** ប្រលោមលោកខ្មែរឡូត **

ទឹកចិត្តជាបុរសម្នាក់ ប្តីម្នាក់ និងឪពុកគេម្នាក់តែងតែចង់ឱ្យក្រុមគ្រួសារនិងប្រពន្ធកូនរស់នៅមានសេចក្តីសុខ។ តែខ្ញុំមិនដែលដឹងថាក្តីស្រលាញ់ និងភាពលោភលន់ចង់មានចង់បានរបស់ខ្ញុំពេលនោះធ្វើឱ្យខ្ញុំបាត់បង់គ្រួសារមួយនេះសោះ។

ដោយមិនចង់ឱ្យគ្រួសារខាងប្រពន្ធគេមើលងាយ ខ្ញុំប្រឹងប្រែងណាស់ធ្វើការទាំងយប់ទាំងថ្ងៃដើម្បីឱ្យប្រពន្ធនិងកូនរស់នៅស្រួល ទោះបើជាត្រូវបានគេមើលងាយចំពោះការងារដែលតូចទាបយ៉ាងណាក៏ដោយ។ អ្វីដែលគេឯងនិយាយ និងរិះគន់ ខ្ញុំមិនចង់ស្តាប់ ចង់ខ្វល់នោះទេ អ្វីដែលខ្ញុំដឹងនោះគឺខ្ញុំគិតពីគ្រួសារ និងពង្រឹងការងាររបស់ខ្លួនឯង។ ដោយសារតែការប្រឹងប្រែងមួយនេះហើយបានធ្វើឱ្យខ្ញុំចាប់ផ្តើមមានភាពជោគជ័យក្នុងការងារ។ ប៉ុន្តែការងារកាន់តែរីកចម្រើន ខ្ញុំបែរជាចាប់ផ្តើមឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់ខ្ញុំ។ តែខ្ញុំមានតែប្រាប់ទៅពួកគេវិញនូវហេតុផលពិតនោះគឺ ទ្រាំសិនទៅអ្វីៗដើម្បីគ្រួសារ។ ការងារកាន់តែរីកធំឡើងទៅៗ ខ្ញុំកាន់តែអស់ពេលវេលាជាមួយគ្រួសារ រហូតប្រពន្ធនិងកូនចាប់ផ្តើមមិនសប្បាយចិត្ត ខ្ញុំមានតែប្រាប់ពួកគេដូចមុននូវហេតុផលដដែលៗថា ចាំសិនទៅ ទ្រាំសិនទៅ អ្វីៗគឺធ្វើដើម្បីគ្រួសារ។ ក្រោយៗមកខ្ញុំរវល់ដល់ថ្នាក់មិនបានមកផ្ទះ ពេលខ្លះមានការចេញទៅក្រៅ ញ៉ាំបាយផឹកស៊ីជាមួយភ្ញៀវរហូតដល់គ្មានពេលសូម្បីតែញ៉ាំបាយជាមួយប្រពន្ធកូន។ តែការពិតខ្ញុំធ្វើដើម្បីកូនៗនិងប្រពន្ធមែន។ ខ្ញុំសន្យាជាមួយពួកគេថាត្រឹមតែ២ឆ្នាំទៀតប៉ុណ្ណោះ ខ្ញុំនឹងសងពេលវេលាអ្វីៗគ្រប់យ៉ាងទៅពួកគេវិញ។ តែធ្មេចបើកៗជាង ៥ ឆ្នាំកន្លងទៅហើយ ខ្ញុំនៅតែរវល់នឹងការងារ និងលុយកាក់ដែលហូរចូលមិនឈប់ឈរទៀត។ ការឃ្លាតឆ្ងាយពីក្រុមគ្រួសារក្លាយជារឿងធម្មតាមួយរហូតក្លាយជាទម្លាប់ ហើយខ្ញុំក៏គិតថានឹងគ្មានរឿងអ្វីនោះទេ ព្រោះកូនប្រពន្ធរបស់ខ្ញុំក៏លែងមាត់ក ឬរករឿងដូចមុនដែរ។ តែមិននឹកស្មានថាភាពស្ងប់ស្ងៀមក្លាយជាភ្នំភ្លើងផ្ទុះបែបនេះសោះ។ ប៉ុន្មានខែក្រោយមកបន្ទប់ពីខ្ញុំត្រលប់មកពីប្រជុំនៅក្រៅប្រទេស ស្រាប់តែលែងឃើញមានវត្តមានប្រពន្ធនិងកូនរបស់ខ្ញុំនៅក្នុងផ្ទះដូចមុន។ ខ្ញុំស្រឡាំងកាំង និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ខ្ញុំមិននឹកស្មានថារឿងហេតុវាដល់ថ្នាក់ហ្នឹងសោះ។ ហេតុអ្វីទៅ? ការពិតប៉ុន្មានឆ្នាំនេះអ្វីដែលខ្ញុំធ្វើ មិនបានដើម្បីខ្លួនឯងតែម្តងអត់សោះ។ ខ្ញុំប្រឹងប្រែងគឺដើម្បីឱ្យប្រពន្ធកូនរស់នៅស្រួល ជាមួយជីវភាពថ្មី កូនៗបានញ៉ាំនំចំណីឆ្ងាញ់ និងរៀននៅសាលាល្អថ្លៃៗ រហូតដល់បានរៀននៅក្រៅប្រទេសទៀត។ តើអ្វីដែលខ្ញុំធ្វើខុសត្រង់ណាទៅ? ទីបំផុតខ្ញុំក៏រស់នៅម្នាក់ឯង តែលតោល លែងមានសំឡេងរអ៊ូរទាំរបស់ប្រពន្ធ លែងមានសំឡេងរត់លេងចុះឡើង និងសំឡេងឡូឡាឈ្លោះប្រកែកគ្នារបស់កូនៗ។ តើអ្វីដែលខ្ញុំប្រឹងប្រែងកន្លងមកប្តូរនឹងលទ្ធផលពេលនេះមែនទេ? ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់។

នាទីចុងក្រោយរបស់បុរសម្នាក់នេះដែលប្រឹងប្រែងស្ទើរតែមួយជីវិតដើម្បីគ្រួសារនោះ គឺដេកឈឺលើគ្រែម្នាក់ឯងរង់ចាំថ្ងៃស្លាប់។ ពេលខ្លះពេលវេលាជាមួយមនុស្សជាទីស្រលាញ់សំខាន់ខ្លាំងណាស់ យើងមិនអាចយកលុយមកប្តូរយកពេលវេលាមកវិញបាននោះទេ។ កុំបណ្តោយឱ្យរឿងរ៉ាវល្អៗកន្លងផុតទៅដោយនិយាយពាក្យថាស្តាយក្រោយឱ្យសោះ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]