រាជធានី​​ភ្នំពេញ​ ៖ ក្រុម​អ្នក​អ​ភ​រិ​ក្ស​របស់​រដ្ឋបាល​ជលផល អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ឬ​ហៅ​ថា The Wildlife Conser-vation Society (WCS) និង​ប្រជា​សហគមន៍ ​បាន​រក​ឃើញ​ពងក្រពើ​ព្រៃ ឬ​ពងក្រពើ​ត្រី​ជិត​ផុត​ពូជ មួយ​សំបុក​ដែល​មាន​ពង​​ចំនួន​១៩ នៅ​ត្រពាំង​កៀន​តុ ស្ថិត​ជិត​ភូមិ​ព្រះ​អង្គ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង ខណៈ​ពេល​ដែល​ក្រុម​អ្នក​អភិរក្ស​មក​ពី​ស្ថាប័ន​ខាងលើ​កំពុង​តែ​ស្រាវជ្រាវ​រក​ដាន សញ្ញា​នៃ​ក្រពើ​ព្រៃ​ក្នុង​តំបន់​ខាងលើ​។

​បើ​យោង​តាម​សេចក្តី​ប្រកា​សព​ត៌​មាន​របស់​អង្គារ WCS ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី ២៨ ខែមិថុនា បាន​អះអាង​ថា​នេះ​គឺជា​ការ​រក​ឃើញ​លើក​ដំបូង​នៃ​សំបុក​ពងក្រពើ​ត្រី​ដែល​ជិត​ផុត​ពូជ សម្រាប់​រយៈពេល​៦​ឆ្នាំ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​និង​ការពារ​នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​។ ក្រពើ​ត្រី ឬ​ក្រពើ​ព្រៃ​ ត្រូវ​បាន​ចុះបញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​លើ​ភព​ផែនដី ដោយសារ​តែ​ចំនួន​សត្វ​ក្រពើ​ព្រៃ​ត្រី​នេះ​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ ។ ប្រភេទ​ពូជ​សត្វ​ក្រពើ​ត្រី​នេះ គឺ​មាន​រស់នៅ​តែ​ប្រទេស​កម្ពុជា ឥណ្ឌូ​នេ​ស៊ី ថៃ​ឡង់ និង​វៀតណាម​តែ​ប៉ុណ្ណោះ ហើយ​ចំនួន​របស់​វា​ជាស​កល​គឺ​មាន​ត្រឹមតែ ៤១០ នៃ​ក្រពើ​ពេញវ័យ ខណៈ​ដែល​នៅ​កម្ពុជា​គឺ​មាន​ចំនួន​ប្រមាណ​ពី ១០០ ទៅ ៣០០ នៃ​ក្រពើ​ព្រៃ​ពេញវ័យ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដ៏​សំខាន់​ក្នុង​ការ​អ​ភ​រិ​ក្ស​ប្រភេទ​ពូជ​ក្រពើ​កម្រ​នេះ​។

ក្រពើ​ព្រៃ​ប្រឈម​មុខ​នឹង​ការ​គម្រាម​គំ​ហែង​ជា​ច្រើន​សម្រាប់​ការ​រស់រាន​របស់​ពួក​គេ​។ នៅ​កម្ពុជា ការ​គំរាម​គំ​ហែង​ចំបង​នោះ​គឺ​ការ​ប្រមាញ់​ខុសច្បាប់​នៃ​ក្រពើ​ព្រៃ​ពេញវ័យ ការ​ចាប់​យក​ពង និង​ការ​ប្រមូល​ពងក្រពើ​ព្រៃ​ដើម្បីផ្គត់ផ្គង់​ទៅ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​កម្ពុជា វៀតណាម និង​ប្រទេស​ថៃ ជា​ពិសេស​សម្រាប់​រយៈពេល​ពីរ​ទស​វត្ស​ចុង​ក្រោយ​។ សម្រាប់​ការ​គំរាម​គំ​ហែង​ផ្សេង​ទៀត​មាន​ដូច​ជា​ការ​បំផ្លិចបំផ្លាញ​ជម្រក ការ​ថយ​ចុះ​ចំណីអាហារ​ក្នុង​ធម្មជាតិ ការ​មានឱកាស​ទាប​ក្នុង​ការ​បន្ត​ពូជ ដោយសារ​ការ​ចំនួន​ក្រពើ​តិចតួច​ពេក ក៏​ដូច​ជា​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត ដូច​ជា​បទ​បញ្ញា​តិ​លើ​កសិដ្ឋាន​ចិញ្ចឹម និង​ការ​ធ្វើ​ពាណិជ្ជកម្ម​។

លោក អ៊ិន ហ៊ុ​ល មន្ត្រី​រដ្ឋបាល​ជលផល​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​បាន​បញ្ជាក់​ថា​លោក​ពិតជា​រីករាយ​ណាស់​សម្រាប់​ការ​រក​ឃើញ​សំបុក​ពងក្រពើ​ព្រៃ​លើក​ដំបូង​នៅ​ស្រុកស្រែ​អំបិល ដោយសារ​តែ​លើក​មុន​ៗ​គឺ​ក្រុមការងារ​រក​ឃើញ​ត្រឹម​ដាន​របស់​វា​តែ​ប៉ុណ្ណោះ​។

​លោក អ៉ិ​ន ហ៊ុ​ល បាន​បញ្ជាក់​ថា​៖ «ដើម្បី​បញ្ជៀ​ស​នូវ​ការ​គំរាម​គំ​ហែង​នានា យើង​បាន​បំ​លាស់​ទី​នៃ​ពង​ទាំងនោះ ទៅ​កាន់​ទី​សុ​វត្ថិ​ភាព​ដែល​ពង​ក្រើ​អាច​ញាស់ ហើយ​យើង​អាច​តាមដាន​នូវ​ដំណើរការ​របស់​ពួក​វា» ។ លោក​បាន​បន្ត​ថា ​ព្រែក​ស្រែអំបិល​គឺជា​កន្លែង​ដ៏​សំខាន់​បំផុត ដោយសារ​តែ​ប្រភេទ​សត្វ​កម្រ​ជា​ច្រើន ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ទីនោះ​ ៕

រក​ឃើញ​ពងក្រពើ​ព្រៃ ឬ​ពងក្រពើ​ត្រី​ជិត​ផុត​ពូជ មួយ​សំបុក​ដែល​មាន​ពង​​ចំនួន​១៩ នៅ​ត្រពាំង​កៀន​តុ ស្ថិត​ជិត​ភូមិ​ព្រះ​អង្គ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង
ក្រុម​អ្នក​អភិរក្ស​មក​ពី​ស្ថាប័ន​ខាងលើ​កំពុង​តែ​ស្រាវជ្រាវ​រក​ដាន សញ្ញា​នៃ​ក្រពើ​ព្រៃ​ក្នុង​តំបន់​ខាងលើ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]