** ប្រលោមលោកខ្មែរឡូត **

នាងជាកូនអ្នកស្រុកស្រែដ៏គួរឱ្យស្រលាញ់ និងស្រគត់ស្រគុំម្នាក់។ ស្រាប់តែមួយរយៈក្រោយមានបាច់ផ្កានិងសំបុត្រនៅមុខផ្ទះនាងរាល់ព្រឹក ដោយនាងមិនបានដឹងថាជារបស់អ្នកណា។ ចាប់ផ្តើមពីឆ្ងល់បានប្រែក្លាយទៅជាភាពភ័យខ្លាចព្រោះតែមនុស្សអាថ៌កំបាំងម្នាក់នោះ។ ថ្ងៃមួយនាងខំក្រោកពីព្រលឹមដើម្បីចាំលួចមើល ស្រាប់តែនាងឃើញបុរសរូបរាងស្រស់សង្ហា និងថ្លៃថ្នូរម្នាក់យកបាច់ផ្កាដាក់មុខទ្វារផ្ទះរបស់នាង ដូចសព្វមួយដងទាំងញញឹម។ ទឹកមុខគ្មានពិសពុល និងចរិតលក្ខណៈបុរសពិតមានភាពថ្លៃថ្នូររបស់គេ ធ្វើឱ្យនាងមានសេចក្តីក្លាហាន បើកទ្វារចេញមក ស្របនឹងទឹកមុខភ្ញាក់ផ្អើល និងស្រឡាំងកាំងរបស់គេម្នាក់នោះ។

«លោកជាអ្នកណា ហេតុអ្វីធ្វើបែបនេះ? » បុរសម្នាក់នោះរាងស្ទាក់ស្ទើរតែក៏ដាច់ចិត្តញញឹមរៀបរាប់។

បើបកត្រលប់ទៅវិញ កាលពី២០ឆ្នាំមុនបុរសរូបនោះគ្រាន់តែជាក្មេងសុំទានដ៏កម្សត់ម្នាក់តែប៉ុណ្ណោះ។ គេទទួលបានការមើលងាយមើលថោកពីមនុស្សជុំវិញខ្លួន ហើយរស់រងទុក្ខវេទនាដោយសារភាពអត់ឃ្លាន។ អ្វីដែលចាំមិនភ្លេចនោះ គឺពេលថ្ងៃមួយដែលគេអត់មានបាយញ៉ាំ ហើយឃ្លានយ៉ាងខ្លាំង គេក៏ដាច់ចិត្តគោះទ្វារផ្ទះមួយនេះដើម្បីសុំអាហារនិង របស់ខ្លះចម្អែតក្រពះទាំងគ្មានសង្ឃឹម ។ ស្រាប់តែលេចរូបរាងក្មេងស្រីតូចម្នាក់ គួរឱ្យស្រលាញ់ចេញមកនិយាយទាំងភាពរួសរាយ។ ស្នាមញញឹមកក់ក្តៅរបស់នាងធ្វើឱ្យគេសប្បាយចិត្ត ហើយក៏ញាប់ញ័រមិនហ៊ាននិយាយពីគោលបំណងពិតប្រាកដ។ ស្រាប់តែសំឡេងម្តាយរបស់នាងស្រែកសួរពីក្រោយខ្នង។ ការពិតភាពរួសរាយនិងស្នាមញញឹមគួរឱ្យស្រលាញ់របស់នាង បានមកពីម្តាយរបស់នាងសោះ។ មិនទាន់ទាំងហារមាត់និយាយផង ម្តាយនាងក៏ញញឹមហើយនិយាយសម្តីទន់ភ្លន់ទៅកាន់នាងឱ្យយកនំប៉័ង និងទឹកក្រូចឱ្យគេ ព្រោះតែបាយមិនទាន់ឆ្អិន។ គេរំភើបញាប់ញ័រនឹងទឹកចិត្តម្តាយកូនទាំងពីរនាក់នេះណាស់។ នាងរត់ទៅយកនំប៉័ងនិងទឹកក្រូចមួយកែវធំហុចឱ្យគេ។ គេពោលពាក្យអរគុណ

« អរគុណខ្លាំងណាស់ ខ្ញុំជំពាក់គុណឯងហើយ » នាងតូចគ្រវីក្បាលទាំងញញឹម

« អត់ទេ ឯងមិនបានជំពាក់អ្វីខ្ញុំទេ នេះជាទឹកចិត្តម៉ាក់របស់ខ្ញុំនិងខ្ញុំ »

« តែ....»

