ភ្នំពេញ៖ នៅក្នុងបន្ទប់ដ៏តូចចង្អៀតមួយ ក្រឡេកទៅមើលតាមផ្ទៃជញ្ជាំង គេឃើញមានពោរពេញទៅដោយរូបភាពគំនូរជាច្រើនសន្លឹក បង្កប់នូវភាពទន់ភ្លន់ជាមួយនឹងក្បូរក្បាច់រចនាបែបបុរាណដ៏ទាក់ទាញ និងផ្ទាំងរូបភាពជាច្រើនផ្សេងទៀត ត្រូវបានឆ្លាក់ឡើងពីស្ពាន់លោហៈមានគ្រប់សណ្ឋាន ត្រូវបានព្យួរតាំងលំអរជាមួយនឹងពន្លឺចង្គ្រៀងរឹមៗចែងចាំងព្រាលៗដ៏ស្រស់ស្អាត អាចសណ្តំឲ្យលង់លក់បានក្នុងពេលរាត្រី។

រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល

វិចិត្រករវ័យ៣៤ឆ្នាំ លោក សុវណ្ណ វិបុល គឺជាកូនប្រុសពៅក្នុងចំណោមបងប្អូន៥នាក់ក្នុងគ្រួសារ បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ បានផ្តល់កិច្ចសម្ភាសន៍មកកាន់ក្រុមការងារ Khmerload ទាក់ទងជាមួយនឹងជីវិតតស៊ូរបស់លោក ទម្រាំលេចចេញជារូបរាង និងភាពជោគជ័យ តែត្រូវបានមហាជនហាក់មើលរំលង។

ឆាកជីវិតរបស់លោកវិចិត្រករកំសត់ សុវណ្ណ វិបុល គឺជាក្មេងប្រុសស្រគត់ស្រគំម្នាក់ ដែលមាននិស្ស័យលើព្រះពុទ្ធសាសនា និងធ្លាប់ឆ្លងកាត់ការបួសជាសាមណេរសិក្សាព្រះធម៌នៅអាយុ១២ឆ្នាំ។ លើសពីនេះ លោកក៏មានចំណាប់អារម្មណ៍ខ្ពស់ លើវិស័យគំនូរនិងម្លាក់   ដោយសារការស្រលាញ់គួបផ្សំមានដុងពីធម្មជាតិផងដែរ។  លោកបានសម្រេចចិត្តបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី៩ ព្រោះស្ថានភាពគ្រួសាររបស់លោកមានកម្រិត។

លោក សុវណ្ណ វិបុល បានរៀបរាប់ប្រាប់ថា កាលពីកំឡុងឆ្នាំ២០០៧ លោកបានស្គាល់បងប្រុសម្នាក់មើលឃើញលោកថា ពិតជាមានដុងលើផ្នែកសិល្បៈមួយនេះ ក៏បានជួយជ្រោមជ្រែងឲ្យទៅរៀនជាមួយនឹងគ្រូបង្រៀនម្នាក់ (នៅតាមផ្ទះ) ផ្នែកគូរគំនូរ ដោយលោក វិបុល រៀនសូត្របានពីគំនូរក្បាច់រួមមាន ភ្ញីទេស ភ្ញីភ្លើង ភ្ញីវល្លិ និងក្បាច់អង្គរជាដើម ដោយរាល់ការចំណាយទាំងអស់ គឺបងប្រុសនោះជាអ្នកចំណាយចេញឲ្យ។

