ខេត្តបាត់ដំបង ៖ រថយន្តមែរសឺដេស S320 មួយគ្រឿងបានហោះចេញពីផ្លូវដោយ​សារ​តែ​បើកលឿនពេកជ្រុលទៅបុកគល់ដើម​ស្វាយ រួចធ្លាក់​ចូល​បឹងកំប្លោក បណ្ដាលឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត២នាក់ប្ដីប្រពន្ធរងរបួសធ្ងន់។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើត​ឡើង​កាលពីវេលាម៉ោង៩យប់ថ្ងៃទី៣ មីនា លើ​កំណាត់​ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំ​កំពង់ព្រៀង ស្រុកសង្កែ។

មន្រ្តីនគរបាលស្រុកសង្កែបានឱ្យដឹងថា រថយន្ត​មែរសឺដេស S320 ពណ៌ខ្មៅ បើកបរ​ដោយ​ឈ្មោះទន់ យីង អាយុ៦០ឆ្នាំ និងប្រពន្ធ​ឈ្មោះសុខ ខុម អាយុ៥០ឆ្នាំ រស់នៅរាជ​ធានី​ភ្នំពេញ ទាំង២នាក់ប្ដីប្រពន្ធ​រងរបួសធ្ងន់ដូចគ្នា ដោយប្រពន្ធបាក់ដៃឆ្វេង ឯ​ប្ដីបាក់ដៃនិងជើង ព្រោះកៀបជាប់ក្នុងរថយន្ត។ នៅ​មុនពេល​កើត​ហេតុ​រថយន្តនេះបើកបរក្នុងទិសដៅពីកើតទៅ​លិចក្នុង​ល្បឿនដូចហោះ ​​ខណៈ​​មក​ដល់​​ចំណុច​​កើត​ហេតុ​​​​មិន​ដឹងជា​យ៉ាង​ម៉េច ស្រាប់តែ​ហោះ​ចេញពីផ្លូវទៅបុកគល់ដើមស្វាយទាំង​កំរោល បណ្ដាល​ឲ្យរថយន្តមានរាង​ដូច​ទូកង ​រួចធ្លាក់​ក្នុង​បឹងកំប្លោក។

ប្រភពពី​ស្ត្រីជា​ប្រពន្ធ​បានប្រាប់​​ឱ្យ​ដឹង​​ថា ក្នុង​គ្រាដែលប្ដីគាត់កំពុងបើកលឿន​ លុះ​មក​ដល់​ចំណុច​កើតហេតុស្រាប់តែឃើញ​ត្រាក់ទ័រមួយ​គ្រឿ​ងបើកមកពីមុខ ហើយបានព្យាយាមគេច​ត្រាក់​ទ័រនោះ ដោយចាំង​ភ្លើងរថយន្តមកពីមុខ​ផង ក៏បណ្ដាលឲ្យខុសផ្លូវទៅបុកគល់​​ដើម​​ស្វាយ​ពេញទំហឹង​ធ្លាក់​បឹងកំប្លោកតែម្ដង ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]