** ប្រលោមលោកខ្មែរឡូត **

បងធ្លាប់និយាយប្រាប់អូនថា បងចង់ធ្វើឱ្យអូនសប្បាយចិត្ត នឹងនាំអូនទៅកន្លែងណា ដែលអូនចង់ទៅ។ បងធ្លាប់ប្រាប់ថាបងនឹងឱ្យអូនមានសេចក្តីសុខជាងគេ ហើយបងនឹងនៅក្បែរអូនរហូត បងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីស្នាមញញឹមរបស់អូន។

ចាំទេ...?បងធ្លាប់បង្រៀនឱ្យអូនចេះញ៉ាំអាហារពេលព្រឹក ហើយក៏ជាបងដែលតែងតែកំដរអូនញ៉ាំរាល់ព្រឹកព្រោះបងចង់ឱ្យអូនមានសុខភាពល្អ។

ចាំទេ...?បងជាអ្នកបានបង្រៀនអូនឱ្យចេះចូលទៅក្នុងសង្គមមនុស្ស មិនថាការដើរលេង ការចូលចំណោមមនុស្ស និងមិត្តភក្តិ ។ ព្រោះពេលមានបងនៅជាមួយ អូនកក់ក្តៅ អូនក្លាហាន អូនមានកម្លាំងចិត្ត ទីណាមានបងនៅជាមួយ អូនមិនដែលមានអារម្មណ៍ភ័យខ្លាចអ្វីទេ ។

ចាំទេ...? បងជាអ្នកបង្រៀនអូនឱ្យមានស្នេហាដ៏ទន់ភ្លន់មួយ មិនរ៉ូមែនទិចពេកហើយក៏ មិនសោះកក្រោះពេក តែអូនបែរជាកក់ក្តៅនិងរំភើបនូវទង្វើទាំងនោះដែលអូនមិនធ្លាប់បានទទួលពីអ្នកណាម្នាក់ពីមុនមក។

ចាំទេ....? អូននឹកដល់អារម្មណ៍ដ៏កក់ក្តៅបំផុត ពេលដែលបងកាន់ដៃអូន និងនៅក្បែរអូន។

ចាំទេ...? អូននឹកដល់ពេលវេលាផ្អែមល្ហែម ដែលយើងនៅជាមួយគ្នាគ្រប់ពេល ទាំងពេលញ៉ាំអី និងពេលដើរលេងចងក្រងអនុស្សាវរីយ៍ជាច្រើន។ 

ចាំទេ...? បងជាមនុស្សតែម្នាក់ដែលអូនគ្រាន់តែបានកាន់ដៃក៏ផ្តល់ភាពកក់ក្តៅ និងមានអារម្មណ៍សុវត្ថិភាពយ៉ាងខ្លាំង ហើយអូនក៏បានសច្ចាថាបេះដូងអូនក្នុងមួយជីវិតនេះនឹងប្រគល់ជូនតែបងម្នាក់គត់។ 

ចាំទេ....? អ្វីៗល្អគ្រប់យ៉ាងជាច្រើនទាំងនោះគឺបងជាអ្នកបង្រៀនអូន ។ អូនមិនដែលសង្ឃឹមអ្វីពីបងច្រើន មិនដែលទាមទារអ្វីៗពីបង ព្រោះអូនដឹងថាអូនគ្មានសិទ្ធ អូនគ្មានគុណសម្បត្តិគ្រប់គ្រាន់នឹងទាមទារ តែអូនជឿជាក់ថានឹងគ្មានថ្ងៃណាមួយដែលបងនឹងទៅចោលអូន ឬបោះបង់អូនចោលឡើយ ។ ប៉ុន្តែទីបំផុតការពិតនៅតែជាការពិត បងមិនមែនជាកម្មសិទ្ធរបស់អូនទៀតនោះទេ​ អ្វីៗគ្រប់យ៉ាងបានក្លាយទៅជាការចងចាំមួយតែប៉ុណ្ណោះ។

........................................................................

