អង់គ្លេស៖ ថ្ងៃទី 28 មិថុនា 2017, នៅក្នុងពិព័រណ៍រថយន្តក្រុងហ្សឺណែវ កាលពីខែមីនា ឆ្នាំ 2016 ក្រុមហ៊ុន Rolls-Royce បានបង្ហាញនូវស្នាដៃកំពូលប្រណីតខុសពីមុនពិតៗ ហើយនោះគឺការបង្ហាញនូវរថយន្តបែប Bespoke ឈ្មោះថា Black Badge ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរស់នៅរបស់អតិថិជនទំនិញប្រណីតដែលមានវ័យក្មេង និងមានទឹកចិត្តមោះមុត ។

ពិធីបង្ហាញល្បឿនរថយន្តនៅ Goodwood ឆ្នាំ 2017 នៅថ្ងៃនេះ គឺជាការបង្ហាញនូវជំពូកថ្មីលើកទីបី នៃដំណើររឿងនៃការវិវត្តន៍រថយន្តស៊េរីនេះ ហើយនេះក៏មានការបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៃរថយន្តម៉ូដែល Dawn Black Badge ជារថយន្តបើកដំបូលប្រណីតបំផុតក្នុងពិភពលោក ។

ដំណើររឿង Black Badge

Black Badge បានមានវត្តមានលេចធ្លោបំផុតក្នុងវិស័យផលិតផលកំពូលប្រណីត

ចាប់តាំងពីការបង្ហាញខ្លួននៅឆ្នាំ 2016 ស៊េរី Black Badge បានមានវត្តមានលេចធ្លោបំផុតក្នុងវិស័យផលិតផលកំពូលប្រណីត ។ ទឹកដៃផ្នែកវិស្វកម្ម និងរចនាបែប Bespoke ពិតៗនៃរថយន្តប្រភេទនេះ បានឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលបាននិយាយថា “ចូរផលិតរថយន្ត Rolls-Royce ឲ្យពួកយើង ដែលខុសពីគេ” ។

ស៊េរី Black Badge គឺជាការឆ្លើយតបរបស់រថយន្ត Rolls-Royce ចំពោះអតិថិជនមួយក្រុមតូច ដែលបានទទូចមកក្រុមហ៊ុន ចង់បានរថយន្តដែលមានចរិតលក្ខណៈពិសេស ឆ្លុះបញ្ចាំងដំណើរជីវិតរបស់ពួកគេដែលខុសប្លែកពីការរស់នៅរបស់មនុស្សទូទៅ ក៏ដូចជាឆ្លុះបញ្ចាំងអំពីភាពជោគជ័យរបស់ពួកគេ និងទំនិញប្រណីតដែលពួកគេប្រើប្រាស់ ។ អតិថិជនទាំងនេះ បានកំណត់ខ្លួនឯងថា មានលក្ខណៈខុសប្លែកពីមនុស្សនៅក្នុងសង្គមទូទៅ ។

រថយន្ត Dawn Black Badge

“ចូរផលិតរថយន្ត Rolls-Royce ឲ្យពួកយើង ដែលខុសពីគេ”

រថយន្ត Dawn Black Badge ត្រូវបានបង្កើតឡើងដើម្បីបំពេញទៅតាមតម្រូវការចង់បានរបស់អតិថិជនរថយន្ត Rolls-Royce ប្រភេទថ្មី ។ រថយន្តនេះ ផ្ដល់ជាទីកន្លែងដែលប្រណីតបំផុត មានលក្ខណៈសង្គម និងស្រូបយកខ្យល់អាកាសនាពេលរាត្រី ។ នេះជាប្រភេទរថយន្តបើកដំបូលដែលគួរឲ្យចាប់ចិត្ត និងល្អបំផុត ហើយត្រូវបានច្នៃបង្កើតឡើងក្នុងសណ្ឋានថ្មី និងក្រម៉ៅជាងមុនស្របទៅតាមវិស្វកម្ម និងការរចនានៃស៊េរី Black Badge ។

