បរទេស៖ មិត្តអ្នកអានប្រហែលជាធ្លាប់បានឃើញរួចមកហើយ នូវផលិតផលច្នៃម៉ូតជាច្រើន ដែលត្រូវបានផលិតឡើងក្នុងរូបរាងមួយដែលចម្លែក  ឬមិនមានផ្តល់ប្រយោជន៍អ្វីដល់អ្នកប្រើប្រាស់ទាល់តែសោះ។  ទោះជាយ៉ាងណា មនុស្សជាច្រើននៅតែមានអារម្មណ៍ចង់ទិញវា ក៏ដោយសារតែ ប្រ៊េន ដែលនៅជាប់នឹងផលិតផលនោះ។

ថ្មីៗនេះ Prada ដែលជាម៉ាកសញ្ញាផលិតផលដ៏ធំមួយរបស់អ៊ីតាលី បានដាក់លក់ឧបករណ៍ខ្ទាស់ក្រដាសតូចមួយ ក្នុងតម្លៃ ១៨៥ដុល្លារ។ ឧបករណ៍ខ្ទាស់ក្រដាសដែលធ្វើពីប្រាក់ ប៉ូលាយ៉ាងរលោងនេះ ត្រូវបានដាក់លក់នៅក្នុងគេហទំព័រ Barney’s New York ដែលគេបានឲ្យឈ្មោះវាថា Paperclip-Shaped Money Clip។

ឧបករណ៍ខ្ទាស់ក្រដាសតូចមួយរបស់ Prada ដែលមានតម្លៃ ១៨៥ដុល្លារ

ឧបករណ៍មួយនេះមានប្រវែងត្រឹមតែ ៦សង់ទីម៉ែត្រប៉ុណ្ណោះ និងមានឆ្លាក់អក្សរ PRADA តូចមួយនៅលើនោះ។

អ្នកលេងបណ្តាញសង្គមជាច្រើនមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ចំពោះតម្លៃនៃផលិតផលមួយនេះ។  ពួកគេបានបង្ហោះរូបភាពចូលទៅក្នុងគណនី Twitter របស់ពួកគេ អំពីតម្លៃដ៏ខ្ពស់ហួសឆ្ងាយពីឧបករណ៍ខ្ទាស់ក្រដាសធម្មតា។

អ្នកលេងបណ្តាញសង្គមជាច្រើនមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងចំពោះតម្លៃនៃផលិតផលមួយនេះ

យោងទៅតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ឧបករណ៍សម្រាប់ខ្ទាស់ក្រដាស និងផលិតផលមួយទៀតរបស់ក្រុមហ៊ុនច្នៃម៉ូត Balenciaga កំពុងត្រូវបានគេរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។  គ្រាន់តែថង់យួរដៃធ្វើពីស្បែកគោ ដែលមានខ្សែកាន់ពណ៌ខ្មៅដ៏សាមញ្ញមួយ ជាមួយអក្សរ Balenciaga នៅលើនោះ ត្រូវបានដាក់លក់ក្នុងតម្លៃដល់ទៅ ៨៧០ផោន (ប្រហែល ១ ១០០ដុល្លារ)។

ថង់យួរដៃធ្វើពីស្បែកគោមួយនេះ​មានតម្លៃដល់ទៅ ៨៧០ផោន (ប្រហែល ១១០០ដុល្លារ)

តាមពិតទៅ មានផលិតផលច្នៃម៉ូតផ្សេងៗទៀតជាច្រើន ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Balenciaga ដូចជាកាបូប IKEA ពណ៌ខៀវនៅខាងក្រោមនេះយ៉ាងអ៊ីចឹង។ វាត្រូវបានផលិតផលឡើងពីសារធាតុ polypropylene (សារធាតុដែលអាចយកទៅកែច្នៃឡើងវិញ) ១០០%តែម្តង ហើយវាត្រូវបានគេដាក់លក់នៅក្នុងតម្លៃ ១ ៦៩៣ផោន (ប្រហែល ២ ១០០ដុល្លារ)។

កាបូប IKEA ពណ៌ខៀវមួយនេះ មានតម្លៃ១៦៩៣ផោន (ប្រហែល ២១០០ដុល្លារ)

កាលពីដើមឆ្នាំកន្លងទៅក្រុមហ៊ុន Balenciaga ក៏ត្រូវបានគេសើចចំអកចំពោះកាបូបដែលមើលទៅដូចជាស្រោមដាក់ភួយមួយ ដោយវាត្រូវបានដាក់លក់នៅក្នុងតម្លៃ ដល់ទៅ ២ ៣២៥ផោន (ប្រហែល ៣ ០០០ដុល្លារ) ឯណោះ។

កាបូបដែលមើលទៅដូចជាស្រោមដាក់ភួយ មួយនេះ​មានតម្លៃ ២៣២៥ផោន (ប្រហែល ៣០០០ដុល្លារ)

ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើលកាន់តែខ្លាំងជាងនេះទៅទៀតនោះគឺថា ឧបករណ៍ខ្ទាស់ក្រដាសរបស់ PRADA ដែលមានតម្លៃខ្ពស់ហួសពីការស្មាននេះ មានអ្នកកុម្ម៉ង់ទិញរួចទៅហើយ៕

សម្រាប់មិត្តអ្នកអានវិញ តើអ្នកគិតយ៉ាងណាដែរ ចំពោះទំនិញថ្មីរបស់ PRADA មួយនេះ? តើអ្នកនឹងទិញវាដែរទេ?

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]