** ប្រលោមលោកខ្មែរឡូត ** 

ក្តីស្រលាញ់មានភាពស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែមានមនុស្សជាច្រើនបែរជាបាត់បង់មនុស្សដែលខ្លួនស្រលាញ់បំផុត ព្រោះតែការស្រលាញ់មួយនោះទៅវិញ។ មនុស្សស្រីគឺជាភេទមួយដែលអាចនិយាយបានថា ងាយនឹងយល់ ឬអាចនឹងពិបាកយល់។ ពិបាកនឹងយល់ចិត្ត ដោយសារតែមានការប្រែប្រួលមិនទៀងទាត់ ត្រូវការភាពផ្អែមល្ហែម ត្រូវការការយល់ចិត្ត ការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួន ជាពិសេសពីមនុស្សជាទីស្រលាញ់។ ហើយដោយការស្រលាញ់ដែលយល់ពីខ្លួនឯង តែមិនយល់ពីអ្នកដទៃនេះហើយធ្វើឱ្យស្នេហាត្រូវដើរដល់ផ្លូវទាល់ដោយមិនដឹងខ្លួន។ ប៉ុន្តែមនុស្សស្រីជាមនុស្ស ដែលស្រលាញ់ស្មោះ និងមានភាពស្មោះត្រង់បំផុតជាមួយមនុស្ស ដែលខ្លួន ស្រលាញ់ ជាពិសេសងាយនឹងទទួលរងការឈឺចាប់បំផុត។

នាងជាអ្នកនាងដែលមានអ្វីគ្រប់យ៉ាង អ្វីដែលនាងចង់បានត្រូវតែបាន មិនអាចមានអ្នកណាម្នាក់អាចមកជំទាស់បំណងរបស់នាងបានទេ ។ មិនថាជា មិត្តភាព មិនលើកលែងទាំងសេចក្តីស្នេហា។ នាងតែងយល់ថាលុយមាន អំណាច លុយអាចទិញអ្វីៗគ្រប់បែបយ៉ាង មិនថាជាមនុស្សប្រុសដែលនាងស្រលាញ់។ តែគេមិនដែលចាប់អារម្មណ៍មនុស្សស្រីដែលស្អាតឆ្លាត ល្អគួរឱ្យស្រលាញ់ ដូចជានាងសោះ ទាំងទ្រព្យសម្បត្តិក៏មាន គ្រួសារក៏មានកិត្តិយសក្នុងសង្គមថ្លៃថ្នូរ ។ គេបែរក្លាយជាមនុស្សប្រុសដែលលេងប្ញកពាជាមួយនាង។ ទីបំផុតនាងនៅតែអាចយកគេមកបានដោយអំណាចទឹកប្រាក់។ មិនថាហេតុផលអ្វីក៏ដោយចុងក្រោយគេនៅតែត្រូវរៀបការជាមួយនាង។មនុស្សដែលធ្លាប់តែលេងប្ញកពា ពេលនេះបានក្លាយជាមនុស្សប្រុសដែលនៅក្រោមការបញ្ជារបស់នាង។ មែនហើយលុយគឺបែបនេះអាចទិញបានគ្រប់យ៉ាង។ គេក្លាយជាមនុស្សប្រុសមិនសូវចេះនិយាយស្តី ទោះនាងបញ្ជា នាងនិយាយអី គេគ្រាន់តែងក់ក្បាលតបទទួលតែប៉ុណ្ណោះ។ នាងសប្បាយនឹងជ័យជំនះ ប៉ុន្តែការពិតវាមិនមែនគ្រាន់តែរឿងឈ្នះចាញ់តែម្យ៉ាងនោះទេ ព្រោះតែនាងស្រលាញ់គេ។ នាងក៏ដឹងខ្លួនថា ទំនើង សម្តីអាក្រក់ដាក់គេ តែគេក៏តោះតើយដាក់នាងដែរ។ គេគួរតែសម្របខ្លួននឹងនាង ចេះលួងលោម