កណ្តាល៖  អរិយក្សត្រ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាលភាគខាងកើតនៃទីក្រុងភ្នំពេញ បានកំពុងតែទាក់ទាញអ្នកវិនិយោគិនយ៉ាងច្រើន ជាមួយនឹងការវិនិយោគដូចជា៖ លំនៅដ្ឋាន ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត ។ ទន្ទឹមនឹងនេះក៏មានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងអ្នកវិនិយោគិន បន្ទាប់ពីខាងសាលាក្រុងភ្នំពេញ បង្ហាញពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នាពេលខាងមុខ គឺគម្រោងស្ពានភ្ជាប់ពី រាជធានីភ្នំពេញ ទៅកោះដាច់ ស្វាយជ្រុំ និងអរិយក្សត្រ។ ដោយនាពេលថ្មីៗនេះ មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានយ៉ាងច្រើន ដែលមានដូចជា៖ បុរីចតុមុខ ចតុមុខវីយ៉ូ គម្រោង Evergreen និងគម្រោងដីពុះឡូតិ៍ជាច្រើនទៀត។

ចំណែកឯខាងវិហារសួគ៍វិញក៏មានគម្រោង Skyland ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Jet’s Group និងក្រុមហ៊ុន STAR5 Development ផងដែរលើផ្ទៃដីទំហំសរុប ៧,៧៧០ ហិកតា មានជាគម្រោងដីឡូតិ៍ លំនៅដ្ឋាន ស្កាយខុនដូ ស្កាយវីឡា និងគម្រោងផ្ទះវីឡា។ និងគម្រោងបន្ទាប់នឹងបង្កើតនូវសេវាកម្ម និងកន្លែងកំសាន្តផ្សេងៗដូចជា៖ សួនទឹកកំសាន្ត ប្រព័ន្ធថាមពលព្រះអាទិត្យ ក្លឹបហាត់ប្រាណ ហ្គូវក្លឹប ផ្សារបណ្តែតទឹកជាដើម។

ការអភិវឌ្ឍន៍ទាំងនេះអាចជម្រុញឲ្យតម្លៃដីមានការកើនឡើងបើធៀបទៅនឹងតម្លៃដីនៅរយៈពេលប៉ុន្មានឆ្នាំមុន។ ដោយតម្លៃដីនៅក្នុងតំបន់អរិយក្សត្រតាមបណ្តោយផ្លូវលេខ៣៨០ មានតម្លៃចាប់ពី ៤០០ដុល្លារទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីនៅតាមមាត់ទន្លេ មានតម្លៃដីចាប់ពី១៥០ដុល្លារទៅ ២៥០ដុល្លារក្នុងម៉ែត្រការ៉េ។ តម្លៃដីនៅតាមតំបន់ទំនាប មានតម្លៃចាប់ពី៣០ដុល្លារទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯដីដែលមានទីតាំងស្ថិតនៅជិតគម្រោងបុរី និងខុនដូ មានតម្លៃចាប់ពី៨០ដុល្លារទៅ១៥០ដុល្លារក្នុងម៉ែត្រការ៉េ។ ចំណែកឯគម្រោងតម្លៃដីពុះឡូតិ៍វិញអាចឡើងដល់១០០ដុល្លារទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទោះជាមានការកើនឡើងតម្លៃឥតឈប់ឈរក៏ដោយយ៉ាងណា តែសម្រាប់អ្នកវិនិយោគិន និងប្រជាពលរដ្ឋដែលរំពឹងផលចំណេញពីការវិនិយោគមួយនេះ នៅតែបន្តធ្វើការទិញដូរជាធម្មតា មុនពេលមានការសាងសង់ផ្លូវ ឬស្ពាន ៕

ប្រភព៖ Post Khmer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]