ភ្នំពេញ៖ លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងសម្លេងធ្ងន់មួយរូប ដែលបានជ្រកកោននៅក្នុងផលិតកម្មរស្មីហង្សមាស អស់រយៈជាច្រើនឆ្នាំមកហើយ។

ក្រោមការគាំទ្រពីសំណាក់ទស្សនិកជន តារាចម្រៀងជើងចាស់រូបនេះ តែងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចិត្តយុវវ័យ។

ចំណែកឯចំណងមិត្តភាព នៅក្នុងរង្វង់សិល្បៈជាមួយតារាចម្រៀងរួមទ្រនំវិញ លោក ណុប បាយ៉ារិទ្ធ ក៏មានទំនាក់ទំនងល្អដែរ។ 

ជាក់ស្តែងកាលពីយប់មិញនេះ លោកបានបង្ហាញអារម្មណ៍ផ្ទាល់ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ចំពោះតារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ ដែលជាតារាក្រោមដំបូលតែមួយថាលោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងសម័យមួយរូប ដែលលោកស្រលាញ់ចូលចិត្ត។

ហើយបទចម្រៀងមួយបទរបស់លោក ព្រាប សុវត្ថិ គឺបានធ្វើឱ្យលោក ណុប បាយ៉ារិទ្ធិ ស្តាប់ដដែលៗ និងដក់ជាប់នៅក្នុងចិត្តរហូតមិនចេះធុញទ្រាន់ទៀតផង។

ខាងក្រោមនេះជាអ្វីដែលតារាចម្រៀងចាស់វស្សានៅក្នុងផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ បានរៀបរាប់ទាំងស្រុង៖

«ស្តាប់បទចម្រៀងចាស់ៗរបស់ប្រុសធំ នឹកដល់ពេលដែលកំពុងនៅរៀន។ សម្រាប់ខ្ញុំ គាត់ជាតារាចម្រៀងសម័យ បន្ទាប់ពីលោកតា ស៊ិន ស៊ីសាមុត ដែលខ្ញុំស្តាប់ទៅធ្វើឱ្យអារម្មណ៍ខ្ញុំរំភើប និងស្ញប់ស្ញែង ព្រោះកាលនៅរៀនខ្ញុំស្តាប់តែបទចម្រៀងរបស់លោកតា ស៊ិន ស៊ីសាមុតប៉ុណ្ណោះ។ ក្រោយមកបងប្រុសគាត់គឺជាតារាចម្រៀងសម័យមួយរូប ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រលាញ់ ចូលចិត្ត សម្លេងរបស់គាត់។

បទចម្រៀងមួយបទរបស់គាត់ដែលធ្វើឱ្យដកជាប់ក្នុងចិត្តខ្ញុំ រហូតដល់ខ្ញុំថតដាក់ក្នុងកាសែតម៉ាញ៉េ គឺមួយកាសែតពេញ ដាក់តែមួយបទគត់គឺបទ "ហេតុអ្វីបញ្ឈឺបងទៀត" ស្តាប់ដដែលៗជារៀងរាល់ថ្ងៃ ស្តាប់រហូតទាល់តែខូចកាសែត មិនធុញគឺស្រលាញ់ណាស់ ហើយនៅតែស្រលាញ់រហូតមកដល់ពេលនេះ។ បងប្រុសធំជាបងប្រុស ដែលគួរឱ្យគោរពស្រលាញ់របស់ប្អូនៗគ្រប់គ្នានៅក្នុងគ្រួសារហង្សមាសរបស់យើង»។ 

មិននឹកស្មានថា តារាចម្រៀងលោក ព្រាប សុវត្ថិ គឺជាតារានៅក្នុងដួងចិត្តរបស់លោក ណុប បាយ៉ារិទ្ធ តាំងពីយូរមកដូច្នេះសោះ៕

ចុះប្រិយមិត្តវិញ ស្រលាញ់គាំទ្រលោក ព្រាប សុវត្ថិ តាំងពីពេលណាដែរ?

ទស្សនារូបភាពខាងក្រោម៖

លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងសម្លេងធ្ងន់មួយរូប
លោក ណុប បាយ៉ារិទ្ធ
តារាចម្រៀង ព្រាប សុវត្ថិ
តារាចម្រៀង ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