អាល្លឺម៉ង់៖ ក្រុមយក្សអាល្លឺម៉ង់ Bayern Munich បានប្រកាសជាផ្លូវការអំពីការទិញបានកីឡាករ James Rodriguez ពីក្រុមអធិរាជស Real Madrid ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល២ឆ្នាំ ដែលមានន័យថា ប្រធានក្រុមជម្រើសជាតិកូឡុំប៊ីនេះ នឹងធើ្វការរួមគ្នាសាជាថ្មីជាមួយគ្រូបង្វឹកលោក Carlo Ancelotti។

James នឹងត្រូវធើ្វតេស្ដសុខភាពជាមួយ Bayern មុននឹងការផ្ទេររបស់គេទៅកីឡដ្ឋាន Allianz Arena។ 

ក្រុមយក្សអាល្លឺម៉ង់នេះ ក៏អាចមានជម្រើសក្នុងការទិញយកផ្ដាច់កុងត្រារបស់ Rodriguez ផងដែរ នៅពេលដែលផុតកុងត្រានៃការខ្ចីជើងរយៈពេល២ឆ្នាំនោះ ពោលគឺរហូតដល់ចប់ថៃ្ងទី៣០ ខែមិថុនា ឆ្នាំ២០១៩។ 

តម្លៃនៃការខ្ចីជើងនេះអាចនឹងមានតម្លៃរហូតដល់៩លានផោន (១១លានដុល្លារ) និង ៣១លានផោន (៣៩លានដុល្លារ) បើសិន Bayern Munich ចង់ទិញផ្ដាច់តែម្ដង។

Bayern Munich ទិញបាន James Rodriguez ពី Real Madrid ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល២ឆ្នាំ
James នឹងធើ្វការជាមួយអ្នកចាត់ការ Carlo Ancelotti សារជាថ្មី

James Rodriguez បានចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០១៤ ពោលគឺក្រោយការប្រកួត World Cup បានបញ្ចប់។ ក្នុងរយៈពេល៣រដូវកាលមកនេះ James បានបង្ហាញខ្លួនឲ្យ Real ចំនួន១១១ប្រកួត ស៊ុតចូលបាន៣៦គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្ដរួមក្រុមបាន៤១ដង ហើយបន្ថែមពីនេះទៀត ពានរង្វាន់ដែលគេបានឈ្នះមានដូចជា La Liga ចំនួន១ដង Champions League ចំនួន២ដង FIFA Club World Cup ចំនួន២ដង និង UEFA Super Cup ចំនួន២ដង៕

James លើកពាន Champions League រដូវកាលមុន
James អំឡុងពេលលេងឲ្យ Real Madrid រដូវកាលមុន

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]