« វ៉ៃវាទៅ សម្លាប់វាទៅ អាចោរចង្រៃ អាតិរច្ឆាន អា.....»

សម្លេងមនុស្សអ៊ូអរពេញផ្លូវ សម្លេងជេរបញ្ចោរ និងសម្លេងវ៉ៃដំច្រំធាក់ពីសំណាក់មនុស្សមួយហ្វូង លើយុវជនម្នាក់ដែលដេកបាត់មាត់បាត់កលើដីបានលាន់ឮសង្កៀរត្រចៀកខ្ញុំ។

« ចោរ » ជាពាក្យមួយម៉ាត់ដែលបង្កប់នូវភាពស្អប់ខ្ពើម ដែលមិនអាចកាត់ថ្លៃបានទេ សូម្បីតែឮក៏គេមិនទាំងចង់ឮទៀតផង។ អ្នកនៅជិតនេះនាំគ្នានិយាយឮៗថា គេចាប់បានចោរដែលឆក់អ៊ំស្រីម្នាក់មុននេះបន្តិច។ វាប្រុងនឹងគេចខ្លួន តែបានប្រជាជនជិតនោះដេញតាមធាក់ផ្តួលម៉ូតូបានសម្រេច រហូតដល់ត្រូវប្រជាពលរដ្ឋដែលមានកំហឹងនៅក្បែរនេះស្វាគមន៍ វ៉ៃដំច្រំធាក់ម្នាក់មួយដៃមួយជើង សល់តែដង្ហើមចង្រិត។

« វាងាប់ហើយ ៗៗ»

« ឱ្យសមមុខវាចុះ អាចោរហារយ »

ខ្ញុំគេចមុខចេញមិនចង់ឃើញ មិនចង់រវល់នឹងទិដ្ឋភាពដ៏គួរឱ្យរន្ធត់ និងឃោរឃៅមួយនេះទេ។ ថាខ្ញុំជាមនុស្សអត្មានិយមក៏បាន ប៉ុន្តែខ្ញុំមានពេលឯណាទៅខ្វល់អ្នកផ្សេង បើបញ្ហាខ្លួនឯងដោះស្រាយមិនចេញផង? ខ្ញុំចេញពីហ្វូងមនុស្សទាំងអស់នោះ ដើរសំដៅទៅផ្ទះរបស់ខ្ញុំដែលនៅជាយក្រុង ហើយគិតដល់រឿងរ៉ាវដែលបានកើតឡើងមុននេះ។ ឱ! គិតទៅជីវិតមនុស្ស ហេតុអ្វីក៏កើតលើផែនដីតែមួយ តែមានវាសនាខុសគ្នា? អ្នកខ្លះសំណាងកើតក្នុងក្រុមគ្រួសារពោរពេញដោយទ្រព្យសម្បត្តិ អ្នកខ្លះក៏កើតមកក្នុង គ្រួសារដែលខ្វះខាត ឯអ្នកខ្លះទៀតក៏រស់នៅដោយមានទុក្ខមកញ៉ាំញី។

ទឹកភ្នែកខ្ញុំស្រក់ ពេលទៅដល់ផ្ទះបានឃើញរូបរាងម្តាយចាស់របស់ខ្ញុំដែល កំពុងសម្រាន្តលើគ្រែក្រោកមិនរួច។ ពុទ្ធោ! បើអត់ ពីខ្ញុំតើមានអ្នកណាមើលថែម៉ែ? បើគ្មានខ្ញុំតើបានអ្នកណាយកបាយយកទឹកជូនម៉ែពិសា? បានអ្នកណាជួយលើកម៉ែបត់ដៃបត់ជើង? ទឹកភ្នែកកូនប្រុសស្រក់ តក់ៗមើលកាបូបលុយស្រី និងខ្សែកមាសដែលខ្ចប់ទុកក្នុងថង់ខ្មៅមួយយ៉ាងស្អាតនៅក្នុងដៃខ្ញុំ។

ពេលនឹកឃើញដល់វាសនារបស់ខ្លួនឯង ធ្វើឱ្យខ្ញុំឈឺចាប់រហូតហាស្តីមិនចេញ។ ទេវតាពិតជាលេងសើចនឹងគ្រួសារខ្ញុំខ្លាំងណាស់ កាលពីមុន ពុកស្លាប់ ម៉ែធ្លាក់ខ្លួនពិការឈឺក្រោកពីកន្ទេលមិនរួច ព្រោះតែត្រូវចោរប្លន់បាញ់សម្លាប់ និងធ្វើឱ្យរបួស។ តែពេលនេះ កូនប្រុសម៉ែម្នាក់នេះបានក្លាយទៅជាចោរឆក់ម្នាក់ដែរហើយ ។ បើសិនត្រឹមតែជីវិតកូនម្នាក់ កូនមិនថាទេ តែនេះជីវិតម៉ែទាំងមូល។ កូនអាចស៊ីអត់ស៊ីឃ្លាន ដើរពាលាអាវ៉ាសែ ហើយអាចស្លាប់ពេលណាក៏បាន តែជីវិតអ្នកមានគុណពិតជាមានតម្លៃខ្លាំងណាស់។ សំណាងមែនទែនដែលខ្ញុំអាចរួចខ្លួនបាន ប៉ុន្តែបើសិនជាខ្ញុំត្រូវគេចាប់បាន ហើយត្រូវគេវ៉ៃសម្លាប់ដូចមិត្តខ្ញុំមុននេះដែលទីបំផុតត្រូវបញ្ចប់ជីវិតក្នុងដៃតុលាការប្រជាជន តើម៉ែខ្ញុំនឹងទៅជាយ៉ាងណា? ខ្លួនខ្ញុំញ័រទទ្រើកពេញដោយ ភាពភ័យខ្លាចនិងមានវិប្បដិសារីយ៉ាងខ្លាំងនៅក្នុងជីវិត។ ខ្ញុំធ្លាប់ស្អប់ចោរ ហើយនៅពេលនេះខ្ញុំនៅតែស្អប់ចោរ ហើយខ្ពើមរអើមជាទីបំផុត។ ខ្ញុំដឹងថាវាជា អំពើអាក្រក់ដែលសង្គមមិនទទួលស្គាល់ ប៉ុន្តែស្ថានភាពខ្ញុំ និងម៉ែខ្ញុំនៅពេលនេះ បានបង្ខំឱ្យខ្ញុំប្រព្រឹត្តខុសច្បាប់។ ខ្ញុំស្អប់ខ្លួនឯង ខ្ញុំមិនចង់ទេ ប៉ុន្តែអ្នកណាអាចយល់ពីទុក្ខលំបាកអ្នកក្រដូចខ្ញុំបានទៅ?

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]