រហូតមកដល់ក្នុងកំឡុងឆ្នាំ២០០៨ លោក វិបុល បានចូលរួមទស្សនាពិព័រណ៍មួយ ដែលមានដាក់តាំងបង្ហាញស្នាដៃសិល្បៈជាច្រើនប្រភេទ  មានទាំងគំនូរ និងចម្លាក់ប្លែកៗស្អាតៗគួរជាទីទាក់ទាញ ទើបជំរុញចិត្តលោកនឹកគិតថា ចង់បង្កើតនូវអ្វីដែលថ្មី សម្រាប់ស្នាដៃខ្លួនឯង ដើម្បីជាភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅ ទើបនៅក្នុងកំឡុងឆ្នាំ២០០៩ លោកក៏បានបែកគំនិត ចាប់ផ្ដើមជាមួយនឹងសិល្បៈឆ្លាក់ស្ពាន់លោហៈនេះឡើង។  ដោយសារវិចិត្រកររូបនេះ បានសម្លឹងឃើញថា សិល្បៈក៏ដូចជាអាជីពមួយនេះក្នុងស្រុកខ្មែរ ហាក់បីដូចជាមិនទាន់កើតមាននៅឡើយ។  ដូច្នេះវាអាចជាសិល្បៈច្នៃប្រឌិតថ្មីមួយ និងឱកាសសម្រាប់ខ្លួនលោកផ្ទាល់ ដើម្បីបង្កើតស្នាដៃ។

លោក សុវណ្ណ វិបុល​
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល

លោក សុវណ្ណ វិបុល បន្តថា ដំបូងឡើយវាពិតជាពិបាកខ្លាំងណាស់សម្រាក់លោក ព្រោះលោកមិនដឹងថាត្រូវចាប់ផ្តើមពីចំណុចណាមួយមុន ទាំងការដើររកទិញសម្ភារៈដូចជា ស្ពាន់ និងរណាសម្រាប់អារកាត់ជាដើម។ ម្យ៉ាងវិញទៀត រឿងលុយកាក់ក៏ជាបញ្ហាសំខាន់មួយសម្រាប់លោកថែមទៀត។

លោកថា មានប្អូនប្រុសម្នាក់ដែលរៀនក្បាច់ជាមួយលោក បានជួយណែនាំពីកន្លែងរកទិញរបស់របរទាំងអស់នោះ។ ក្រោយមក លោកក៏បានចាប់ផ្តើមសាកល្បង រៀនឆ្លាក់លើស្ពាន់តាមក្បូរក្បាច់ផ្សេងៗ ដែលលោកធ្លាប់បានសិក្សា។ ដំបូងវាពិតជាពិបាកខ្លាំងណាស់ សូម្បីតែដាក់រណាក៏មិនត្រូវ (ពិបាកកាន់ ដាក់បញ្រ្ចាស់) ប៉ុន្តែដោយសារតែការស្រលាញ់ តស៊ូ អំណត់អត់ធ្មត់ និងចង់បង្កើតស្នាដៃថ្មីរបស់ខ្លួន រួមទាំងចង់ជួយលើកតម្កើងនៃសិល្បៈខ្មែរផងនោះ ទីបំផុតឆន្ទៈដ៏មោះមុត គួបផ្សំជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោក ក៏បានសម្រេចស្នាដៃមួយនេះបានដោយជោគជ័យ។

ចំពោះការហាត់រៀនដំបូង វិចិត្ររូបនេះលើកឡើងថា លោកឆ្លាក់ត្រឹមក្បាច់ណាដែលងាយៗនិងស្រួលៗតែប៉ុណ្ណោះ រហូតការងារមួយនេះកាន់តែបង្រៀនលោក ឲ្យស្ទាត់ជំនាញស្និតដៃ រហូតបែកគំនិតចេះច្រើនជាងមុន ទើបលោកហាត់រៀនឆ្លាក់ក្បាច់ពិបាកៗ តាមក្រោយជាបន្តបន្ទាប់ តាមរយៈការស្រាវជ្រាវមើលលើអ៊ីនធើណែត ចុះទៅស្រាវជ្រាវផ្ទាល់នៅសារៈមន្ទីរ និងកម្រងសៀវភៅនានាជាដើម ដើម្បីយកមកបំបែកក្បាច់រៀនឆ្លាក់តាម ពីព្រោះមានក្បាច់ខ្មែរយើងមួយចំនួន វាពិតជាពិបាកនិងមានភាពស្មុគស្មាញ មិនអាចយកមកកាត់ឆ្លាក់លើសន្លឹកស្ពាន់បានឡើយ ដោយតម្រូវឲ្យកាត់ចោលខ្លះ ដើម្បីបញ្ចូលបន្ថែមនូវក្បាច់ថ្មី ប៉ុន្តែនៅតែរក្សាការពារនិងទ្រទ្រង់អ្វីដែលជារបស់ខ្មែរ មិនឲ្យលើសលុបនោះឡើយ។

