(ភ្នំពេញ)៖ ដើម្បីផ្ដល់ព័ត៌មានកាន់តែច្រើន និងឆាប់រហ័ស ជុំវិញសកម្មភាពថ្នាក់ជាតិ និងអន្ដរជាតិ ទៅដល់ប្រជាពលរដ្ឋខ្មែរក្នុងសម័យទំនើបនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្រេចបង្កើតវេបសាយផ្លូវការមួយ ហើយថែមទាំងប្រើបច្ចេកវិទ្យាទំនើប ដោយបង្កើត App (Application) ផ្ដល់ព័ត៌មានតាមរយៈស្មាតហ្វូន ឬកុំព្យូទ័រ កាន់តែងាយស្រួលទៀតផង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា វេបសាយរបស់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា(www.nocc.org.kh) បានដំណើរការហើយ កាលពីចុងសប្ដាហ៍កន្លងទៅ។ ប៉ុន្ដែចំពោះ App ក្រុមការងារជំនាញបាននឹងកំពុងបង្កើត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការផ្ដល់ព័ត៌មានដល់មហាជន ពិសេសគឺពាក់ព័ន្ធនឹងសកម្មភាព ក៏ដូចជាលទ្ធផលប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាពេលឆាប់ៗខាងមុខតែម្ដង។

អគ្គលេខាធិការដដែលបានបញ្ជាក់ថា ការបង្កើត App ព័ត៌មានរបស់ NOCC នេះ គឺមានមុនគេបង្អស់ក្នុងតំបន់អាស៊ាន ប៉ុន្ដែទាំងការបង្កើតវេបសាយ និង App ទៀតសោត សម្រាប់តែបម្រើឲ្យសកម្មភាពកីឡាថ្នាក់ជាតិ ឬការចេញទៅប្រកួតលើឆាកអន្ដរជាតិរបស់ក្រុមកីឡាកម្ពុជាតែប៉ុណ្ណោះ។ លោករំពឹងថា ការប្រើបច្ចេកវិទ្យាទំនើបនេះ នឹងក្លាយជាចំណែកមួយទៀត ដើម្បីរួមចំណែកផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើន ក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ៕

NOCC បង្កើត App មុនគេ ដើម្បីផ្ដល់​ព័ត៌មាន​ពីកីឡាផ្សេងៗ ពិសេស​គឺស៊ីហ្គេម

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]