« បងជាមនុស្សប្រុសហេតុអ្វីមិនចេះធ្វើការសម្រេចចិត្ត កំណត់ជោគវាសនាដោយខ្លួនឯង? ហេតុអ្វីបានជាបងចាំបាច់ត្រូវតែតាមឪពុកម្តាយ? បងនិយាយថាឪពុកម្តាយមានគុណ បងថាបងត្រូវតែសងគុណ។ បងថាម្តាយឪពុកបងចាស់ មិនអាចជំនាស់បំណងពួកគាត់។ ចុះបងមានគិតទេថាអូនជាមនុស្សស្រីដែលនៅចាំបងរាប់ឆ្នាំ និងខំជំទាស់ ខំឈ្លោះជាមួយឪពុកម្តាយដើម្បីរង់ចាំបង? បងមានគិតដល់អូនខ្លះអត់? បងមិនដែលស្រលាញ់អូនស្មោះទេមែនទេ? ពាក្យសន្យា សម្តីស្នេហា និងការហែលឆ្លងទុក្ខលំបាកជាមួយគ្នាច្រើនឆ្នាំមិនអាចឱ្យបងស្តាយស្រណោះ ស៊ូទ្រាំ និងជំនះជាមួយគ្នាទេមែនទេ? បងចិត្តដាច់ខ្លាំងណាស់។ បងអាត្មានិយមខ្លាំងណាស់ បងដឹងខ្លួនអត់? បងធ្វើឱ្យមនុស្សស្រីម្នាក់ដែលខំស្រលាញ់បងស្មោះ ខំរង់ចាំបង មិនដែលហ៊ានស្រលាញ់និងទទួលអ្នកណាផ្សេង។ បងធ្វើឱ្យមនុស្សស្រីម្នាក់នេះឈឺចាប់ និងរងនូវអំពើអយុត្តិធម៌បំផុត។ ជារឿងពិតសមតែមនុស្សស្រីដែលរៀបការចោលមនុស្សប្រុស ព្រោះតែឪពុកម្តាយ តែថ្ងៃនេះបែរជាបងដែលទៅចោលអូន ជ្រើសយកមនុស្សស្រី ដែលបងទើបតែស្គាល់ ហើយបោះបង់អូនចោលដោយគ្មានមេត្តា។ អូនសុំសរសើរបងដោយស្មោះ មនុស្សល្អរបស់អូន។ អូនមើលបងខុសហើយ បងមើលងាយស្នេហារបស់អូន បងបោកប្រាស់ស្នេហាដែលអូនសន្សំ និងសច្ចាចាំតែបងម្នាក់ តែបែរជាបងយកលេសគ្រួសារមកធ្វើបែបនេះដាក់អូន។ បើបងស្រលាញ់អូនស្មោះ បងពិតជាហ៊ាននិយាយ ហ៊ានពន្យល់ឪពុកម្តាយបងពីរឿងយើង តែនេះបងអត់ទេ។ បងខ្លាច បងកំសាក បងមិនហ៊ានប្រឈមមុខនឹងរឿងរបស់យើង។ មនុស្សប្រុសដូចបងទៅចុះអូនលែងស្រណោះហើយ ទោះជាបងចង់បកក្រោយក៏អូនមិនអាចទទួលយកបាននោះដែរ ។ នេះត្រឹមតែរឿងស្នេហារបស់ខ្លួនឯងបងមិនអាចដោះស្រាយ បងមិនអាចសម្រេចចិត្តបានទៅហើយ បងអើយ! តើនៅថ្ងៃមុខ បងអាចនឹងធ្វើជាមេគ្រួសារ ជាមនុស្សដែលមានទំនួលខុសត្រូវគ្រួសារ បានដោយយ៉ាងម៉េច? អ្វីដែលអូនចង់និយាយអូនបាននិយាយអស់ហើយ ហើយកុំភ័យថាអូនខូចចិត្ត អូនសម្លាប់ខ្លួននោះ។ មនុស្សដូចអូនជីវិតអូនមានតម្លៃជាងស្នេហា បោកប្រាស់របស់បងឆ្ងាយណាស់។ គង់មានថ្ងៃណាមួយបងដឹងខ្លួន និងស្តាយក្រោយនូវទង្វើទាំងអស់របស់បង។

ទោះជាយ៉ាងណាថ្ងៃនេះជាថ្ងៃល្អរបស់បង អូនសូមជូនពរឱ្យបងមានសេចក្តីសុខ និងមានសុភមង្គលជាមួយគ្រួសារថ្មីរបស់បងជារៀងរហូត។

ពីអតីតសង្សារបស់បង »

.......................................................

