(ភ្នំពេញ)៖ ថ្មីៗនេះ សម្រាប់តារាចម្រៀង កែវ វាសនា បានទទួលរងគ្រោះ ដោយព្យុះបោកបក់សំឡេងរិះគន់ជាថ្មី បន្ទាប់ពីលោក បានបកស្រាយនូវចម្រៀងមួយបទ មានចំណងជើងថា «ចំប៉ាប៉ោយប៉ែត» ដែលជាបកស្រាយនូវបទចម្រៀង ពីដើមឡើងវិញ ហើយត្រូវបានអ្នកគាំទ្រ ក៏ដូចជាមហាជន ធ្វើការរិះគន់ច្រើនជាងសរសើរ ដោយអ្នកខ្លះលើកឡើងថា លោកច្រៀងប្រឹងខ្លាំងពេក ខុសចាកពីបទដើម ដែលច្រៀងបែបលន្លង់លន្លោច ថ្នមក្រអួនក្រអៅ គួរឲ្យចង់ស្ដាប់។

បច្ចុប្បន្ននេះ គេសង្កេតឃើញថា តារាចម្រៀងអាជីពជាច្រើន បានព្យាយាមបង្ហាញសមត្ថភាពរបស់ខ្លួនដើម្បីទទួលបានភាពល្បីល្បាញបន្ថែម លើកេរ្តិ៍ឈ្មោះបច្ចុប្បន្ន ព្រោះតារាចម្រៀង Original ហាក់កាន់ តែមានប្រជាប្រិយភាព ជាងតារាចម្រៀងអាជីពខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្នតារាចម្រៀងអាជីពល្បីៗ មួយចំនួនបានប្រឹងប្រែងនិពន្ធ បទចម្រៀងដោយខ្លួនឯង បង្កើតស្ទីលថ្មីៗ ដើម្បីទាក់ទាញអ្នកគាំទ្រ និង ពង្រីកទីផ្សារការងាររបស់ខ្លួន។

ក្រៅពីការងារទាំងនេះ តារាចម្រៀងអាជីពមួយចំនួនបានងាក មកច្រៀងបទចម្រៀងមរតកដើមឡើងវិញ។ តែបកស្រាយជាស្ទីលរបស់ខ្លួនតែម្ដង។ ជាក់ស្ដែងតារាចម្រៀង ដួង វីរៈសិទ្ធ បានទទួលភាពជោគជ័យយ៉ាងខ្លាំង ព្រោះតែបទចម្រៀងមរតកដើម។

ថ្មីៗនេះ ផលិតកម្មថោន បានឲ្យតារាចម្រៀង កែវ វាសនា ច្រៀងបទចម្រៀងមរតកដើមឡើងវិញ គឺបទ «ចំប៉ាប៉ោយប៉ែត» ដែលឲ្យច្រៀងជាលក្ខណៈ Cover តែអ្វីដែលលោកទទួលបាន មិនមែនការ កោតសរសើរពីសំណាក់មហាជនទេ ពោលលោកត្រូវបានសំលេងរិះគន់ លើសពីពាក់កណ្ដាលទៅទៀត។

អាជីវកម្មម្នាក់ ដែលគេស្គាល់ថា ជាថៅកែស្បែកជើង និងកាបូបនៅក្រុងប៉ោយប៉ែត បាននិយាយលេងបន្លំមែនថា «ចំប៉ាប៉ោយប៉ែត រត់បាត់អស់ហើយ ឃើញសកម្មភាពអ្នកច្រៀង និងសំឡេងរលក ដូចបាននៅកោះស្ដាប់ទឹករលក មិនដឹងគិតម៉េច បាននឹកចង់ច្រៀង ហេហេ!!»។ រីឯអ្នកនៅក្នុងបណ្ដាញសង្គមដទៃទៀត បាននិយាយថា «អត់ថាអីទេ តែសំឡេងបងវាសនា គាត់ប្រឹងពេក បទបែបនេះលក្ខណៈលួងលោមផ្អែមល្ហែម មិនតឹងបែបនេះពេក។ ខ្ញុំចូលចិត្តបងវាសនា តែបទនេះបងប្រើសំឡេង ច្រមុះតឹងពេក និយាយលើសលោះអីខុសទាស់ រិះគន់ក្នុងន័យស្ថាបនា មិនជាន់ពន្លិច សូមធ្យាស្រ័យ..!»។

ក្រៅពីនេះ មហាជនបាននិយាយថា «បើសិន ដួង វីរៈសិទ្ធ ច្រៀងបទនេះប្រហែលជាពីរោះជាង កែវវាសនា ព្រោះវីរៈសិទ្ធ មានសំលេងផ្អែមស្រទន់ជាង!»។

លោក កែវ វាសនា មិនទាន់មានប្រតិកម្មអ្វីឡើយ ទាក់ទងនឹងសំឡេលេងរិះគន់ ពីអ្នកគាំទ្រ និងមហាជននៅពេលនេះ៕

កែវ វាសនា បានទទួលរងគ្រោះ ដោយព្យុះបោកបក់សំឡេងរិះគន់ជាថ្មី បន្ទាប់ពីលោក បានបកស្រាយនូវចម្រៀងមួយបទ មានចំណងជើងថា «ចំប៉ាប៉ោយប៉ែត»
មតិរិះគន់មួយចំនួនទៅលើលោក កែវ វាសនា
មតិរិះគន់មួយចំនួនទៅលើលោក កែវ វាសនា
តារាចម្រៀង កែវ វាសនា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា