ហេតុអ្វីមនុស្សពីរនាក់ស្រលាញ់គ្នា ត្រូវតែនិយាយប្រាប់គ្នានូវពាក្យថាស្រលាញ់រាល់ថ្ងៃ? ហេតុអ្វីស្រលាញ់គ្នាតែពីរនាក់ ត្រូវបញ្ចេញឱ្យអ្នកដទៃដឹងដែរ? ហេតុអ្វីស្រលាញ់គ្នាត្រូវតែប្រើប្រាស់សំភារៈនិយម និងអំណោយផ្សេងៗមកជំនួសនូវអារម្មណ៍ និងទង្វើពិតប្រាកដ? ខ្ញុំក៏ធ្លាប់ឆ្ងល់ និងមិនយល់ដូចមនុស្សឯទៀតដែរ។ ហើយនេះជារឿងដែលខ្ញុំចង់ចែករំលែកដល់អ្នករាល់គ្នា។

កាលពីតូចដោយសារតែការងាររបស់ម៉ាក់ប៉ា ពួកយើងក៏បានប្តូរមករស់នៅទីកន្លែងថ្មី។ ខ្ញុំត្រូវបែកពីមិត្តរួមថ្នាក់ និងមិត្តជិតខាងរបស់ខ្ញុំ។ នៅទីនេះខ្ញុំមិនស្គាល់អ្នកណាម្នាក់សោះ បានធ្វើឱ្យខ្ញុំមិនសប្បាយចិត្ត និងក្រៀមក្រំយ៉ាងខ្លាំង ។ នៅក្នុងសួនសាធារណៈដ៏ធំល្វឹងល្វើយខ្ញុំអង្គុយយំម្នាក់ឯងព្រោះតែភាពអផ្សុក និងគ្មានមិត្តដូចគេឯង។ ស្រាប់តែមានក្មេងប្រុសម្នាក់ បានឈរនៅនឹងមុខខ្ញុំ រួចហុចស្ករគ្រាប់ឱ្យខ្ញុំ លួងខ្ញុំ និងលេងជាមួយខ្ញុំ។ ក្រោយមកពួកយើងក៏បានក្លាយជាមិត្តនឹងគ្នាស្និទ្ធស្នាលទាំងក្នុងសាលា និងនៅផ្ទះព្រោះពួកយើងមានផ្ទះក្បែរគ្នា។ ហើយរាល់ថ្ងៃ និងរាល់ពេលដែលខ្ញុំមិនសប្បាយចិត្ត គេតែងឱ្យស្ករគ្រាប់មកខ្ញុំជានិច្ច។ ទម្លាប់នេះបានបន្តរហូតដល់ពួកយើងធំៗអស់ និងមានការងារធ្វើរៀងៗខ្លួន។

ព្រោះតែភាពស្និទ្ធស្នាល ធ្វើឱ្យខ្ញុំលែងចង់មានទំនាក់ទំនងបែបនេះ។ ក្រោយមកមិត្តភាពរបស់ពួកយើងក៏វិវឌ្ឍន៍ទៅមួយកម្រិត តែគេនៅតែជូនស្ករគ្រាប់មកខ្ញុំដូចដើម។ តែ... ខ្ញុំជាមនុស្សស្រីណា ខ្ញុំក៏ចង់បានផ្កា សូកូឡា និងអំណោយផ្សេងៗដែលគូស្នេហ៍ដទៃតែងតែជូនឱ្យគ្នាដែរ។

« បងនឹងឱ្យស្ករគ្រាប់អូនរាល់ថ្ងៃ រហូតដល់ថ្ងៃស្លាប់»

ពេលដែលខ្ញុំឮគាត់និយាយបែបនេះខ្ញុំបែរជាមិនខឹងនឹងគាត់ ហើយញញឹមយ៉ាងមានសេចក្តីសុខ។ ទីបំផុតពួកយើងក៏បានរៀបការជាមួយគ្នា។ ថ្ងៃដំបូងនៅក្នុងផ្ទះថ្មីរបស់យើង ខ្ញុំរៀបចំស្ករគ្រាប់រាប់ម៉ឺនគ្រាប់ដែលគាត់ធ្លាប់ជូនខ្ញុំរយៈពេលកន្លងមក ដាក់ក្នុងហិបដ៏ធំមួយ។ ស្ករគ្រាប់ទាំងអស់សុទ្ធតែខ្ចប់ដោយក្រដាសអក្សរ « I Love You » ។ ខ្ញុំបែរមើលមនុស្សជាទីស្រលាញ់ដែលកំពុងតែគេងលង់លក់លើគ្រែ។ នេះហើយដែលគេហៅថាស្នេហ៍ពិត។ អ្នកណាថាស្នេហាគ្រាដំបូងមិនអាចក្លាយជាស្នេហាពិត និងមានអនាគតមួយរួមគ្នាបាន? នោះគឺជាស្នេហារបស់ពួកយើងនេះហើយ ដែលបានបញ្ជាក់ថា ពួកយើងនៅតែថែរក្សាស្នេហានេះតាំងពីវ័យកុមារ រហូតដល់មានថ្ងៃរៀបការជាមួយគ្នា។

ខ្ញុំធ្លាប់ខឹង ធ្លាប់អន់ចិត្តដែលស្នេហារបស់ខ្ញុំមិនផ្អែមល្ហែមដូចអ្នកដទៃ។ តែពេលដែលខ្ញុំដឹងការពិតនូវក្តីស្រលាញ់ដែលនៅក្នុងស្ករគ្រាប់ទាំងនោះ ទើបខ្ញុំយល់ថាស្នេហាមិនចាំបាច់តែបញ្ចេញតាមពាក្យសម្តីនោះទេ។ ស្នេហា...ពេលខ្លះក៏មិនចាំបាច់អីត្រូវតែប្រើពាក្យថាស្រលាញ់បញ្ជាក់ដែរ។ ហើយក៏មិនចាំបាច់ត្រូវប្រើប្រាស់របស់ ឬអំណោយផ្សេងៗមកជំនួសអារម្មណ៍ពិតរបស់មនុស្សម្នាក់ដែរ។ ព្រោះតែមនុស្សពីរនាក់ស្រលាញ់គ្នា ឬមិនស្រលាញ់គ្នា ទង្វើក៏បានបញ្ជាក់ពីអារម្មណ៍ និងមនោសញ្ចេតនា គ្រប់យ៉ាងរួចអស់ទៅហើយ។ អ្នកដែលនិយាយពាក្យ ថាស្រលាញ់ ផ្អែមល្ហែម និងអួតអាងពីស្នេហារបស់គេទៅកាន់អ្នកដទៃក៏មិនប្រាកដថា នៅក្នុងជីវិតពិតរបស់ពួកគេមានសេចក្តីសុខពិតប្រាកដ ឬអាចមានអនាគតល្អរួមគ្នាដូចជាខ្ញុំដែរ។ ត្រូវទេ? ហើយនេះជារឿងពិតរបស់ខ្ញុំ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]