សំបុត្រចាស់មួយច្បាប់ដែលកន្លងហួស ២ឆ្នាំមកហើយ ខ្ញុំនៅតែរក្សាទុកទាំងបេះដូងក្រៀមក្រំ ។ មែនហើយនាងនិយាយត្រូវ មនុស្សប្រុសដូចខ្ញុំពិតជាមិនសមទទួលស្នេហាស្មោះរបស់នាង ទេ។ មនុស្សប្រុសកំសាកម្នាក់នេះបានលះបង់មនុស្សស្រីដែលស្រលាញ់ខ្លួនស្មោះ ព្រោះតែគំនាបគ្រួសារ។ ហើយមនុស្សប្រុសម្នាក់នេះក៏បានដឹងខ្លួនថាខ្លួនឯងខុស តែក៏មិនអាចធ្វើអ្វី ឬកែខៃបញ្ហាបាននោះទេ។ មនុស្សប្រុសម្នាក់ដែលតាមមើលមនុស្សស្រីដែលខ្លួនស្រលាញ់ទាំងចិត្តក្តុកក្តួល។ មនុស្សប្រុស ដែលនៅក្នុងថ្ងៃរៀបការរបស់ខ្លួន ដែលនៅតែតាមសម្លឹងមើលមនុស្សស្រីនៅក្នុងបេះដូង តែបែរជាមិនអើពើនិងក្រឡេកមើលកូនក្រមុំ ដែលក្រាបផ្ទឹមជិតខ្លួន។ មនុស្សប្រុសដែលទទួលនូវការគាបសង្កត់ទាំងផ្លូវចិត្ត និងផ្លូវកាយដើម្បីមង្គលការពេលនេះ។

បងដឹងថាបងខុសធ្ងន់ចំពោះមនុស្សស្រីដែលបងស្រលាញ់ តែបងពិតជាគ្មានជម្រើស។ មានរឿងជាច្រើនដែលអូនមិនបានដឹង ហើយអូនក៏នឹងមិនបានដឹងអស់មួយជីវិត។ ព្រោះបងបានសម្រេចចិត្តដើរផ្លូវមួយនេះទៅហើយ បងមិនត្រូវការបកស្រាយ មិនត្រូវការវែកញែកឱ្យអូនបានដឹងនោះទេ។ អូនបានទៅហើយ អូនកំពុងតែមានសុភមង្គលរបស់ខ្លួនហើយ បងពិតជាមិនចង់រំខាន មិនចង់និយាយវែងឆ្ងាយ មិនចង់ហៅអូនឱ្យត្រលប់ក្រោយមើលបងទេ។ បងមានតែញញឹមជូនពរទាំងក្រៀមស្រពោន ឱ្យអូនមានសុភមង្គលជាមួយស្នេហាថ្មីរបស់អូនចុះ។ ចំណែកបងមានតែខាំមាត់ទ្រាំទទួលនូវជោគវាសនារបស់ខ្លួនឯង ទោះជាពេលនេះបងត្រូវ រងទុក្ខ ទទួលការមើលងាយ ការគាបសង្កត់ ពីសំណាក់គ្រួសារខាងគេ និងក្លាយជាកូនអកត្តញ្ញូព្រោះតែមិនដែលរវល់នឹងគ្រួសាររបស់ខ្លួនឯងយ៉ាងណាក៏ដោយ ក៏បងនៅតែទ្រាំឱ្យដល់ទីបំផុត។ បងសុំទោស ដែលបងមិនក្លាហានចំពោះស្នេហាយើងពេលនោះ និងមិនហ៊ានចាកចេញពីទុក្ខទោសគ្រួសារនៅពេលនេះ។ បងស្តាយក្រោយ បងឈឺចាប់ បងក្លាយជាមនុស្សប្រុសអន់ ដោយសារតែជ្រើសរើសមនុស្សស្រីមានឋានៈ ប៉ុន្តែបងពិតជាមិនអាចធ្វើអ្វីបាន ក្រៅពីទទួលយកពាក្យថាអត់ធ្មត់តែម្យ៉ាងគត់។

មនុស្សគ្រប់រូបមិនគួរសម្លឹងមើល និងជ្រើសយកសេចក្តីសុខដែលបានមកដោយសារ មាសប្រាក់ ឋានៈកិត្តិយស ហើយបែរជាបាត់បង់សភាពជាមនុស្ស និងការសម្រេចចិត្តខ្លួនឯងឡើយ បើមិនចង់ស្តាយក្រោយដូចជារូបខ្ញុំពេលនេះ។

ពីមនុស្សប្រុសដែលចោលស្នេហាចាស់ស្រវាកូនអ្នកមានទ្រព្យ ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]