ចេះទ្រនាងខ្លះ តែមើលគេចុះគេជិតក្លាយជាគល់ឈើមែនទេដឹង? ក្រោយមកនាងបានស៊ើបដឹងថា គេធ្លាប់មានមិត្តស្រីកាលនៅរៀន ហើយក៏មានតែម្នាក់ហ្នឹងគត់មិនដែលគេទាក់ទង។ អារម្មណ៍ខឹងនិងប្រចណ្ឌធ្វើឱ្យនាងតាំងចិត្តថាត្រូវតែកំចាត់មនុស្សស្រីម្នាក់នោះចេញ។ ពេលគេដឹងគេខឹងយ៉ាងខ្លាំង តែនាងបែរជាមិនធ្វើការបកស្រាយអ្វីទាំងអស់ក្រៅពីជំនះឈ្លោះយកខុសត្រូវជាមួយគេ។ បែបនេះហើយមនុស្សប្រុសជាទីស្រលាញ់ក៏បានចាកចេញពីនាងទាំងយប់អធ្រាត។ នាងយំ នាងសោកស្តាយ អ្វីដែលខ្លួនឯងធ្វើ តែនាងនៅតែប្រកាន់ចរិតមានះមិនទូរស័ព្ទ មិនទៅតាមទេ។ ភាពមានះនេះហើយបានធ្វើឱ្យនាងបាត់បង់មនុស្សប្រុសជាទីស្រលាញ់ជារៀងរហូត។ គេបានទទួលគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត។ នាងបានត្រឹមតែស្រែកយំជំនួសរឿងរ៉ាវទាំងឡាយ។ ថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពួកគេ ហើយក៏ជាថ្ងៃដែលនាងត្រូវយំដល់រីងខ្លួនព្រោះតែបាត់បង់មនុស្សសំខាន់ដែរ។ នាងបានរៀបចំបន្ទប់ កន្លែងគេង និងខោអាវរបស់គេស្រាប់តែប្រទះសៀវភៅមួយក្បាលដែលមានកំណត់ហេតុកន្លងមក។ នាងទ្រហោយំ និងសោកស្តាយដែលមិនដែលដឹងពីចិត្តរបស់គេ។ការពិតចិត្តគេស្រលាញ់តែនាង ការពិតគេមានគំរោងនាំនាង ទៅឆ្លងខួបអាពាហ៍ពិពាហ៍នៅកន្លែងរ៉ូមែនទិក សារភាពក្តីស្រលាញ់ចំពោះនាង និងសុំនាងបើកចិត្តចំពោះគ្នាជាលើកដំបូង។ ក្នុងសៀវភៅមានទាំងទីកន្លែង ម៉ោង និងអាហារដែលបានកក់ទុក។ នាងជូតទឹកភ្នែកទាំងញញឹម។ អ្វីៗដើរតាមគំរោងរបស់គេ មិនថាផ្កា នំខេក អាហារដែលនាងចូលចិត្ត ប៉ុន្តែអ្វីដែលធ្វើឱ្យ នាងសោកស្តាយនោះគឺគ្មានវត្តមានគេទៀតឡើយ។ នាងអង្គុយចុះទាំងញញឹមលាយទឹកភ្នែក។ បើមានឱកាសនាងនឹងមិនធ្វើបែបនេះទេ បើមានឱកាសនាង នឹងធ្វើល្អដាក់គេឱ្យបានច្រើន បើមានឱកាសនាងនឹងឱបគេហើយប្រាប់គេថា នាងស្រលាញ់គេ ហើយគេជាមនុស្សសំខាន់បំផុតសម្រាប់នាង ហើយបើមានឱកាសនាងនឹងមិនឱ្យរឿងថ្ងៃនេះកើតឡើងជារៀងរហូត។ សុំទោស បានត្រឹមតែសុំទោស តែធាតុពិតគេទៅហើយ គេទៅបាត់ហើយ និងជារៀងរហូត៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]