ខេត្តប៉ៃលិន ៖ បុរស​វ័យ​ក្មេង​រូប​ស្រស់​សង្ហា​ម្នាក់​ដែល​ទើប​តែ​រៀប​ការ​រួច​ នៅ​យប់​ថ្ងៃ​ផ្សំដំណេក​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​ជាមួយ​កូន​ក្រមុំ​ទេ​ បែ​រជា​ទៅ​ដេក​កៀក​កើយប្រលោម​ស្នេហ៍​​ជាមួយ​សង្សាចាស់នៅ​ខាង​ក្រៅ​បន្ទប់​ក្នុង​ផ្ទះ​របស់​កូន​ក្រមុំ​ទៅ​វិញ​ ដោយ​ទុក​ឱ្យ​នាង​ដេក​ឱបខ្នើយ​យំ​សោក​សង្រេងឯកោ​តែ​ម្នាក់ឯង​ស្ទើរ​គាំង​បេះ​ដូង​ស្លាប់​នៅ​ក្នុង​បន្ទប់​ ។ គួរ​ឱ្យ​ហួស​ចិត្ត​ថែម​ទៀត ​ដោយ​សារ​ពេល​ការ​រួច​មិន​ទាន់​ទាំង​រើ​រោង​ដឹកយក​ទៅ​ឱ្យ​គេ​ និង​មិន​ទាន់​បាន​គិត​គូរទូទាត់​លាត់សើយ​​ចំណង​ដៃ​សង​ការជំពាក់​ថ្លៃ​កក់​តុ​ ភ្នួង​ ជាង​ថត និង​ថ្លៃ​ឧបករណ៍ភ្លេង​ ព្រម​ទាំង​មិន​ទាន់បាន​សង​ថ្លៃ​ជំពាក់​របស់របរ​គេ​មួយ​ចំនួន​ទៀត​ផង​ ស្រាប់​តែព្រឹក​ឡើង​ប្តីវ័យ​ក្មេង​នេះ​ បាន​​នាំ​សង្សារត់​គេច​ខ្លួន​បាត់​ស្រមោល ។

បុរស​រូប​នេះ​ឈ្មោះ​ឡាច សុផូ អាយុ​២០​ឆ្នាំ ជា​ជាង​ជួស​ជុល​ម៉ូតូ​នៅ​ផ្សារ​ប៉ាហ៊ី រស់​នៅ​ក្នុង​ភូមិ​បតាំង​ស៊ូ សង្កាត់​បយ៉ាខា ក្រុង​ប៉ៃលិន ឯ​ខាង​កូន​ស្រី​ឈ្មោះ​មួន ឆ​យី អាយុ​១៦ឆ្នាំ ។ ការរត់​ចោល​​កូន​ក្រមុំនេះ​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ កុម្ភៈ ​កន្លង​មក ។ លុះ​រង់​ចាំ​មើលផ្លូវ​ពី​ខាង​កូន​ប្រុស​អស់​រយៈពេល​៤ថ្ងៃ​មិន​បាន​ឮ​ដំណឹង​សូម្បី​តែ​បន្តិច​សោះ ​ទើប​គ្រួសារ​​ខាង​កូន​ស្រី​បាន​ចេញមុខ​បក​ស្រាយ​ប្រាប់​កោះ​សន្តិភាព​នៅ​ថ្ងៃ​ទី​៣ មីនា ជុំ​វិញ​រឿង​រ៉ាវនេះ។

អ្នក​ស្រី​ជាម្តាយ​បាន​និយាយ​ដោយ​កំហឹងថា​ មុន​ពេល​រៀប​ការ​ កូន​កំលោះបាន​ចាប់​រំលោភ​កូន​​របស់​គាត់​ម្តង​រួច​ទៅ​ហើយ​ បន្ទាប់​ពី​ពួកគេ​បាន​ភ្ជាប់​ពាក្យ​នឹងគ្នា​ប្រហែល១ខែ ។ ថ្ងៃ​មួយ​ ម្តាយ​ខាង​កូន​ប្រុស​សុំ​ឱ្យ​កូន​ស្រី​របស់​គាត់​ទៅ​ដើរ​លេង ​ទៅមើល​គេ​រាំ​នៅ​ក្នុងវត្តបតាំង​ស៊ូ ដោយ​សុំ​ឱ្យ​កូន​ស្រី​សម្រាក​លេង​នៅ​ទីនោះ​​និង​ចាំ​ឱ្យ​កូន​ប្រុស​ជូន​មក​ផ្ទះ​វិញ ។ លុះ​កូន​ស្រី​ដើរ​លេង​ជាមួយ​គូដណ្តឹង​របស់​នាង​រហូត​ដល់​ម៉ោង​៩​យប់​ស្រាប់​តែ​ម្តាយ​ខាង​កូន​ប្រុស​ទូរស័ព្ទ​ប្រាប់​គាត់​ថា​សុំ​ឱ្យ​កូន​ស្នាក់​នៅ​ផ្ទះ​នេះ​មួយ​យប់​ និងសន្យា​ប្រាប់​គាត់​ថា​ ​មិន​ឱ្យ​កូន​ប្រុស​ប៉ះ​ពាល់​ឬលូក​លាន់​អ្វីដល់​គូដណ្តឹង​នោះ​ទេ ។ ស្ត្រី​ជា​ម្តាយ​បាន​បន្ត​ដោយ​និយាយ​ខ្លាំងៗ​ថា ព្រោះតែគាត់ទុកចិត្ត​ម្តាយ​ខាង​កូន​ប្រុស​​ថា​ជា​មនុស្ស​ល្អ​និង​យល់​ជា​ដន្លងនៅ​ពេល​អនាគត ​​ដោយបាន​និយាយ​ធានា​អះអាង​ដោយ​សម្តី​ផ្អែមថា​មិន​ឱ្យ​កូន​ប្រុស​មក​ប៉ះ​ពាល់​ឬ​លូក​លាន់​អ្វី​ដល់​កូន​ស្រី​របស់​គាត់​មុន​ពេល​រៀប​ការ​នោះ​ឡើយ ទើប​​រូបគាត់​អនុញ្ញាត​ឱ្យ​កូន​ស្រី​ដេក​នៅ​ទី​នោះតាម​ការ​សុំ ។ ស្រ្តី​ជា​ម្តាយ​បាន​បន្ត​ទៀត​ថា ​ពេល​នោះ​រូប​គាត់​មិន​ដឹង​ថា​ គូដណ្តឹង​របស់​នាង​បាន​ចាប់​រំលោភ​កូន​គាត់​ទេ ។ លុះ​​បាន​ប្រហែលជា​កន្លះ​ខែក្រោយមក​ស្រាប​់​តែ​ភាគី​ខាង​កូន​ប្រុស​មក​សុំ​ផ្តាច់​ពាក្យ​ ទើប​រូប​គាត់​នឹក​ឆ្ងល់​ពី​ការ​ផ្តាច់​ពាក្យ​នោះ ​ក្នុង​ចិត្ត​ថា នៅ​សុខៗ​ហេតុ​អ្វី​បាន​ជា​គេ​សុំ​ផ្តាច់​ពាក្យ ។ ​  ណាមួយ​មិន​ដែល​មាន​ជម្លោះ​អ្វី​នឹង​គ្នា​សោះ ​ព្រោះ​មិន​ដឹង​ថា​គេ​រំលោភ​កូន​ស្រី​របស់​គាត់​ទេ ​ទើប​គាត់​និយាយ​ថា​​បើ​សុំ​ផ្តាច់​ពាក្យ​ក៏​ផ្តាច់​ទៅ​ចុះ ។ ពេល​នោះ​កូន​ស្រី​របស់​គាត់​ដែល​មិន​ដឹង​រឿង​ថា​ គូដណ្តឹងគេ​មក​ផ្តាច់​ពាក្យ​ក៏​ស្ទុះ​រត់​ចេញ​ពី​ផ្ទះ​បាយ​យ៉ាង​លឿន​ ហើយ​ធ្វើ​ទឹក​មុខ​មាំ​ដោយ​និយាយ​ថា​ អ្នក​ឯង​ឱ្យ​កូន​ប្រុស​មក​ចាប់​រំលោភ​ខ្ញុំ នៅ​យប់​ដែល​បាន​សុំ​ឱ្យ​ដេក​នៅ​ផ្ទះ​អ្នក​ឯង ដូច្នេះមិន​អាច​ផ្តាច់​ពាក្យ​បាន​ទេ បើ​ផ្តាច់​ពាក្យ​ខ្ញុំ​នឹង​ប្តឹង​​ ។