ភាគច្រើនស្នាដៃរបស់លោក សុវណ្ណ វិបុល គឺឆ្លាក់ស្ពាន់បែប ភ្ញីទេស និងភ្ញីភ្លើង។ ក្នុងនោះរួមមាន រូបភាពហនុមាន គ្រុឌ រូបព្រះពុទ្ធ អប្សរា ប្រាសាទ និងផ្កានានាជាដើម។

រូបព្រះពុទ្ធ
រូបគ្រុឌ
រូបអប្សរា

វិចិត្រកររូបនេះនិយាយថា ស្នាដៃឆ្លាក់ស្ពាន់ជាច្រើនរបស់លោក ក៏ធ្លាប់ត្រូវបានយកទៅដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ក្នុងស្រុកនានា និងមានឈ្មួញក្នុងស្រុកមួយចំនួនតូចបានទទួលទិញខ្លះៗផងដែរ។ ប៉ុន្តែហាក់បីដូចជាមិនសូវទូលំទូលាយ និងមានការចាប់អារម្មណ៍ច្រើនទាល់តែសោះ ជាហេតុធ្វើឲ្យរូបលោកមានអារម្មណ៍ថា អាក់អន់និងបាក់ទឹកចិត្តយ៉ាងខ្លាំង នូវអ្វីដែលរូបលោកបានខិតខំធ្វើវាឡើង តែបែរជាទទួលបានលទ្ធផលមិនសមបំណងទៅវិញ។

លោក សុវណ្ណ វិបុល បានរៀបរាប់ប្រាប់ មកកាន់ក្រុមការងារ Khmerload ឲ្យដឹងទៀតថា បច្ចុប្បន្ន សិល្បៈមួយនេះប្រៀបបីដូចជាផ្លេកបន្ទោរ ដោយរូបលោកបានងាកទៅធ្វើការងារផ្សេងគួបផ្សំ ដើម្បីយកប្រាក់មកចិញ្ចឹមជីវិត ប៉ុន្តែមិនមែនមានន័យថា លោកបោះបង់អាជីពមួយនេះចោលនោះទេ ព្រោះវាគឺជាសិល្បៈមួយ ដែលរូបលោកស្រលាញ់ចូលចិត្តធ្វើវាជាទីបំផុត។

ជាក់ស្តែង លោកទទួលធ្វើក្នុងករណីមានអ្នកកុម្ម៉ង់ទិញ ជួលលោកឲ្យធ្វើតែប៉ុណ្ណោះ។ ព្រោះលោកគ្មានលទ្ធភាពច្រើន ក្នុងការចំណាយលើថ្លៃវត្ថុធាតុ (ស្ពាន់.....) សម្រាប់ការធ្វើយកមកស្តុកទុកនោះទេ ដោយសារតម្លៃក៏ខ្ពស់គួរសម។ រឿងដែលគួរអស់សង្ឃឹមទៅទៀតនោះ ឈ្មួញនិងអ្នកទិញមួយចំនួន ត្អូញត្អែរថាថ្លៃ និងតែងតែឲ្យតម្លៃថោកមកលើស្នាដៃឆ្លាក់ស្ពាន់របស់លោក ដែលធាតុពិតវាស្ទើរតែមិនស្មើទៅនឹងកម្លាំងពលកម្មដែលលោកបានបញ្ចេញ ហើយថែមទាំងមិនបានចំណេញអ្វី ឲ្យច្រើនលើសលុបនោះទាល់តែសោះ។

