** ប្រលោមលោកខ្មែរឡូត ** 

ក្រោយពីធ្វើបុណ្យសពឪពុកម្តាយចប់សព្វគ្រប់រួចមក នារីអង្គុយចុះកាន់រូបថតឪពុកម្តាយឱបជាប់ដើមទ្រូងទាំងក្តីក្រៀមក្រំ។ ទំហំទឹកចិត្ត និងអារម្មណ៍ដែលបាត់បង់ឪពុកម្តាយក្នុងពេលតែមួយតើមានអ្នកណាអាចទទួលយកបានទៅ? ស្វាមីនារីមកទះស្មានាងលួងលោម។ ព្រោះតែទុក្ខសោកមកម្តងផ្ទួនៗពេកធ្វើឱ្យនារីពិបាកធ្វើចិត្ត និងមិនដឹងថាធ្វើអ្វីចោលអ្វី។ តែនាងសំណាងដែលមានប្តីតែងតែយល់ចិត្ត និងសម្រួលទុក្ខលំបាកទាំងឡាយ ព្រោះនាងគ្មានបងប្អូនបង្កើតទេ មានតែបងប្អូនខាងម្តាយឪពុកនាងដែលមកជួយចាត់ចែងខ្លះៗក្នុងពិធីប៉ុណ្ណោះ។ សម្លេងអ៊ូអរនៅខាងក្រៅផ្ទះធ្វើឱ្យនារី និងប្តីចេញទៅមើលទាំងឆ្ងល់។

« ទ្រព្យសម្បត្តិត្រូវបានលើខ្ញុំមួយចំណែកព្រោះខ្ញុំជាបងវា »

«ជ្រុលពេកហើយ បងឯងបានមួយចំណែកធំយូរហើយ មករករឿងទារអីទៀត? អូ បែបលេងល្បែងចាញ់ហើយមើលទៅបានជាស្រវេស្រវាខ្វារ.ក.មកទាមទារនឹងគេដែរ»

« នែ ឯងជាប្អូនយើងទេ កុំមកឈ្លើយហា »

« អើ បើធ្វើបងគេ វាភ្លើ »

« នាងឯង !!»

នារីគ្រវីក្បាលហួសចិត្តទាំងទឹកភ្នែកហើយស្រែកឃាត់

«ឈប់បានហើយ !! »

ម្តាយមីងទាំងពីរនាក់របស់នារីក៏បែរមក

« ឯងមកល្អហើយ យើងកំពុងតែចង់សួរផង ទ្រព្យរបស់ប៉ាម៉ាក់ឯងប្រុងចាត់ចែងយ៉ាងម៉េច?»

« កុំចង់លេបតែឯងណា ជាក្មេងទេទុកដាក់ឱ្យមនុស្សចាស់ចាត់ចែងល្អជាង »

នារីសឹងតែដួលទាំងឈរស្តាប់សម្តីសាច់ញាតិតែមួយគត់ដែលនាងនៅសល់។ មនុស្សពិតជាអត្មានិយមមែនរកតែក្តីសុខខ្លួនឯង។ ពេលឪពុកម្តាយនាងឈឺគ្មានអ្នកណាមកអើតមើលសួរនាំទេ តែពេលពួកគាត់ស្លាប់បាត់ហើយទើបនាំគ្នាមកជួយយកមុខយកមាត់។ ពេលនេះមានមុខមកទារទ្រព្យ ដែលជាកេររបស់ឪពុកម្តាយនាងទៀត។ នារីដេញបណ្តេញម្តាយមីងទាំងពីរទាំងភ្នែកឈឺចាប់។ នាងយំនាងឈឺចិត្តចំពោះសង្គមគ្រួសារដែលឃើញតែទ្រព្យមួយនេះណាស់។ ម្តាយមីងទាំងពីរចាកចេញទាំងខឹងសម្បារ ថែមទាំងជេរនាងនូវពាក្យអសុរោះជាច្រើន