អ្នក​ស្រី​ជា​ម្តាយ​ខាង​កូន​ស្រី​បាន​បន្ត​ថា ពេល​នោះរូប​គាត់​ក៏​ស្រឡាំង​កាំង​ស្ទើ​រ​តែ​គាំង​បេះ​ដូង​ដួល ហើយ​យក​ដៃ​គក់​ទ្រូង​ខ្លាំងៗ​ដោយ​ភ្ញាក់​ខ្លួន ព្រោះ​នឹក​ស្មាន​មិន​ដល់​ថា​ ម្តាយ​ខាង​កូន​កំលោះ​​សុំ​ឱ្យ​កូន​របស់​គាត់​ដេក​​បែរ​ជា​បណ្តោយ​ឱ្យ​កូន​របស់​ខ្លួន​ចាប់​រំលោភ​កូន​ស្រី​របស់​គាត់​ទៅ​វិញ​ ។ ពេល​នោះ​រូប​គាត់​ក៏​បាន​មក​ប្រាប់​មេភូមិ និង​ចៅ​សង្កាត់​ ដើម្បី​ធ្វើការ​ប្តឹងប្តល់​ពី​បទ​រំលោភ​កូន​ស្រី​របស់​គាត់​ តែ​ក្រោយ​មក​ទៀត​មេ​ភូមិ​ ចៅ​សង្កាត់​បាន​សម្រួល​ភាគី​ទាំង​សង​ខាង​ ដោយ​ឱ្យ​ខាង​កូន​ប្រុស​មក​រៀប​ការ​ជាមួយ​កូន​ស្រី​វិញ​ ព្រោះ​មិន​ចង់​ឱ្យ​មាន​ការ​ប្តឹង​ប្តល់​​​គ្នាអ្វី​នោះ​ឡើយ ដោយ​រូប​គាត់​បង្គាប់​យក​ថ្លៃ​ទឹក​ដោះ​ចំនួន​២.១១៩​ដុល្លារ​អាមេរិក ។

យុវតី​អភ័ព្វស្នេហ៍​បាននិយាយថា លុះដល់​ថ្ងៃ​ចូលរោង​ការ​ កូនកំលោះ​ដែ​ល​ជា​គូដណ្តឹង​របស់​ខ្លួន​មិន​ដឹង​ជា​បាត់​ទៅ​ណាទេ​ ដោយ​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយសង្សារ​របស់គេ​ឈ្មោះ​រដ្ឋ អាយុ​ប្រហែល​១៨​ឆ្នាំ និង​ជិះ​ម៉ូតឱប​ចង្កេះ​គ្នា​ពី​ក្រោយ​​បង្ហាញ​គេ​ឯង​មើល​រហូត​មក​ដល់​ម៉ោង​៤​ រសៀល​  ។ ពេល​អ្នក​ភ្នួង​ប្រកាស​ឱ្យ​ដើររកកូន​កំលោះ​មក​រៀប​ចំ​តែង​ខ្លួន ​មិន​ឃើញ​ស្រមោល​ទាល់​តែ​សោះ ។ ស្រាប់​តែមួយ​ស្របក់​ក្រោយ​មក​ទើប​ឃើញ​លេច​មុខ​ជា​មួយ​ស្រី​ម្នាក់​នោះ ដែល​គេ​បាន​និយាយ​អះ​អាង​ថា​ ជា​ប្អូន​ធម៌ ។ តែ​ប្អូន​ធម៌​អ្វី​ក៏​ចិត្តល្អ​ម្ល៉េះឱប​ថើប​គ្នា​នៅ​ក្រោយ​រោង​ការ​ និង​ឱបថើប​គ្នា​នៅ​កន្លែង​ស្ងាត់​ ដែល​នាង​លប​មើល​ឃើញ ។