រូបតំណាង

នៅក្នុងសួនច្បារដ៏ស្រស់បំព្រងមួយ វាគួរតែជាពេលដែលយើងរីករាយនឹងទេសភាពស្រស់ត្រកាល តែពួកយើងបែរជាអង្គុយស្ងប់ស្ងាត់រៀងៗខ្លួនទៅវិញ។ ទីនេះហើយ កន្លែងនេះហើយបានក្លាយជាទីកន្លែងលាគ្នាដ៏គួរឱ្យស្រងោះស្រងោចបំផុត។ គេចាប់ផ្តើមនិយាយបំផ្លាញភាពស្ងប់ស្ងាត់មុន

« បងសុំទោស!!!! »

« សុំទោសរឿងអីទៅ?​ ការពិតក្រែងពួកយើងធ្លាប់ព្រមព្រៀងគ្នាហើយមែនទេ? ហាហា...ការពិតថ្ងៃនេះក៏បានមកដល់ពិតមែន » ខ្ញុំប្រឹងសើចបន្លប់ចិត្តខ្លួនឯងដែលឈឺផ្សា។ គេក៏ស្ទុះមកឱបខ្ញុំយ៉ាងណែន ខ្ញុំដឹងថាគេក៏កំពុងតែឈឺចាប់ដូចខ្ញុំនៅពេលនេះដែរ។

រូបតំំណាង

ខ្ញុំស្រាប់តែទប់ទឹកភ្នែកខ្លួនឯងមិនបាន ហើយនិយាយទាំងសំឡេងអួលដើម-ក-

« ត្រូវចេះថែរក្សាខ្លួន ពេលដែលគ្មានអូននៅក្បែរ ត្រូវញ៉ាំបាយឱ្យទៀងពេល កុំខំធ្វើការហួសកម្លាំងពេក....ដែលសំខាន់នោះ បងត្រូវតែមានសេចក្តីសុខឱ្យបានច្រើន សន្យាណា?​»

« បានបងសន្យា..អូនក៏អ៊ីចឹងដែរ កុំគិតច្រើនពេក កុំយំ ឈប់ខូចចិត្ត បងសុំទោសដែលបងមិនអាចរក្សាពាក្យសន្យា បងសុំទោសដែលធ្វើឱ្យរឿងបែបនេះកើតឡើង»

« អូនជាអ្នកជ្រើសយកផ្លូវនេះដោយខ្លួនឯង...អូនក៏ដឹងថាផ្លូវបញ្ចប់គឺបែបនេះរួចទៅហើយ មិនអីទេ ​អូននឹងមានសេចក្តីសុខបំផុត »។ ពួកយើងឱបគ្នា និងកាន់ដៃគ្នាជាប់ជាលើកចុងក្រោយ។ ឱ! ស្នេហាខ្ញុំអើយ ច្រើនឆ្នាំបានត្រឹមឈឺផ្សា។ 

