ហ្វីលីពីន៖ ជាការពិតណាស់ ឪពុកម្តាយគ្រប់រូបតែងតែ សុខចិត្តហ៊ានលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជំនះនូវរាល់គ្រប់ឧបសគ្គ ធ្វើកិច្ចការងារសព្វគ្រប់បែបយ៉ាង បើទោះស្ថិតក្នុងស្ថានភាពហត់នឿយលំបាកយ៉ាងណាក្តី ក៏មិនដែលត្អូញត្អែរ ធ្វើយ៉ាងណាឲ្យតែខ្លួនឯងមានសេចក្តីសុខ និងមានលទ្ធភាពបញ្ជូនទៅសិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង ជំនះពីភាពល្ងង់ខ្លៅ និងមានអនាគតភ្លឺស្វាងនៅថ្ងៃអនាគត។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពដ៏មានអត្តន័យប៉ុន្មានសន្លឹក របស់បុរសពិការជនជាតិហ្វីលីពីនម្នាក់ ខំប្រឹងបោលកង់រទេះជូនកូនប្រុសជាទីស្រលាញ់របស់ខ្លួន ទៅសាលាជារៀងរាល់ថ្ងៃ ត្រូវបានគេថតបង្ហោះចែកចាយនៅលើបណ្តាញសង្គម ខណៈធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តយ៉ាងខ្លាំង។

បើតាមប្រភពបានឲ្យដឹងថា បុរសជាឪពុកពិការជើងទាំងគូខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Alejandro គឺឪពុកម្នាក់ ដែលមានការតស៊ូខ្លាំងបំផុតក្នុងឆាកជីវិត ដើម្បីគ្រួសាររបស់គាត់ តាមលទ្ធភាពដែលអាចធ្វើទៅបាន។

ជារឿយៗ លោក Alejandro ត្រូវបានគេប្រទះឃើញ ធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃ ដើម្បីជូនកូនប្រុសរបស់គាត់ទៅសាលារៀន ដោយដាក់ឲ្យអង្គុយនៅលើភ្លៅរបស់គាត់ ក្នុងរូបភាពដ៏គួរឲ្យស្រងេះស្រងោច ដើម្បីជួយកាត់បន្ថយថ្លៃចំណាយលើការធ្វើដំណើរ។ ព្រោះជាក់ស្តែង មធ្យោបាយធ្វើដំណើរក្នុងប្រទេសហ្វីលីពីន គឺត្រូវការចំណាយខ្ពស់។

អ្នកស្រុកនៅក្នុងតំបន់ ក៏ដូចជាអ្នកនិយមលេងអ៊ីធើណែតជាច្រើន កាលដែលបានឃើញទិដ្ឋភាពបែបនេះហើយ បាននាំគ្នាសរសើរមិនដាច់ពីមាត់ទៅកាន់ លោក Alejandro ថាជាឪពុកគំរូដ៏ល្អម្នាក់ និងថែមទាំងជាវីរបុរសដ៏អស្ចារ្យ សម្រាប់កូនប្រុសរបស់គាត់ថែមទៀតផង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទាក់ទងទៅនឹងរឿងរ៉ាវប្រវត្តិគ្រួសាររបស់លោក Alejandro យ៉ាងណានោះ គេនៅមិនទាន់បានជ្រាបច្បាស់ ឲ្យស៊ីជម្រៅនៅឡើយទេ។ ខណៈមានប្រភពរាយការណ៍ឲ្យដឹងថា ចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះលោក Alejandro នេះ ក៏ត្រូវបានល្បីដល់កម្មវិធីទូរទស្សន៍ក្នុងស្រុកមួយផងដែរ ៕

រូបភាព៖ លោក Alejandro និងកូូនប្រុស
រូបភាព៖ លោក Alejandro និងកូូនប្រុស

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]