ភ្នំពេញ៖ ទោះជាមិនមានការប្រកួតមិត្ដភាពសម្រាប់ឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ដើម្បីកម្តៅសាច់ដុំយ៉ាងណាក៏ដោយ ក៏គ្រូបង្វឹកលោក Leonardo Vitorino នឹងប្រើប្រាស់ការប្រកួតមិត្ដភាពទល់នឹងក្រុមខ្លាំង Muangthong United នាថៃ្ងអាទិត្យនេះ ដើម្បីជាការសាកល្បងសមត្ថភាព ក៏ដូចជាកម្តៅសាច់ដុំដល់ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំ មុននឹងឈានដល់ការប្រកួតជម្រុះពានរង្វាន់ AFC អាយុក្រោម២៣ឆ្នាំ ដែលកម្ពុជានឹងធើ្វជាម្ចាស់ផ្ទះ។

ក្រោយវិលត្រលប់ពីការប្រកួតពានរង្វាន់ KBZ Bank Cup ក្នុងប្រទេសមីយ៉ាន់ម៉ា ក្រុមគោព្រៃអាយុក្រោម២៣ឆ្នាំ ពុំមានការប្រកួតមិត្ដភាពទៀតឡើយ មុននឹងឈាន់ដល់វគ្គជម្រុះ AFC U២៣ Championship។

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ អំឡុងពេលហ្វឹកហាត់

ក្រុមកម្ពុជាអាយុក្រោម២៣ឆ្នាំ ស្ថិតក្នុងពូល J នឹងត្រូវធើ្វជាម្ចាស់ផ្ទះស្វាគមន៍ក្រុមខ្លាំងៗមួយចំនួនក្នុងទ្វីបអាស៊ីដែលមានដូចជា ក្រុមជម្រើសជាតិជប៉ុន U២៣, ក្រុមជម្រើសជាតិចិន U២៣, និងក្រុមជម្រើសជាតិហ្វីលីពីន U២៣។

ថ្វីបើពុំមានការប្រកួតមិត្ដភាពសម្រាប់ឲ្យក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ធើ្វការកម្តៅសាច់ដុំមែន ប៉ុន្ដែលោក Leonardo Vitorino នឹងប្រើប្រាស់ការប្រកួតទល់នឹងក្រុមខ្លាំងរបស់ថៃ Muangthong United ដែលជាការប្រកួតមិត្ដភាពនោះ សម្រាប់ឲ្យក្រុមកម្ពុជា U២៣ ធើ្វការប្រកួតកម្តៅសាច់ដុំមុនឈានដល់ការប្រកួតជម្រុះ AFC U២៣ Championship។

កីឡាករកម្ពុជាអាយុក្រោម២៣ឆ្នាំ កីឡាករឈុតធំ និងកីឡាករបរទេសមួយចំនួនក្នុងលីកកំពូលកម្ពុជា នឹងរួមគ្នាក្នុងក្រុម Cambodia All Stars ដើម្បីធើ្វការប្រកួតមិត្ដភាពទល់នឹងក្រុម Muangthong United នាថៃ្ងអាទិត្យ ទី១៦ ខែកក្កដា នេះ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក Leonardo និងក្រុមជម្រើសជាតិកម្ពុជា អំឡុងពេលហ្វឹកហាត់

លោក Leonardo បាននិយាយថា៖ «វាជាការប្រកួតមិត្ដភាពសម្រាប់ Cambodia All Stars ដូច្នេះហើយការប្រកួតកម្តៅសាច់ដុំសម្រាប់ U២៣ កម្ពុជា គឺទល់នឹងក្រុម Muangthong United»

សម្រាប់ការប្រកួតជម្រុះ AFC U២៣ Championship ក្នុងពូល J កម្ពុជា U២៣ នឹងត្រូវប៉ះ ជប៉ុន U២៣ នៅថៃ្ងទី១៩ កក្កដា, ចិន U២៣ នៅថៃ្ងទី២១ ខែកក្កដា, និងហ្វីលីពីន U២៣ នៅថៃ្ងទី២៣ ខែកក្កដា៕

លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]