ក្រោយពីយើងបែកគ្នាទៅ ខ្ញុំក៏ត្រលប់មកបន្ទប់គេងរបស់ខ្លួនឯង ស្រែកយំទាំងឈឺចាប់។ ការអត់ទ្រាំធ្វើជាមនុស្សរឹងមាំនៅចំពោះមុខគេខ្ញុំពិតជាពិបាកធ្វើខ្លាំងណាស់។ ហេតុអ្វីទេវត្តាលេងសើចនឹងខ្ញុំខ្លាំងម៉្លេះ? ទីបំផុតការពិតនៅចុងបញ្ចប់ដែលវានឹងត្រូវកើតឡើងវាក៏បានមកដល់ ។ មកដោយមិនបានដឹងខ្លួន មិនបានត្រៀមចិត្ត។ ទោះដឹងថាវានឹងត្រូវតែកើតឡើង តែពេលមកដល់មែនទែន ខ្ញុំបែរជាឈរលែងកើត ដួលដល់ថ្នាក់ក្រោកលែងរួច ជីវិតងងឹតសូន្យសុង អស់កម្លាំងចិត្តរលីង ។ ក្នុងមួយជីវិតខ្ញុំមិនដែលទន់ខ្សោយដល់ថ្នាក់ហ្នឹងទេ អស់សង្ឃឹមហើយជាតិនេះ មិនអាចឈរក្បែរបងដូចមុន មិនអាចនៅក្បែរគ្នាតទៅទៀត មិនអាចកាន់ដៃបងដូចមុនទៀតឡើយ ។ អូនគ្មានសិទ្ធទៀតទេអស់ហើយ។ ហេតុអ្វីបានជាទេត្តាសម្រេចផ្តាច់និស្ស័យអូនបងចប់អស់ត្រឹមនេះ? ដៃដែលធ្លាប់កាន់ដៃអូន ដើមទ្រូងដែលធ្លាប់ឱបអូនផ្តល់ភាពកក់ក្តៅ កន្លែងនិងតំណែងដែលនៅជិតបងនឹងប្រគល់ឱ្យទៅមនុស្សស្រីដែលមានសិទ្ធគ្រប់គ្រាន់ម្នាក់ ។ អូនសារភាពថាអូនខឹង អូនស្អប់បង តែអូននៅតែស្រលាញ់ និងអរគុណវេលាកន្លងដែលបងបានផ្តល់ឱ្យអូន ព្រោះអូនក៏មានអារម្មណ៍ថាមានសេចក្តីសុខបំផុត ដែលបងធ្លាប់បានប្រគល់ឱ្យអូន ទោះជាវាមានត្រឹមតែរយៈពេលខ្លីក៏ដោយ។

រូបតំណាង

នៅក្នុងពិធីរៀបការដ៏ធំមួយខ្ញុំកំពុងតែឈរមើលមនុស្សប្រុសដែលខ្ញុំស្រលាញ់បំផុតស្លៀកពាក់ឈុតកូនកំលោះដឹកដៃកូនក្រមុំរបស់គេឡើងទៅលើឆាក។ ខ្ញុំប្រឹងញញឹមទប់ទឹកភ្នែកដែលស្ទើរតែអាចស្រក់ចុះមកបានគ្រប់ពេលវេលា។

អរគុណព្រហ្មលិខិត ដែលបាននាំបងមកឱ្យជួបអូន។ អរគុណបងដែលធ្លាប់ជួយស្អំបេះដូងដែលប្រេះស្រាំ ទោះអូនឈឺចាប់តែអូនក៏ស្ម័គ្រចិត្ត ព្រោះក្នុងការឈឺចាប់វាក៏មានលាយឡំនឹងសេចក្តីសុខផ្លូវចិត្តដ៏ច្រើនលើសលប់។ យ៉ាងណាអូនសុំជូនពរឱ្យបងមានតែសេចក្តីសុខព្រោះបងបានរកឃើញអនាគតល្អរបស់បងហើយ ចំណែកអូនមានតែត្រលប់ទៅកន្លែងខ្លួនឯងវិញ ស្ពាយសម្បកបេះដូង ចិត្តដែលរងរបួសប្រេះស្រាំបន្តទៅទៀត។ 

ស្នេហាដែលប្រកាន់វណ្ណៈ ប្រកាន់យសសក្តិ និងរឿងអតីតកាល ទោះជាយើងប្រឹងតស៊ូ និងស្រលាញ់គ្នាយ៉ាងណាចុងបញ្ចប់គឺនៅតែបែបនេះ។ ក្តីស្រលាញ់មិនមែនជារឿងរបស់មនុស្សពិរនាក់នោះទេ ទោះយើងស្រលាញ់គ្នាយ៉ាងណា បើមានឧបសគ្គរឿងគ្រួសារហើយ ហើយវាគ្មានដំណោះស្រាយនោះទេ ទីបញ្ចប់យើងក៏បែកគ្នាដោយគ្មានថ្ងៃអាចវិលត្រលប់មករកគ្នាវិញបានជារៀងរហូត៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]