លោកនិយាយថា ការអារឆ្លាក់នេះត្រូវចំណាយពេលច្រើនគួរសម ទៅលើការគូររូបជាមុន សឹមយកទៅឆ្លាក់លើស្ពាន់ ដោយចំណាយពេលយ៉ាងហោចណាស់ ៣ទៅ៤ថ្ងៃ ទៅតាមទំហំ ក្បាច់  និងប្រភេទនីមួយៗ។ ជាពិសេស វិចិត្រករគឺត្រូវផ្តោតការយកចិត្តទុកដាក់ ផ្ចង់ស្មារតីដោយប្រុងប្រយ័ត្នបំផុត ព្រោះប្រសិនបើកាន់រណាអារខុសតែបន្តិច រូបចម្លាក់ស្ពាននោះ នឹងត្រូវដាច់ខូចតែម្តង។

ចំពោះអត្តន័យទាក់ទងទៅនឹង សិល្បៈដូចជាគំនូរនិងចម្លាក់នេះដែរ គឺជាបំណងប្រាថ្នាតែមួយគត់ ដែលវិចិត្រកររូបនេះចង់បង្ហើបប្រាប់ ដើម្បីឲ្យកូនខ្មែរបានដឹងផងដែរ ៖

១. ទន់បង្រ្កាបទន់៖ គឺសំដៅទៅលើជាងគំនូរ ប្រើប្រាស់នូវជក់ទន់ ក្រណាត់ទន់ អារម្មណ៍ទន់រីករាយ សប្បាយចិត្ត ទើបគូរបានល្អ។

២. រឹងបង្ក្រាបរឹង៖ គឺសំដៅទៅលើជាងចម្លាក់ឬជាងដាប់ ដូចជាជាងចម្លាក់ថ្ម ឬឈើ ដែលប្រើប្រាស់ឧបករណ៍រឹង រួមមានញញួរជាដើមដើម្បីទៅឆ្លាក់ វាយដាប់ រីឯចិត្តក៏ត្រូវតែរឹងមាំ និងអំណត់អត់ធ្មត់ដូចគ្នា ទើបទទួលបានលទ្ធផលល្អ។

៣. ទន់បង្ក្រាបរឹង៖ លោក សុវណ្ណ វិបុល គឺចង់សំដៅទៅលើសិល្បៈឆ្លាក់ស្ពាន់លោហៈ ជាក់ស្តែងដូចជារូបលោកជាដើម ដោយទាមទារប្រើចិត្តទន់ (មិនទន់ជ្រាយ) អារម្មណ៍ស្រាល និងថ្មមដៃបំផុត ទើបអារផ្តាច់ធាតុរឹងជាស្ពាន់លោហៈនោះ លេចចេញជារូបរាងបានល្អ។

រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល

ជាចុងក្រោយ វិចិត្រករដ៏កំសត់រូបនេះ ក៏សូមសំណូមពរដល់កូនខ្មែរទាំងអស់ មេត្តានាំគ្នាជួយគាំទ្ររាល់ស្នាដៃខ្មែរយើងគ្រប់ប្រភេទ តាមរយៈការជួយផ្សព្វផ្សាយ ឬចែករំលែកបន្ត ដើម្បីឲ្យពិភពលោកបានឃើញ ផ្តល់តម្លៃនិងកោតសរសើរ ជាកត្តាក្នុងការជួយជំរុញ លើកទឹកចិត្ត ដល់វិចិត្រករបានមួយផ្នែក ដើម្បីបង្កើនការផលិតផងដែរ។

លោក សុវណ្ណ វិបុល ក៏សង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃអនាគតស្នាដៃដ៏កម្ររបស់លោក នឹងត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ មានវត្តមានច្រើនក្នុងទីផ្សារក្នុងស្រុក និងលើឆាកអន្តរជាតិ ដោយមានជួយគាំទ្រពីសំណាក់មហាជនគ្រប់មូលដ្ឋានផងដែរ ៕

ទស្សនាកម្រងរូបភាព និងវីដេអូឃ្លីបស្នាដៃរបស់លោក សុវណ្ណ វិបុល ខាងក្រោមនេះទាំងអស់គ្នា៖     

លោក សុវណ្ណ​ វិបុល
លោក សុវណ្ណ វិបុល​
លោក សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
រូបភាព៖ ផ្ទាំងស្ពាន់ចម្លាក់របស់លោកវិចិត្រករ សុវណ្ណ វិបុល
លោក សុវណ្ណ វិបុល​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]