រថយន្ត Dawn Black Badge មានស្រទាប់ថ្នាំ និងវ៉ែនី ជាច្រើនជាន់ត្រូវបានប្រើប្រាស់ និងដុសខាត់ដោយដៃ ដែលដំណើរការនៃការបាញ់ពណ៌ និងដុសខាត់នេះបានប្រើពេលយ៉ាងយូរបំផុតសម្រាប់ផ្ទៃពណ៌ថ្នាំនេះ ។ ជាលទ្ធផលបានធ្វើឲ្យរថយន្ត Dawn មានផ្ទៃខ្មៅបំផុតពុំធ្លាប់មានឡើយសម្រាប់ផ្ទៃពណ៌រថយន្តផ្សេងៗ ។ ដំបូល ដែលបើកដោយសំឡេងយ៉ាងស្ងាត់ប្រៀបបាននឹង “របាំបាឡេស្ងាត់” ដើម្បីអនុញ្ញាតឲ្យសូរសៀងពេលរាត្រីចូលក្នុងរថយន្ត គឺមានតែពណ៌ខ្មៅប៉ុណ្ណោះ ខណៈដែលធ្នើខាងក្រោយត្រូវបានបំពាក់ដោយស្បែកពណ៌ខ្មៅ ។

ទេវរូប Spirit of Ecstasy ដែលរូបរាងមានការផ្លាស់ប្ដូរជាច្រើនលើកមកហើយតាមប្រវត្តិសាស្ត្ររបស់ម៉ាកយីហោរថយន្តនេះ បានប្រែជាផ្ទៃខ្មៅរលោង ។ ការកែប្រែឲ្យក្លាយទៅជាសណ្ឋានក្រម៉ៅនេះ ក៏ត្រូវធ្វើឡើងចំពោះស៊ុមប៉ាណាខាងមុខ គម្របម៉ាស៊ីន បំពង់ស៊ីមាំង និងប្រហោងខ្យល់ក្រោមកាងរថយន្ត។ ជាចុងបញ្ចប់គឺ រូបអក្សរ RR នៅលើផ្ទៃនានានៃរថយន្ត Rolls-Royce ត្រូវបានកែប្រែពណ៌ ដែលបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីសណ្ឋានមួយបែបទៀតពិតៗនៃម៉ាកយីហោរថយន្តនេះ ។ ការរចនាទាន់សម័យបែបនេះក៏បានអនុវត្តយ៉ាងស្រស់ស្អាតនៅផ្ទៃខាងក្នុងរថយន្តផងដែរ ។

ជាការឆ្លុះបញ្ចាំងឲ្យឃើញពីទស្សនវិជ្ជាបែប Bespoke រថយន្ត Dawn Black Badge ក៏មានបំពាក់នូវផ្ទៃខាងក្នុងដែរ ។ ស្បែកពណ៌ខ្មៅដ៏ស្រស់ស្អាត និងមានគុណភាពខ្ពស់ត្រូវបានរំលេចដោយបន្ថែមនូវឆ្នូតពណ៌ទឹកក្រូច ដែលព័ទ្ធជុំវិញកាប៊ីនរថយន្ត កម្ពស់ត្រឹមចង្កេះ ដែលធ្វើឲ្យនឹកភ្នកដល់ថ្ងៃរៀបលិចមុនពេលដែលអ្នកជិះឈានចូលដល់ស្បៃរាត្រីងងឹត ។

ជាថ្មីម្ដងទៀត ការតុបតែងចុងក្រោយ ដែលយកគំរូតាមអ្នកគាំទ្រឈានមុខគេរបស់រថយន្ត Rolls-Royce គឺលោក Sir Malcolm Campbell គឺអនុវត្តនៅលំហនៃផ្ទៃខាងក្នុង ផ្នែកខាងក្រោយ ។ រូបសញ្ញា “អានន្ត” ដ៏ល្បីល្បាញរបស់លោក ត្រូវបានប៉ាក់ឌិនយ៉ាងស្រស់ស្អាតលើផ្ទៃជម្រាលផ្នែកខាងក្រោយ ប្រៀបបាននឹងបុរសម្នាក់ដែលពោរពេញដោយស្មារតីមិនចេះហត់នឿយ ដែលនេះជាឥរិយាបថរបស់ Black Badge ។

វិស្វកម្មបែប Bespoke ពិតៗ

រថយន្ត Dawn Black Badge ត្រូវបានបង្កើតឡើងដើម្បីបំពេញទៅតាមតម្រូវការចង់បានរបស់អតិថិជនរថយន្ត Rolls-Royce ប្រភេទថ្មី

