ចិន៖ វីដេអូដ៏រន្ធត់មួយ ត្រូវបានរីករាលដាលពេញក្នុងបណ្តាញសង្គមចិន កាលពីពេលថ្មីៗនេះ ដោយបង្ហាញឲ្យឃើញបុរសជាឪពុកដ៏ឃោរឃៅម្នាក់ កំពុងវាយកូនស្រីខ្លួនឯងយ៉ាងចាស់ដៃ ដោយសារតែនាងនាំប្អូនប្រុសមកផ្សារទំនើបទិញនំញ៉ាំ តែមិនបានប្រាប់ឪពុកឲ្យដឹងជាមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន សៀងហៃ កាលពីយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្សារទំនើប ក្នុងស្រុក Shuyang ខេត្ត Jiangsu ប្រទេសចិន បានថតជាប់ឧបទ្ទវហេតុដ៏រន្ធត់មួយនេះយ៉ាងច្បាស់ ឲ្យឃើញថា ដំបូងឡើយ ក្មេងស្រីរូបនោះបានដួលទៅនឹងឥដ្ឋ នៅពេលដែលឪពុកនាងដើរទៅជិត ហើយក្រោយមកបុរសជាឪពុកនោះ បានចាប់ទះកូនស្រីជាច្រើនដៃ មុនពេលដែលចាប់ជើងនាងលើកបោកទៅនឹងជញ្ជាំង។ 

ឪពុកព្រៃផ្សៃ ចាប់កូនបោកនឹងជញ្ជាំង

ក្រោយពីបានវាយដំ បុរសដ៏ឃោរឃៅរូបនោះនៅមិនទាន់អស់ចិត្ត ដោយចាប់ទាញអំបោស បោសសំរាមមកវាយសំពងនាងបន្ថែមពីលើទៀត ដូចជាវាយសត្វគោ គ្មានប្រណីដៃអ្វីបន្ដិចសោះ។ រូបគេបានបន្តវាយរហូតទាល់តែមាន អ្នកនៅជិតនោះបានឃើញ ហើយរត់ចូលទៅឃាត់ ទើបព្រមឈប់ ចំណែកឯក្មេងស្រីតូចដ៏គួរឲ្យអាណិតនោះ បានក្រោកឈរហើយដើរគេចចេញពីកន្លែងនោះទាំងការឈឺចាប់ ហើយជើងរបស់នាងមួយចំហៀងក៏ហាក់មានការរងរបួសខ្លាំងផងដែរ។

ក្រោយកើតហេតុ បុរសខាងលើក៏ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន និងត្រូវបានគេស្គាល់ឈ្មោះថា មានត្រកូល Wei ខណៈបន្ទាប់មកប៉ូលិស បានចេញសេចក្តីថ្លែងការណ៍មួយថា បុរសរូបនេះ នឹងត្រូវឃុំខ្លួនរយៈពេល១៤ថ្ងៃ ប៉ុន្តែគេមិនទាន់ច្បាស់ទេថា នឹងមានអ្វីកើតឡើងបន្តទៀតចំពោះរូបគាត់ បន្ទាប់ពីការឃុំខ្លួនត្រូវបញ្ចប់។

ប្រភពព័ត៌មានបានបញ្ជាក់ថា បើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស លោក Wei ជាបុរសពោះម៉ាយ ដែលមានកូន២នាក់នេះ ហើយរឿងហេតុដែលកើតឡើងនេះ គឺបណ្តាលមកពីគាត់មានការខឹងសម្បារចំពោះកូនស្រី ព្រោះនាងនាំប្អូនប្រុសចេញទៅផ្សារទំនើបទិញនំញ៉ាំ តែមិនបានប្រាប់គាត់ឲ្យដឹង៕ 

ក្មេងស្រីតូចដើរចេញទាំងការឈឺចាប់

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]