ភ្នំពេញ៖ ថ្មីៗនេះស្ថានីយទូរទស្សន៍ភីអិនអិន ទើបតែចាប់ផ្តើមបញ្ចាំងរឿងភាគខ្មែរមួយរឿងទៀតគឺរឿង «កញ្ញាអំពិលផ្អែម» ដោយតម្រូវឲ្យលោកណាខុន សម្តែងរួមគ្នាជាមួយតួឯកស្រីកូនកាត់អាល្លឺម៉ង់ គឺកញ្ញាម៉ៃយ៉ា។

កិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធី «ជីវិតនិងកម្សាន្ត» របស់ស្ថានីយទូរទស្សន៍ភីអិនអិនកាលពីថ្ងៃសៅរ៍ ទី៨ កន្លងទៅនេះ អ្នកទាំងពីរបាននិយាយថា ពីមុនមក ពួកគេធ្លាប់បានថតស្ពត ឬសំអាងការផ្សេងៗជាមួយគ្នា ប៉ុន្តែសម្រាប់ការថតរឿងវិញ គឺជាលើកទីមួយសម្រាប់អ្នកទាំងពីរនៅក្នុងរឿង «កញ្ញាអំពិលផ្អែម» នេះ។

អ្នកទាំងពីរបន្ថែមថា បើទោះបីនេះជាលើកទីមួយសម្រាប់ការសម្តែងរួមគ្នាក៏ពិតមែន ប៉ុន្តែរាល់ឈុតឆាកនីមួយៗហាក់បីដូចជាស៊ីសង្វាក់ និងចូលតួបានល្អ។

កញ្ញាម៉ៃយ៉ាបានប្រាប់ថា ដោយសារតែកញ្ញាចូលចិត្តលេងខ្លួន និងចរឹតបែបកាចឆ្នាស់ម្ញិកម្ញ៉ក់ស្រាប់ទើបធ្វើឲ្យកញ្ញាសម្តែងចូលតួបានល្អបែបនេះ។

អ្នកទាំងពីរក៏បានប្រាប់ដែរថា ឈុតឆាកដែលពួកគេពេញចិត្តជាងគេនោះគឺត្រង់ពេលដែល លោកណាខុនបានទុកឲ្យកញ្ញាម៉ៃយ៉ានៅផ្ទះតែម្នាក់ឯង ស្របពេលដែលមេឃភ្លៀងខ្លាំងហើយកញ្ញាម៉ៃយ៉ាមានអារម្មណ៍ភិតភ័យ។ ឈុតត្រង់នេះហើយដែលធ្វើឲ្យអ្នកទាំងពីរចាប់ផ្តើមមានចិត្តស្រឡាញ់គ្នាក្នុងខ្សែភាពយន្តមួយនេះ។

ដោយឡែកចំណុចមួយទៀតនោះគឺ ឈុតថើបតែម្តង ដែលធ្វើឲ្យកញ្ញាម៉ៃយ៉ាចាំមិនភ្លេច ព្រោះតែឈុតត្រង់នេះត្រូវថតច្រើនដងទម្រាំតែអ្នកដឹកនាំរឿងទទួលយក។

ទោះបីជាបែបណា អ្នកទាំងពីរក៏នៅតែជួបបញ្ហាលំបាកបន្តិចបន្តួច ដោយសារតែត្រូវថតទាំងពេលឈឺ ពេលភ្លៀង ឬក៏កណ្តាលថ្ងៃខ្លាំង ជាពិសេសនោះសម្រាប់លោកណាខុនផ្ទាល់ដែលតម្រូវឲ្យលោកធ្វើជាជាងថតរូប ទាំងដែលលោកមិនមានជំនាញក្នុងការថតរូបទាល់តែសោះ អីចឹងត្រូវទាមទារការហ្វឹកហាត់ និងរៀនសូត្របន្ថែមពីកាមេរ៉ាមេន។

ដោយឡែកកញ្ញាម៉ៃយ៉ាវិញ ក៏បានរៀបរាប់ដែរថា ដោយសារតែតួកញ្ញាត្រូវតម្រូវឲ្យញុំាអំពិល ហើយពេលខ្លះក៏ត្រូវញុំាអំពិលទុំទៀតផង តែកញ្ញាត្រូវតែសម្តែងឲ្យអ្នកទស្សនាមើលមកឃើញថាកញ្ញាពិតជាពូកែញុំាអំពិលពិតប្រាកដ។

រឿង «កញ្ញាអំពិលផ្អែម» បើទោះបីជាទើបតែចាក់បញ្ចាំងក៏ពិតមែន ប៉ុន្តែទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន។ មូលហេតុទាំងនេះហើយទើបធ្វើឲ្យស្ថានីយទូរទស្សន៍ភីអិនអិន មានកម្លាំងចិត្តក្នុងការបង្កើតរឿងភាគខ្មែរល្អៗជាបន្តទៀត។

«កញ្ញាអំពិលផ្អែម» មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ៨-៩យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

សួមទស្សនាកិច្ចសម្ភាសន៍ពិសេសតាមរយៈវីដេអូខាងក្រោម៖

វគ្គទីមួយ: 

វគ្គទីពីរ: 

វគ្គទីបី: 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃយ៉ា