« អឺ នាងឯងទូលរែកទៅ ឱបក្រសោបទៅអាទ្រព្យក្តៅក្រហាយនោះ »

នារីស្រែកយំខ្លាំងៗរហូតដល់គ្មានទឹកភ្នែកហូរ។ មែនហើយមនុស្សដែលស្លាប់បាត់ហើយ គេហៅថាផុតទុក្ខមិនខុសទេ តែនារីជាមនុស្សដែលនៅរស់នឹងត្រូវរស់រងសម្ពាធគ្រប់បែបយ៉ាង ពីមនុស្សជុំវិញខ្លួន។ វាមិនខុសទេនាងជាអ្នកទូលរែកវេនកម្មមួយនេះជួសឪពុកម្តាយរបស់នាង។ សម្លេងស្រែកយំ និងសម្លេងឈឺចាប់រាល់យប់ៗរបស់ឪពុកម្តាយរបស់នាងក្នុងយល់សប្តិ ធ្វើឱ្យចិត្តនាងមិនស្ងប់រហូតដល់លេបថ្នាំរំងាប់អារម្មណ៍រាល់ថ្ងៃ។ ឪពុកម្តាយពេលនៅរស់ខំណាស់ដើម្បីកូនដោយមិនគិតពីខ្លួន និងរឿងបុណ្យបាបអ្វីសោះ រហូតទុក្ខសោកទាំងឡាយធ្លាក់លើកូនដែលត្រូវសងបំណុលកម្មទាំងអស់។ សួរថាតើជីវិតមានក្តីសុខដែលឬទេ ចំពោះអ្វីដែលមាននៅក្នុងថ្ងៃនេះ? ឪពុកម្តាយក៏ស្លាប់បាត់ សាច់ញាតិក៏បែកបាក់សាមគ្គីគ្នា ជីវិតជាកូនក៏រស់នៅមិនបានស្ងប់។ សួរថាមកពីអ្វី? នោះគឺមកពីអំពើដែលយើងធ្លាប់បានសាងពីមុននោះឯង។

«អូនសម្រេចចិត្តច្បាស់ហើយ » ប្តីរបស់នារីឱបនាងលួងលោម។

ទីបំផុតនារីបានយកទ្រព្យមួយភាគធំដែលជារបស់ឪពុកម្តាយនាង ទៅបរិច្ចាគនៅមន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម មណ្ឌលកុមារកំព្រា និងចាស់ៗជរា និងទុកតែសម្បត្តិដែលមិនទាក់ទងនឹងអំពើទុច្ចរិតមួយចំនួនតូចសម្រាប់ចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ បន្ទាប់ពីការធ្វើបុណ្យធ្វើទាន ឧទ្ទិសកុសលជូនម្តាយឪពុកនាងរួចមក នារីស្រាប់តែមានអារម្មណ៍ជ្រះថ្លា និងសប្បាយចិត្ត ជាខ្លាំងចំពោះអ្វីដែលបានសម្រេចចិត្តមួយនេះ។ សម្លេងយំស្រែករបស់ម្តាយឪពុកនាងរាល់ៗយប់ស្រាប់តែបាត់ទៅដោយឯកឯង ជំនួសដោយសម្លេងអរគុណ

« អរគុណកូនស្រី ម៉ាក់ប៉ាលែងទូលទុក្ខធ្ងន់ដូចមុនហើយកូន »។ នាងក្រោកពីដំណេកទាំងញញឹម។ ពិតប្រាកដហើយមិនថាអ្នកមាន ឬ ក្រទេ ការងារនិងលុយត្រូវតែបានមកដោយអំពើសុចរិត មិនមែនដោយវិធីកេងប្រវ័ញ្ច និងធ្វើបាបដល់ជនណាម្នាក់ឡើយ។ កម្លាំងផលកម្ម ប្រាកដជាតាមស្នងអ្នក នៅថ្ងៃណាមួយគ្រាន់តែយូរនិងឆាប់តែប៉ុណ្ណោះអាស្រ័យលើអំពើដែលអ្នកបានសាងពីមុន៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]