ខាង​កូន​ស្រី​បានរៀបរាប់​បន្ត​ទៀត​ថា​ នៅ​ពេល​​​ពិសា​ភោជនាហារ​រួច​ ជាយប់​ដែលគេ​រាំ​លេងកម្សាន្ត​សប្បាយ ស្រាប់​តែកូនកំលោះ​កាង​ការពារ​​ស្រី​របស់​ខ្លួន​ជាប់ ​មិន​ឱ្យ​អ្នកណា​ម្នាក់​រាំ​នៅ​ក្បែរ​នាង​ឡើយ ថែម​ទាំង​យក​ដែក​ថ្នាំង​អំពៅ​សៀត​នៅ​នឹង​ចង្កេះ​បម្រុង​ប៉ង​អាក្រក់​ដាក់​នរណា​ម្នាក់​បើសិន​លូកលាន់​ស្រី​របស់​គេ ។ ក្រោយពេល​រាំ​រែក​រួច​ដល់​ម៉ោង​សម្រាក​ប្តី​របស់​នាង​មិន​បាន​ចូល​ទៅ​ដេក​ជា​មួយ​នាង​នៅ​ក្នុង​បន្ទប់​ទេ​ បែរ​ជា​ឱ្យ​នាង​ចង​មុង​ឱ្យ​ឪពុក​ម្តាយ​របស់​គេ​ដេក ​ព្រម​ទាំង​ស្រី​របស់​ខ្លួន​ដែរ​ ហើយ​ពួក​គេ​ទាំង​២​នាក់​បាន​ដេកឱប​គ្នា​រហូត​ដល់់​ភ្លឺ ។ នាង​បាននិយាយបញ្ជាក់​ថា​​ ស្ត្រី​​ជា​សង្សា​រ​របស់​ប្តី​នាងនោះ ​បាន​មក​តាម​ឆា​ឆៅរូប​នាង​រហូត​តាំង​ពី​ថ្ងៃ​ចូល​រោងការ​ម៉្លេះ ដោយ​ពួក​គេ​​ជិត​ស្និទ្ធ​នឹង​គ្នា​ខុស​ប្លែក​ពី​ធម្មតា ។ ពួក​គេ​ទៅ​ណា​មក​ណា​តែ​២​នាក់​ ហើយ​នៅ​ពេល​មក​តុប​តែង​ខ្លួន​ពួក​គេ​ទាំង​២​នាក់​បានឱប​ថើប​គ្នា​នៅ​មុខ​​អ្នក​ភ្នួង​ធ្វើ​ឱ្យ​គេ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា ម៉្យាងទៀតក្រោយ​ពី​ផ្លាស់​សម្លៀក​បំពាក់​រួចពួក​គេ​ឆ្លៀត​ពេល​ទៅ​ឱបថើប​គ្នា​ទៀត​ ។

ប្រភព​បន្ត​ទៀត​ថា​ ចំណែក​រូប​នាង​វិញ​ដេក​សម្រក់​ទឹក​ភ្នែកជោកខ្នើយ​រហូត​ទល់​ព្រឹក​ ។ លុះ​ដល់​ថ្ងៃ​បន្ទាប់​នៅ​វេលា​ម៉ោង​៦​ព្រឹក​​ស្រាប់​តែ​ប្តី​របស់​នាង​ដែល​រៀប​ការ​រួច​ចេញ​ទៅ​ជាមួយ​ស្រី​របស់​គេបាត់​​​មិន​ដឹង​ជា​ទៅ​ណា​ទេ​ សូម្បី​តែ​និយាយ​មួយម៉ាត់​ប្រាប់​ថា​ទៅ​ណា​មក​ណា​ក៏​មិន​ប្រាប់​ដែរ ។ នាង​បាន​បញ្ជាក់​ទៀត​ថា​ រូប​នាង​ឈឺ​ចាប់​ខ្លាំង​ណាស់​ ដោយ​គេ​យក​ស្រី​មកឱបនៅ​នឹង​មុខ​បញ្ឈឺ​ ​ធ្វើ​ឱ្យ​កិត្តិយស​របស់​នាង​ធ្លាក់​ចុះ​ដល់​បាត​ដាល ។ និយាយ​រួម​ទៅ​រូប​នាង​មិន​ចង់​រស់​នៅ​ទៀត​ទេ​ រស់​ក៏​គ្មាន​តម្លៃ​អ្វី​ឡើយ​ គឺ​ខ្លួន​ រងកេរ្តិ៍​ឈ្មោះដ៏​ស្អុយអសោច៍​ តែ​ដោយ​សារ​ម្តាយ​ឪពុក​ចេះ​តែ​ឃាត់​និង​លួង​លោម​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ថា​ប្រុស​ពេញ​ដី​ ស្រី​ពេញ​នគរ​ ហើយ​ពួក​គាត់​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ថា ទោះ​ជា​គេ​មេម៉ាយ​កូន​១០​នាក់​ក៏​អាច​រក​ប្តី​បាន​ដែរ ។ រីឯ​រូប​នាង​វិញ​មិន​ទាន់​មាន​អ្វី​ចោទធ្ងន់​ធ្ងរ​នោះ​ទេ​ អាច​រក​ថ្មី​បាន​ល្អ​ជាង​មុន​១០០ដង​ទៅ​ទៀត​ ទើប​បាន​ជា​នាង​សម្រេច​ចិត្ត​ថា​មិន​គិត​អ្វី​ផ្តេស​ផ្តាស​ឡើយ និង​តាំង​ចិត្តឱ្យ​បរិសុទ្ធ​ដដែល ។

ស្រ្តី​ឈ្មោះ​អៀត​ ភ័ក្ត​ ជាម្តាយ​របស់​កូន​កំលោះបាន​និយាយ​ថា​ កូន​គាត់ឈ្មោះ​ឡាច​ សុផូ​ មិន​បាន​រត់​ចោល​កូន​ក្រមុំ​នោះ​ទេ គឺ​បាន​ទៅ​ហូប​ការ​មិត្ត​ភក្តិ​នៅ​បាត់​ដំបង ។ រឿង​កូន​ប្រុស​គាត់​និង​កូន​ក្រមុំ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​២​ទៅ​៣​ដង​​មក​ហើយ ​ដោយ​សារ​តែ​មាត់​ខាង​កូន​ស្រី​ចេះ​តែ​រប៉ិលរប៉ូច ដើរ​និយាយ​អាក្រក់​ពីកូន​ប្រុស​គាត់ ។ ស្រ្តី​រូបនេះ​បាន​បន្ត​ថា បន្ទាប់​ពី​កូន​របស់​គាត់​ទៅ​ហូ​ប​ការ​គេ​នៅ​បាត់​ដំបង​រួច​ ខាង​កូន​ក្រមុំ​បាន​ទូរស័ព្ទ​សួរ​រក​កូន​របស់​គាត់​ដែរ តែ​រូប​គាត់​ប្រាប់​ថា​វា​ទៅ​ហូប​ការ​មិត្ត​ភក្តិ​ដែល​គេ​ខំ​មក​ជួយ​ក្នុងពិធី​ការ​។ តាមព័ត៌មាន​បាន​អះអាង​ថា​ រឿងរ៉ាវ​ដែល​កើត​ឡើង​ចំពោះ ​កូន​ប្រុស​ស្រី​ទាំង​២​នាក់​មាន​ច្រើន​​ណាស់​ ដែល​ហេតុ​ការណ៍​ទាំង​អស់​នោះ​ត្រូវ​បានកត់​ត្រានៅ​ផ្ទះ​លោកប្រធាន​ភូមិ​ ។ ម្យ៉ាង​ទៀត​ឪពុក​ម្តាយ​ខាង​កូនស្រី​ពេល​ដែល​គ្រួសារ​គាត់​ចូលស្តីដណ្តឹង​រួច​ហើយ ​គឺ​តែង​តែ​គំរាម​រក​បាញ់​សម្លាប់​គ្រួសារ​គាត់​ បើ​មិន​រៀប​ការ​ ឆាប់ៗនោះទេ ។ មួយ​ទៀត​កូនប្រសាស្រី​របស់​គាត់​កាច​ឆ្នាស់​ណាស់​ ចូលចិត្ត​ប្រចណ្ឌ​រករឿង​ដល់​កូន​របស់​គាត់​រហូត​ ។ ក្រោយ​ពេលដណ្តឹង​រួចហើយ​គេ​នៅ​តែ​បង្ខំ​ឱ្យរៀប​ការ​ឆាប់ៗ ​រូបគាត់​បាន​ប្រាប់​ថា​ កុំ​អាល​ការ​អី ​ចាំ​ប្រមូល​ផល​ពោត​ឱ្យ​រួច​រាល់​សិនតែ​ខាង​កូន​ស្រី​នៅ​តែ​មិនស្តាប់​​​ ។

