កុមារអាចអភិវឌ្ឍន៍ខួរក្បាល និងរៀនសូត្រ ពីពិភពលោកជុំវិញបាន ក៏ដោយសារ របស់លេងនេះឯង។ ប៉ុន្តែសព្វថ្ងៃនេះ របស់របរលេងពេញនិយមមួយចំនួន អាចបង្កជាគ្រោះថ្នាក់ដល់ក្មេងៗបាន។

ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. របស់លេង ដែលមានស្លាប 

យន្តហោះបញ្ជា ឬរបស់លេង ដែលមានស្លាបផ្សេងទៀត គឺជារបស់លេងសម្រាប់មនុស្សធំទៅវិញទេ ពីព្រោះក្មេងៗអាចមុត និងរបួស ដោយសារស្លាបឧបករណ៍ទាំងនោះបាន។ បើមិនដូច្នោះអ្នកអាចជ្រើសរើសឧបករណ៍ដែលមានស្លាបជ័រ ឬទន់ជំនួសវិញ។

២. របស់លេងជាឧបករណ៍ពេទ្យ 

របស់លេង ដែលធ្វើឡើងដូចជាឧបករណ៍ពេទ្យ ខ្លះមានទំហំតូចៗ ដែលអាចធ្លាក់ចូលរន្ធច្រមុះ និងបំពង់កបាន។ ហេតុនេះ អ្នកត្រូវប្រមូល ឬដករបស់ដែលទំហំតូចពេកចេញ កុំបណ្តោយឲ្យកុមារលេងឲ្យសោះ។

៣. កងកៅស៊ូ ដែលពាក់នឹងដៃ និងក របស់ក្មេង 

កងកៅស៊ូផ្លុំខ្យល់ ដែលពាក់សម្រាប់ការពារកុមារ អំឡុងពេលហែលទឹក កុំឲ្យលង់ នឹងក្រឡាប់បាន ប៉ុន្តែជាក់ស្តែងផលិតផលខ្លះ មានផ្ទុកសារធាតុពុលដូចជា Isophorone Phenol និង Hexanone ដែលអាចបង្កជាបញ្ហារលាកស្បែក  និងបញ្ហាផ្សេងទៀត។ ហេតុនេះអ្នកត្រូវចេះលៃទំហំកងកៅស៊ូនោះឲ្យបានត្រឹមត្រូវ និងមិនត្រូវពាក់លើសពីកន្លះម៉ោងនោះទេ។

៤. របស់លេងដែលមានថ្មបន្ទះ 

សម្រាប់ក្មេងៗ ថ្មបន្ទះគឺមានរូបរាងដូចជាស្ករគ្រាប់យ៉ាងអ៊ីចឹង។ ពួកគេអាចនឹងលេបវាចូល ហើយសារធាតុ Lithium របស់ថ្ម អាចបង្កឲ្យរលាក និងពុលបាន។ តែទោះជាយ៉ាងណា អ្នកអាចជ្រើសរើសមើល របស់លេងដែលមានបន្ទះបិទថ្ម មួលការបារដោយខ្ចៅទើបជាការល្អ។

៥. កាំភ្លើងជ័របាញ់ទឹក 

ជាធម្មតាកុមារមិនខ្វល់ខ្វាយពីចម្ងាយ ដែលត្រូវលេងបាញ់ទឹក ដោយកាំភ្លើងជ័រទេ។ ប្រសិនបើបាញ់ទឹកក្នុងចម្ងាយជិត ឬខ្លាំងពេក វាអាចបង្កជារបួសតាមបរិវេណផ្ទៃមុខ ជាពិសេសត្រង់ភ្នែកតែម្តង។ ដើម្បីការពារ  ចូរអ្នកគួរទិញវ៉ែនតាការពារសម្រាប់កូនៗ ទើបជាការប្រសើរ។

៦. គ្រាប់ដែកឆក់ 

គ្រាប់ដែកឆក់ មានគ្រោះថ្នាក់សម្រាប់កុមារណាស់ ដោយសារក្មេងអាចលេបចូលពោះ ហើយប្រសិនបើលេបចូលច្រើនគ្រាប់ វានឹងអាចឆក់ជាប់គ្នា បណ្តាលឲ្យស្ទះតាមជញ្ជាំងពោះវៀនជាមិនខាន។

៧. ប៉េងប៉ោង 

សម្លេងប៉េងប៉ោងផ្ទុះបែក អាចធ្វើឲ្យកុមារភ័យ និងក្នុងករណីធ្ងន់ធ្ងរ អាចបណ្តាលឲ្យថ្លង់ថែមទៀត។ ហេតុនេះសូមអ្នកកុំទិញ ប៉េងប៉ោងដែលមាន ក្លិនឈួលខ្លាំង និងមានគុណភាពអន់ ឲ្យកុមារលេងឲ្យសោះ។

៨. ឧបករណ៍បង្វិល ឬ Spinner 

ផ្នែករបស់លេងមួយនេះ អាចបង្កជាគ្រោះថ្នាក់បាន ដោយសារកុមារអាចលេបវាចូលបាន។  រហូតមានក្មេងខ្លះជក់លេង មិនរៀនសូត្រថែមទៀត។ រដ្ឋមួយចំនួននៅអាមេរិក  បានហាមឃាត់កុមារ មិនឲ្យលេងវានៅសាលាទេ។

# របៀបជ្រើសរើស របស់លេងឲ្យកុមារ

• ទំហំ ៖ របស់លេងទាំងឡាយ មិនគួរមានប្រវែងបណ្តោយខ្លីជាង ៦សង់ទីម៉ែត្រ និងមានទទឹងខ្លីជាង ៣សង់ទីម៉ែត្រឡើយ។ រីឯអង្កត់ផ្ចិតក៏មិនត្រូវខ្លីជាង ៥សង់ទីម៉ែត្រដែរ។

• ពណ៌ ៖ ចៀសវាងពណ៌ដែលស្រស់ៗខ្លាំងពេក ជាពិសេសពណ៌លឿងស្រស់បីព្រោះវាមានលាយពណ៌សិប្បនិម្មិតមិនល្អសម្រាប់កុមារ។

• លក្ខណៈ និងធាតុផលិត ៖ របស់លេងទាំងឡាយ មិនគួរមានជ្រុង ឬគែមស្រួច ឬមានប្រហោងធំៗឡើយ។ អ្នកគួរជ្រើសរើសរបស់ដែលធ្វើពីដុំឈើ ជំនួសរបស់ដែលបាញ់ពណ៌ និងលាបពណ៌ផងដែរ៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]