ចិន៖  ហេតុការណ៍ដ៏ហួសចិត្តមួយ បានកើតឡើងនៅព្រលានយន្តហោះអន្តរជាតិ Pudong ដោយសារស្ត្រីចំណាស់ម្នាក់ បានបោះកាក់ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ក្នុងគោលបំណងដើម្បីបន់ស្រន់សុំសេចក្តីសុខ និងឲ្យការហោះហើរមានសុវត្ថិភាព។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នៅពេលរៀបនឹងចេញដំណើរពីទីក្រុងសៀងហៃ ទៅកាន់ទីក្រុងក្វាងចូវ  ស្រាប់តែមានស្ត្រីចំណាស់វ័យ៨០ឆ្នាំម្នាក់ ត្រកូល Qiu បានបោះកាក់ជាច្រើនចូលទៅក្នុងម៉ាស៊ីនរបស់យន្តហោះ។  ភ្លាមៗនោះហេតុការណ៍នេះក៏ត្រូវបានគេរាយការណ៍ទៅកាន់ប៉ូលិសតែម្តង។

អ្នករួមដំណើរម្នាក់បានឲ្យដឹងនៅលើបណ្តាញសង្គម Weibo ថា ស្ត្រីម្នាក់នោះ បានបោះកាក់ជាច្រើនចូលទៅក្នុងម៉ាស៊ីនយន្តហោះ ក្នុងគោលបំណងប៉ងសុំឲ្យការហោះហើរមានសុវត្ថិភាព  ហើយឥឡូវនេះ គាត់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។   ស្ត្រីម្នាក់ទៀត បានឲ្យដឹងថា អ្នកស្រី Qiu គឺជាអ្នកកាន់ព្រះពុទ្ធសាសនា។

កាក់ចំនួន៨ បានធ្លាក់ក្បែរម៉ាស៊ីនយន្តហោះ ហើយមានកាក់មួយទៀត បានធ្លាក់ចូលទៅក្នុងម៉ាស៊ីន

បន្ទាប់ពីហេតុការណ៍មួយនេះត្រូវបានគេរាយការណ៍រួចមក បុគ្គលិករបស់ព្រលានយន្តហោះ បានចំណាយពេលជាង៤ម៉ោង ដើម្បីស្ទូចយកកាក់ទាំងនោះចេញ។ ចុងក្រោយ ប៉ូលិសបានរកឃើញថា មានកាក់ចំនួន៨ បានធ្លាក់ក្បែរម៉ាស៊ីនយន្តហោះ ហើយមានកាក់មួយទៀត បានធ្លាក់ចូលទៅក្នុងម៉ាស៊ីនតែម្តង។  សរុបទៅ កាក់ទាំង៩នោះ មានតម្លៃត្រឹមតែ ១.៧យ័ន (ប្រហែល០.២៥ដុល្លារ)  ប៉ុណ្ណោះ។

អ្នកបើកយន្តហោះម្នាក់បាននិយាយថា តម្លៃកាក់នោះពិតជាតិចតួចណាស់ ហើយវាប្រហែលជាមិនអាចទិញសេចក្តីសុខជូនអ្នកបានទេ  ផ្ទុយទៅវិញកាក់ទាំងនោះអាចនឹងបង្កជាហានិភ័យធ្ងន់ធ្ងរ  បើសិនជាពួកយើងមិនបានរកពួកវាឃើញទាន់ពេលវេលា។

គួរបញ្ជាក់ថា កាលវិភាគហោះហើរ ត្រូវកំណត់ចាកចេញពីព្រលានយន្តហោះ Pudong នៅម៉ោង ១២:៤០នាទី ថ្ងៃត្រង់  តែបែរជាត្រូវបានពន្យាពេលដល់ទៅ ៥ម៉ោង៕

តើមិត្តអ្នកអាន គិតយ៉ាងណាដែរចំពោះទង្វើនេះ?

បុគ្គលិករបស់ព្រលានយន្តហោះ បានចំណាយពេលជាង៤ម៉ោង ដើម្បីស្ទូចយកកាក់ទាំងនោះចេញ
កាក់ទាំងនោះអាចនឹងបង្កជាហានិភ័យធ្ងន់ធ្ងរ បើសិនជាពួកយើងមិនបានរកពួកវាឃើញទាន់ពេលវេលា

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]