ភ្នំពេញ៖ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ រួមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលត្រូវ គេរំពឹងថា មានជាង១០ម៉ឺននាក់ នឹងមកចូលរួម ដង្ហែព្រះបរមសព សម្តេចឪ សម្តេចតា សម្តេចតាទួត  នៃយើងទាំងអស់គ្នា ចាប់ពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី រហូតមកដល់ មុខព្រះបរមរាជវាំង ក្រោយពេលដែល ព្រះបរមសព របស់ទ្រង់ នឹងយាងមកដល់ នៅវេលាម៉ោង ៣ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។

យោងតាមមន្រ្តី សាលារាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ដើម្បីចូលរួម កាន់ព្រះរាជមរណទុក្ខ ដ៏ក្រៀមក្រំ រកទីបំផុតគ្មាននេះ បងប្អូន ប្រជាពលរដ្ឋ គ្រប់ជាន់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នឹងចូលរួមទទួល ព្រះបរមសពរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត ដែលនិងដង្ហែពីព្រលាន យន្តហោះអន្តរជាតិ ភ្នំពេញ រហូតមកដល់ មុខព្រះបរមរាជវាំង ដើម្បីយកទៅតម្កល់ទុក នៅក្នុងព្រះបរមរាជវាំង រហូតដល់ថ្ងៃ បូជាព្រះបរមសព ក្នុងរយៈពេលមិន តិចជាង៣ខែខាងមុខ។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច ចម្រុះជាច្រើននាក់ និងចូលរួម ធ្វើចរាចរ និងរក្សាសុវត្ថិភាព នៃការដង្ហែ ព្រះបរមសព របស់ទ្រង់ ។ ប៉ុន្តែមិនទាន់ មានការបញ្ជាក់ថា កម្លាំងសមត្ថកិច្ច ប៉ុន្មានពាន់នាក់ នោះទេ ដែលនឹងត្រៀម ជួយសម្រួលចរាចរណ៍ ខណៈដែល មន្រ្តីជាន់ខ្ពស់នគរបាល នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានបញ្ជាក់ ប្រាប់ដើមអម្ពិលថា កិច្ចប្រជុំមួយ ត្រូវបានធ្វើឡើង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២នេះ ហើយនឹងបញ្ចប់ នៅវេលាម៉ោង ប្រហែល៦ល្ងាច ពេលនោះទើបដឹងលទ្ធផល។

ជាមួយគ្នានេះ គេរំពឹងថា ប្រជារាស្រ្ត របស់ព្រះអង្គ រាប់ម៉ឺននាក់ មកពីតាមខេត្ត ក្រុងនានា នឹងធ្វើដំណើរ មកកាន់ រាជធានីភ្នំពេញ ដើម្បីគោរព ព្រះវិញ្ញាណក្ខន្ធ របស់សម្តេចឪ សម្តេចតា សម្តេចតាទូត នៃយើងទាំងអស់គ្នា ដែលជាការបាត់បង់ អតីតព្រះមហាវរក្សត្រ របស់កម្ពុជា យ៉ាងធំធេងជាទីបំផុត រកអ្វីប្រៀបផ្ទឹមមិនបាន៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]