(ភ្នំពេញ)៖ តារាចម្រៀងប្រុសដ៏ស្រស់សង្ហា សម្បុរស្រអែមស្រស់ លោក សៅ ឧត្ដម ទោះបីជាលោកមិនទាន់មានផលិតកម្ម ត្រឹមត្រូវនៅឡើយទេ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ តាមរយៈបទ «សុំទោស» បានធ្វើឲ្យមហាជន ជាពិសេសយុវវ័យ គាំទ្រយ៉ាងខ្លាំងក្លា ដែលជាបច្ច័យដ៏ល្អមួយ សម្រាប់តារាចម្រៀងរូបនេះ ពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួន បន្ទាប់ពីលោកហក់ចូល ទៅក្នុងពិភពសម្ដែងបន្ថែមទៀត។

ក្រោយពីវិវឌ្ឍខ្លួន ចូលក្នុងវិស័យភាពយន្ត លោក សៅ ឧត្តម ក៏មិនភ្លេចអាជីពជាតារាចម្រៀង ដែលបានផ្ដល់កំណើត ឲ្យលោកមានឈ្មោះក្នុងវិស័យសិល្បៈនេះដែរ ពោលថ្មីៗនេះលោកបានចេញបទចម្រៀង «សុំទោស» ដែលដាក់បញ្ចូលក្នុងភាពយន្តភាគមួយ មានចំណងជើងថា «អាពាហ៍ពិពាហ៍ចម្លែក» របស់ផលិតកម្ម LD ដែលមាន លោក លៀក លីដា ជាម្ចាស់ផលិតកម្ម។ ចម្រៀងនេះបានចេញយូរគួរសមដែរហើយ តែអ្វីដែលសំខាន់បទនេះ មានតារាចម្រៀងល្បីផ្សេងយកមកច្រៀង ព្រមទាំងប្រិយមិត្ត គាំទ្រតាមរយៈបណ្ដាញសង្គមយ៉ាងច្រើន សូម្បីតែអ្នកមិនសូវចេះច្រៀង ក៏យកបទនេះច្រៀងតាមដែរ។

តារាចម្រៀង សៅ ឧត្តម

ថ្វីត្បិតតែបទនេះ មិនមានចេញលក់លើទីផ្សារក៏ពិតមែន តែសន្ទុះនៃការគាំទ្រ ពិតជាមិនធម្មតាឡើយ។ អ្វីដែលសំខាន់ធ្វើឲ្យម្ចាស់បទនេះ សប្បាយចិត្តមិនតិចទេ ព្រោះអាចនិយាយបានថា ជាជោគជ័យថ្មីមួយ បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ ក្នុងកម្មវិធី «Cambodian idol»។ ក្រៅពីនេះលោក សៅ ឧត្តម បានធ្វើឲ្យសិល្បករជើងចាស់ ដូចលោកស្រី ហ៊ឹម ស៊ីវន សរសើរមិនដាច់ពីមាត់ នូវទឹកដមសំឡេងពីរោះ រូបរាងសង្ហា និង អត្តចរិតល្អ គោរពរចាស់ទុំ និងគោរពរម៉ោងពេលបានល្អ សមជាអ្នកសិល្បគំរូសម័យថ្មី។

លោក សៅ ឧត្ដម ហាក់លេចធ្លោខ្លាំងជាង បេក្ខជនដទៃដូច លោក មាស មុន្នីរាជ, កញ្ញា សុវត្ថិឌីធីរីកា និង អ៊ាម វន្នី។ សូម្បីតែបេក្ខជន រដូវកាលទី២ ក៏មិនសូវលេចធ្លោដូចលោកដែរ៕

សៅ ឧត្តម និងតារាជើងចាស់ ហ៉ឹម ស៊ីវន

ប្រភព : Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សៅ ឧត្តម