ធ្វើជាប្រពន្ធគេមិនស្រួលទេ ហើយធ្វើជាម្តាយគេក៏រឹតតែពិបាក។ មនុស្សស្រីម្នាក់ៗ គ្រាន់តែរៀបការរួច ជីវិតប្រៀបបីដូចជាស្ថិតនៅក្នុងទ្រុងមួយទៅហើយ។ តែមិនច្បាស់ថា ជាទ្រុងដែក ឬក៏ជាទ្រុងមាស? ចុះទម្រាំតែខ្ញុំ?

« លោកជំទាវ » ពាក្យមួយម៉ាត់ដែលគេឯងហៅដោយកោតគោរព និងក្រែងរអែង។ ប៉ុន្តែបន្ទុកពិតជាធ្ងន់ខ្លាំងណាស់។ កាលពីអាយុ១៨ឆ្នាំ ខ្ញុំបានរៀបការចូលគ្រួសារខាងប្តី ដោយមានឪពុកម្តាយក្មេកធ្វើបាប និងរើសអើង។ នៅអាយុ២៥ឆ្នាំ មានឈ្មោះជា លោកស្រីដែលមានសម្ពាធ។ នៅអាយុ ៤០ ឆ្នាំមានងារជាជំទាវ ដែលត្រូវរ៉ាប់រងអ្វីៗច្រើនយ៉ាង។ អ្នកផ្សេង អាចនឹងកោតសរសើរ និងច្រណែននឹងអ្វីដែលខ្ញុំមានពេលនេះ។ ប៉ុន្តែដោយសារតែឋានៈមួយនេះហើយ វារឹតរួមខ្លួនខ្ញុំស្ទើរតែស្ទះស្លាប់ម្តងៗ។ មើលទៅកូនប្រុសតែម្នាក់ឱ្យទៅរៀននៅបរទេសរាប់ឆ្នាំក៏មិនកើតការ ត្រលប់មកវិញទាំងរៀនមិនចប់ គិតតែពីដើរលេងផឹកស៊ី ចាយវាយខ្ជះខ្ជាយមិនខ្វល់រឿងការងាររកស៊ី ឬធ្វើការអ្វីទេ។ មើលទៅកូនស្រីក៏ដើរលេងពួកមិត្តពួកម៉ាក ក្មេងស្ទាវ សាលាដូរអស់ ៤,៥ សាលានៅតែមិនកើតការ។ ណាមើលទៅប្តីវិញ ដើរលេងយប់អធ្រាត មានស្រីញីអូនបងមិនខ្មាសញាតិប្រុសស្រី។ ពេលដែលខ្ញុំនិយាយ ស្តី ប្រដៅ គ្មានអ្នកណាយកត្រចៀកស្តាប់ទេ តែពេលមានបញ្ហាអ្វីម្តងៗ បន្ទុក និងកំហុសទាំងអស់ ធ្លាក់មកលើខ្ញុំតែម្នាក់គត់។ សួរថាខ្ញុំចង់ទេ? គ្មានអ្នកណាចង់រស់នៅមានទ្រព្យសម្បត្តិ ហូរហៀរ តែរកតែសេចក្តីសុខក្នុងគ្រួសារគ្មានទេ។ ពេលខ្លះ ខ្ញុំច្រណែនអ្នកដែលមាន ជីវភាពសាមញ្ញ និងក្រក្រីខ្លាំងណាស់។ ទោះជាគ្មានអ្វីតែពួកគេ រស់នៅជាមួយគ្នា យ៉ាងមានសេចក្តីសុខ និងសុភមង្គល។ ចាំថាកាលពីមុនពេលដែលពួកយើងមានជីវភាពសាមញ្ញាធម្មតា ទោះជាការរស់នៅមិនល្អគ្រប់ដប់យ៉ាងណាក៏ដោយ តែខ្ញុំមានសេចក្តីសុខខ្លាំងណាស់ កូនៗនៅតូចៗគួរឱ្យស្រលាញ់ ប្តីធ្វើការហើយមកផ្ទះញ៉ាំបាយជុំគ្នាដោយ រីករាយ។ ប៉ុន្តែ មើលពេលនេះចុះ ឪនៅដោយឪ កូនៗនៅដោយកូន។ មនុស្សរស់នៅផ្ទះជាមួយគ្នា ប៉ុន្តែរកតែបាយជុំគ្នាមួយពេលម្តងៗមិនបានផង។

ខ្ញុំពិតជាចង់រត់គេចទៅកន្លែងណាឱ្យឆ្ងាយបាត់ពីលោកនេះណាស់ ប៉ុន្តែភារកិច្ចជាប្រពន្ធ ជាម្តាយ និងឋានៈសង្គមបានចងខ្ញុំជាប់ជាមួយចំណងដែលរកមុខស្រាយមិនបាន។ សង្គមអយុត្តិធម៌ចំពោះខ្ញុំ? មិនមែនទេការពិតគឺជា លុយកាក់ មាសពេជ្រ ទ្រព្យសម្បត្តិ និងយសសក្តិទេ ដែលបានផ្លាស់ប្តូរមនុស្សជាទីស្រលាញ់របស់ខ្ញុំអស់។ ប៉ុន្តែមិនមែនមានតែគ្រួសាររបស់ខ្ញុំទេដែលជួបប្រទះរឿងបែបនេះ គ្រួសារអ្នកមានមុខមានមាត់មានកិត្តិយសក្នុងសង្គមក៏ជួបរឿងទាំងអស់នេះមិនខុសគ្នាប៉ុន្មានដែរ។ ដូចពាក្យគេនាំគ្នានិយាយថា « មានលុយមានទ្រព្យតែគ្មានសុភមង្គលក្នុងគ្រួសារ ​»។ គ្រាន់តែខ្ញុំខុសពីគេត្រង់ថាខ្ញុំមិនបណ្តោយខ្លួនឱ្យភ្លើតភ្លើនឬដើរផ្លូវខុសដូចគេ។ ជំនួសឱ្យភាពឈឺចាប់ និងពិបាកចិត្ត ខ្ញុំយកពេលទៅធ្វើការងារសង្គម ដូចជាជួយសាងសង់សាលារៀន វត្តអារាម ផ្លូវថ្នល់ ជួយជនដែលគ្មានទីពឹង និងចាស់ជរាជាដើម។ គ្រាន់តែសង្ឃឹមថាការធ្វើបុណ្យ ធ្វើទានរបស់ខ្ញុំទាំងប៉ុន្មាន អាចជួយបណ្តាលឱ្យចិត្តប្តី និងកូនៗរបស់ខ្ញុំដើរមកផ្លូវត្រូវវិញ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]