« បើឯងចង់សងគុណនឹងទឹកចិត្តនេះ ឯងធ្វើអំពើល្អចំពោះអ្នកផ្សេងដែរទៅ ។ អំពើល្អនឹងសងដោយអំពើល្អនោះអី » គេងក់ក្បាលទាំងញញឹម។ មុននឹងចាកចេញពីផ្ទះដ៏កក់ក្តៅមួយនេះ គេខំមើលនិងចំណាំវាទុក ហើយសន្យាខ្លួនឯងថា នឹងត្រលប់មកវិញនៅថ្ងៃណាមួយ។ ដោយសារតែទឹកចិត្តនៅថ្ងៃនោះហើយ បានជាកែប្រែគេឱ្យ ចេះសាងអំពើល្អក្នុងសង្គម ជួយអ្នកដទៃ ហើយពុះពារនឹងជីវិតរហូតមានថ្ងៃនេះ មានការងារល្អ មានឈ្មោះល្បីក្នុងសង្គម។ តែពេលគេត្រលប់មកចង់សងគុណ ស្រាប់តែគេដឹងដំណឹងថា ស្រ្តីចំណាស់ជាម្តាយបានបាត់បង់ជីវិតហើយ។ គេមានការសោកស្តាយជាខ្លាំង គ្មានពាក្យអីបរិយាយ ប៉ុន្តែក្តីសង្ឃឹមនៅតែមានពេលគេដឹងថាក្មេងស្រីដ៏គួរឱ្យស្រលាញ់មួយនោះនៅមានជីវិតនិងកំពុងតែរស់នៅម្នាក់ឯង។ គេបានតាមលួចមើលក្មេងស្រីម្នាក់នេះ ស្នាមញញឹមស្រស់ថ្លាបរិសុទ្ធនៅតែមាន ភាពស្រគត់ស្រគុំសមសួនជានារីក៏រឹតតែធ្វើឱ្យគេធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងដោយមិនដឹងខ្លួន។ បានជាគេសន្យានៅមុខផ្នូរម្តាយរបស់នាងថា គេនឹងស្រលាញ់ និងថែរក្សានាងរហូតទៅអស់មួយជីវិត។ គេក៏ចាប់ផ្តើមបញ្ចេញសំបុត្រស្នេហា និងផ្ញើកុលាបមួយបាច់នៅមុខទ្វារផ្ទះរបស់នាងជារៀងរាល់ថ្ងៃ ដើម្បីរកឱកាសណាមួយសារភាពសេចក្តីស្នេហាចំពោះនាង ប៉ុន្តែបានត្រឹមតែប៉ុន្មានថ្ងៃក៏ត្រូវនាងចាប់បាន។ 

ក្រោយពីស្តាប់រឿងរ៉ាវទាំងអស់នាងក៏ស្រក់ទឹកភ្នែកទាំងញញឹម។ ពួកគេក៏មើលមុខគ្នាទាំងអស់សំណើច ប្រៀបបីដូចជាមិត្តចាស់ដែលបែកគ្នាជាយូរមកអ៊ីចឹង។ ចាប់ពីពេលនោះមក ពួកគេក៏ទាក់ទងគ្នា រហូតឈានទៅរកជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលមួយ។ 

អំពើល្អមិនសាបសូន្យទេ ​ពេលដែលយើងធ្វើល្អ គិតល្អ ព្រហ្មលិខិតនឹងនាំតែមនុស្សៗចូលមកក្នុងជីវិតយើង ហើយនាំមនុស្សអាក្រក់និងរឿងមិនល្អចេញឆ្ងាយជាមិនខាន ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]