លោក​ឡុង​ បៀ ជា​មេ​ភូមិ​បតាំង​ស៊ូ​បាន​បំភ្លឺ​ថា ​ការ​ចូលស្តីដណ្តឹង​គេ​ហើយ​ក្រោយ​មក​ចង់​ដោះ​ដៃ​ និង​មាន​រឿង​ជា​មួយ​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​ មិន​មែន​ជា​រឿង​ដែលពួក​គេ​ស្រឡាញ់​គ្នា​ពិត​ប្រាកដ​នោះ​ទេ ។ បន្ទាប់​ពី​ឪពុក​ម្តាយ​ខាង​កូន​ប្រុសចូលស្តី​ដណ្តឹង​ កូន​ស្រី​ពួក​គេ​ត្រូវ​រ៉ូវ​គ្នា​ធម្មតា​ទេ​ តែ​រឿង​ពួក​គេ​ឆ្គង​ពាក្យ​សម្តី​គ្នា ​គឺ​ចាប់​ពី​លេច​ឮរឿង​ថា​ កូនកំលោះលូក​លាន់​កូន​ក្រមុំ​ហើយ​ចង់​ដោះ​ដៃ​វិញ ។ លោក​មេភូមិ​និយាយ​ថា​គូស្នេហ៍​ទាំង​២​នាក់​មិន​បាន​ស្រឡាញ់​គ្នា​ពី​មុន​មក​ទេ តែ​ដោយ​ឪពុក​ម្តាយ​ខាង​កូន​ប្រុស​ជា​អ្នក​ចូល​ទៅ​ស្តី​ដណ្តឹង​កូន​ស្រី​តាម​ផ្លូវ​ច្បាប់ និងមួយ​រយៈ​ពេលចុង​ក្រោយ​មក​ស្រាប់​តែ​ខាង​កូន​ប្រុសសុំ​ផ្តាច់​ពាក្យវិញ​ ។ ពេល​នោះ​ខាង​កូនប្រុស​ទៅ​និយាយ​ប្រាប់​ខាង​កូន​ស្រី ​ដោយ​ចង់​សុំ​ផ្តាច់​ពាក្យ​ទើប​ខាង​កូន​ស្រី​បាន​និយាយ​ថា​ រឿង​ផ្តាច់​ពាក្យ​គឺ​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ជ្រុល​ជ្រួស​អស់​ទៅ​ហើយ ​ប៉ុន្តែ​គាត់​ជា​ភាគី​កូន​ស្រី​មិន​ប្រកាន់​ព្រោះអនាគត​ពួក​គេ​ជា​ប្តី​ប្រពន្ធ​​នឹងគ្នា។

ប៉ុន្តែ​ដល់​ក្រោយ​មក​រូប​គាត់​ជា​មេភូមិ​បាន​សម្រប​សម្រួល​ឱ្យ​ពួក​គេ​ថា​ ត្រូវ​តែ​រៀប​អាពាហ៍​ពិពាហ៍​តាម​ប្រពៃណី ។ លុះ​ក្រោយ​ពេល​រៀប​ការរួច​ស្រាប់​តែ​កូនកំលោះ​មក​ដេក​​ជា​មួយ​ឪ​ពុក​ម្តាយ​របស់​ខ្លួន ហើយ​នាំ​គ្នា​ចេញ​ពី​ផ្ទះ​ខាង​ស្រី​​ចាប់​តាំង​ពី​ថ្ងៃ​រៀប​ការ​រួច​ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]