យាដែរតើ គ្រាន់តែថតប៉ុណ្ណឹងវាមិនស្លាប់ទេ ថតហើយគេកាត់តបានសោះ ទៅៗ»

ខ្ញុំក៏ចូលបន្ទប់ប្តូរឈុត ហើយស្នាមញញឹមលើមុខក៏រលាយបាត់អស់គ្មានសល់។ រតនៈឯងពិតជាអន់មែន ទោះជាច្រើនឆ្នាំកន្លងផុតទៅយ៉ាងណាក៏ដោយ ឯងនៅតែជាតួជំនួស ឯងមិនអាចក្លាយជាតួឯកបាននោះទេ។ ឈប់ដេកស្រមៃទៅ រឿងពួកឯងវាគ្មានផ្លូវនោះទេ។ ចាំថាថ្ងៃនោះប៉ុន្មានឆ្នាំមុនបន្ទាប់ពីជូនពិសីទៅផ្ទះវិញ ខ្ញុំគេងញញឹមពេញមួយយប់ ព្រោះនឹកឃើញថាថ្ងៃស្អែកខ្ញុំនឹងសារភាពប្រាប់ពិសី ហើយសុំមើលថែបេះដូងដែលប្រេះស្រាំរបស់នាង។ ប៉ុន្តែអ្វីៗរលាយត្រឹមមួយប៉ប្រិចភ្នែក នៅពេលព្រឹកដែលខ្ញុំទៅរកពិសី ខ្ញុំឃើញពិសីយំឱបសត្យា មនុស្សប្រុសដែលតែងតែធ្វើឱ្យនាងយំ និងខូចចិត្ត។ទីបំផុតគេនៅតែនៅជាមួយគ្នា ទីបំផុតគេក៏នៅតែស្រលាញ់គ្នា ហើយវិលត្រលប់រកគ្នា ហើយទីបំផុតខ្ញុំក៏ក្លាយជាតួរងដូចដើម។ គួរឱ្យអស់សំណើចណាស់មែនទេ នេះហើយជីវិតរបស់តួកម្សត់ដូចខ្ញុំ។ ស្តាយណាស់ដែលខ្ញុំមិនមែនជានិពន្ធ ហើយមិនដឹងថាគួររៀបរាប់បែបណាចំពោះទំហំការឈឺចាប់របស់ខ្ញុំនៅពេលនេះ។ តែណ្ហើយ! នេះជាសេចក្តីសុខ និងជាជម្រើសរបស់នាង បើនាងនៅ តែស្រលាញ់គេទោះជាបង្ខំនាងឱ្យមកស្រលាញ់ខ្ញុំយ៉ាងណាក៏នាងគ្មានសេចក្តីសុខដែរ។ ដើម្បីស្នាមញញឹមនាង ខ្ញុំសុខចិត្តនៅត្រង់នេះកំដរនាង លួងលោមនាង និងនៅជាមិត្តរបស់នាងអស់មួយជីវិតបើសិនជានាងនៅត្រូវការខ្ញុំ។ បែបនេះហើយបានជាយើងនៅតែរាប់អានគ្នា ហើយខ្ញុំនៅតែក្លាយជាមនុស្សកំដរនាងរហូតដល់ពេលនេះ។ គឺពេលដែលនាងស្លៀកឈុតរៀបការជាមួយមនុស្សដែលនាងស្រលាញ់។ សត្យាជាបុរសល្អ មានទ្រព្យសម្បត្តិនិងអាចមើលថែពិសីបានល្អ ខ្ញុំមិនបារម្ភទេ។ គ្រាន់តែគេជាបុរសដែលមានមន្តស្នេហ៍ មនុស្សស្រីចោមរោមច្រើន ហើយការងាររបស់គេរវល់ខ្លាំងណាស់សឹងតែគ្មានពេលវេលាឱ្យនាង។ ខ្ញុំក៏បានក្លាយជាមនុស្សជំនួសដែលមានសេចក្តីសុខសេសសល់ពីគេម្នាក់នោះ។ ដូចថ្ងៃនេះអ៊ីចឹង សត្យារវល់ដល់ថ្នាក់មិនអាចមកថតរូបរៀបការជាមួយពិសី។ ខ្ញុំក៏ក្លាយជាមនុស្សប្រុសជំនួសក្នុងចិត្តរបស់នាងម្តងហើយម្តងទៀត។ តែខ្ញុំពេញចិត្ត យ៉ាងហោចណាស់ក៏ខ្ញុំបានឈរកន្លែងដែលក្បែរនាងបំផុត ទោះបីជាឆ្ងាយត្រង់បេះដូងយ៉ាងណាក៏ដោយ។ ហើយខ្ញុំនឹងរីករាយ ញញឹមជូនពរ ចំពោះសុភមង្គលរបស់ពួកគេទាំងពីរទោះជាវាមិនមែនជារបស់ខ្ញុំក៏ខ្ញុំសុខចិត្ត។ ប៉ុន្តែក្តីស្រលាញ់នៅតែមានគ្មានថ្ងៃប្រែ។ ខ្ញុំសន្យា ថាពេលដែលនាងត្រូវការ ពេលដែលនាងឈឺចាប់ ឬថ្ងៃក្រោយដែលគេបោះបង់នាងចោល មនុស្សប្រុសដែលជាតួរងម្នាក់នេះ ស្ម័គ្រចិត្តទទួលនាងដៃពីរពេញដោយបេះដូងបរិសុទ្ធ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]