ដូចគ្នានឹងម៉ូដែលពីរទៀត គឺ Ghost និង Wraith ដែរ ចំណុចសំខាន់នៃម៉ូដែល Dawn ផងដែរនោះ គឺវិស្វកម្មដែលជាគ្រឹះនៃទស្សនវិជ្ជារបស់ Black Badge ។ នៅពេលដែលចុចលើ ប៊ូតុង “Low” ប្រព័ន្ធនេះនឹងបញ្ចេញសំឡេងរោទិ៍ ជាមួយនឹងកម្លាំងម៉ាស៊ីន V12 របស់រថយន្ត Rolls-Royce ដែលប្រៀបបាននឹងការប្រកាសអំពីការមកដល់ប្រកបដោយអំណាចជាជាងការលេងសើច ។

ការកែប្រែជាមូលដ្ឋានសម្រាប់ប្រអប់លេខ និងដំណើរការបេនប្រេងធ្វើឲ្យម៉ូដែល Dawn មានសន្ទុះ ប៉ុន្តែនៅតែរក្សាតំណែងនៃរថយន្តនេះជារថយន្តបើកដំបូលដែលប្រណីតបំផុតក្នុងលោកដដែល ។ តាមពិតទៅប្រព័ន្ធរង្វិលកង់ ប្រអប់លេខ ZF ដែលមាន 8 លេខ និងប្រព័ន្ធចង្កូត ហាក់មានវិញ្ញាណ ដែលធ្វើឲ្យពួកវាមានដំណើរការរួមគ្នាដើម្បីធ្វើឲ្យការបើកបរមានថាមពលជាងមុន ផ្អែកលើដំណើរការបេនប្រេង និងចង្កូត នេះ។

ការបង្កើនសន្ទុះកម្លាំងនៃរថយន្ត Dawn Black Badge បាននាំឲ្យមានការអភិវឌ្ឍហ្វ្រាំងថ្មី ដែលអង្កត់ផ្ចិតត្រូវបានពង្រីកមួយអ៊ិញបន្ថែមទៀត ។ នៅពេលបន្ថយល្បឿន ការអភិវឌ្ឍន៍ថ្មីចំពោះដំណើរការប្រព័ន្ធលេខ ធ្វើឲ្យរង្វិលជុំថយប្រមាណ rpm ឆាប់ជាងមុន នៅពេលចាប់ហ្វ្រាំង ដែលធ្វើឲ្យម៉ាស៊ីនទម្លាក់ល្បឿន នៅពេលដែលកំពុងបើកបរក្នុងកម្លាំងខ្លាំង ។

ប្រព័ន្ធចង្កូតក៏ត្រូវបានធ្វើឲ្យដំណើរការលឿន និងត្រូវបានបង្កើតឡើងដើម្បីឲ្យមានការឆ្លើយតបលឿនជាងមុន ។ ប្រព័ន្ធបញ្ជាដោយផ្អែកលើល្បឿន ក៏បានផ្ដល់ទំនុកចិត្តដល់អ្នកបើកបររថយន្ត Black Badge នៅពេលដែលពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន ហើយមានទំនុកចិត្តលើចង្កូតដែលមានទម្ងន់ជាងមុនពេលដែលរថយន្តកំពុងស្ថិតក្នុងល្បឿនលឿន ។

នៅពេលនេះ ម៉ូដែល Dawn Black Badge ចាប់ផ្ដើមទទួលការកុម្ម៉ង់ហើយ ៕

រថយន្ត Dawn Black Badge មានស្រទាប់ថ្នាំ និងវ៉ែនី ជាច្រើនជាន់ត្រូវបានប្រើប្រាស់ និងដុសខាត់ដោយដៃ
ថយន្តនេះ ផ្ដល់ជាទីកន្លែងដែលប្រណីតបំផុត មានលក្ខណៈសង្គម និងស្រូបយកខ្យល់អាកាសនាពេលរាត្រី
រថយន្តនេះជារថយន្តបើកដំបូលដែលប្រណីតបំផុតក្នុងលោក
ស្បែកពណ៌ខ្មៅដ៏ស្រស់ស្អាត និងមានគុណភាពខ្ពស់ត្រូវបានរំលេចដោយបន្ថែមនូវឆ្នូតពណ៌ទឹកក្រូច ដែលព័ទ្ធជុំវិញកាប៊ីនរថយន្ត
ស្បែកពណ៌ខ្មៅដ៏ស្រស់ស្អាត និងមានគុណភាពខ្ពស់ត្រូវបានរំលេចដោយបន្ថែមនូវឆ្នូតពណ៌ទឹកក្រូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]